ភ្នំពេញៈ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី ៣ ខែ​កញ្ញា នេះ​ថា បណ្តា​រាជធានី-ខេត្ត នៅ​តំបន់​វាល​ទំនាប និង​តំបន់​មាត់​សមុទ្រ នឹង​ប្រឈម​បាតុភូត​ផ្គរ រន្ទះ មាន​ពពក​ច្រើន មាន​ភ្លៀង​ដែល​អាច​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់ ខណៈ​នៅ​តាម​បណ្តា​កោះ​អាច​ប្រឈម​ទៅ​នឹង​បាតុភូត​រលក​ព្យុះ​សមុទ្រ​ចន្លោះ​ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ១១ ខែ​កញ្ញា។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិនិត្យ និង​តាមដាន​ជា​ប្រចាំ លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួង​កត់​សម្គាល់​ឃើញ​ថា ចាប់​ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ១១ ខែ​កញ្ញា​នេះ អាកាសធាតុ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​លក្ខណៈ​ប្រែប្រួល ដែល​ទាមទារ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន។

ក្រសួង​នេះ​បញ្ជាក់​ថា កម្ពុជា​នឹង​មាន​ឥទ្ធិពល​កើត​ឡើង​បួន​ស្រប​គ្នា​នោះ​គឺ ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​កាត់​លើ​កម្ពុជា សម្ពាធ​ទាប ១០០៦ ហិតូប៉ាស្កាល់​ នៅ​ចំ​ពី​លើ និង​ខ្យល់​សមុទ្រ Breeze និង​ចូល​មក​លើ​ផ្ទៃដី​បង្កើត​ជា​ពពក​ក្រាស់ៗ។

លក្ខណៈ​បែប​នេះ ធ្វើ​ឱ្យ​អាកាស​ធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​នៅ​តំបន់​វាល​ទំនាប នឹង​មាន​ផ្ទៃ​មេឃ​អួរ​អាប់ មាន​ពពក​ច្រើន​មាន​ភ្លៀង ផ្គរ រន្ទះ ផ្លេក​បន្ទោរ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង និង​អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង Flash Floods នៅ​ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានីភ្នំពេញ។

ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់​តាម​តំបន់​ខ្ពង់​រាប​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំ​ក្រវាញ នឹង​មាន​ផ្ទៃ​មេឃ​អួរអាប់​មាន​ពពក​ច្រើន មាន​អ័ព្ទ​ផ្សែង មាន​ភ្លៀង ផ្គរ រន្ទះ ផ្លេក​បន្ទោរ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​រាយ​ប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង។

ដោយ​ឡែក​នៅ​តំបន់​មាត់​សមុទ្រ និង​ផ្ទៃសមុទ្រ នឹង​មាន​មេឃ​អាប់អួរ មាន​ពពក​ច្រើន អ័ព្ទ​ផ្សែង មាន​ភ្លៀង​ផ្គរ រន្ទះ ផ្លេកបន្ទោរ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង និង​មាន​ខ្យល់​កន្ត្រាក់ មាន​ល្បឿន​មធ្យម​ជាមួយ​រលក​សមុទ្រ​មាន​កម្ពស់មធ្យម។ អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង នៅ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ។

ដោយ​ឡែក នៅ​តាម​បណ្តា​កោះ​អាច​ប្រឈម​ទៅ​នឹង​បាតុភូត​រលក​ព្យុះ​សមុទ្រ Storm Surge ខណៈ​ស្ថានភាព​នៃ​ទឹក​ទន្លេ​មេគង្គ បន្ត​ឡើង​ជា​បន្តបន្ទាប់។

ក្នុង​សេចក្តី​ជូន​ដំណឹង​ក្រសួង​ធនធាន​ទឹក​សរសេរ​ថា៖ «អាស្រ័យ​ស្ថានភាព​ដូច​បាន​ជម្រាប​ជូន​ខាង​លើ សាធារណជន និង​ប្រជានេសាទ អ្នក​ដំណើរ​ទាំង​អស់ មាន​ការ​ប្រុងប្រយ័ត្ន​ពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​នឹង​អាច​កើត​មាន​ឡើង​ជាយថាហេតុ»៕

វីដេអូ៖