ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូន​ដំណឹង​ស្តីពី​ការ​ចាក់​វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដូស​ជំរុញ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃទី ២៨ ខែ​កញ្ញា ជូនដល់​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​ បុគ្គលិក និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំងអស់ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ខណ្ឌ និង​សង្កាត់ ព្រម​ទាំង​សហព័ន្ធ (ស្វាមីឬភរិយា) និង​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីសែល ដូសទី១ និង​ដូស​ទី​២ រួច​រាល់ នៅ​ភូមិសាស្ត្រ​រាជាធានី​ភ្នំពេញ។

លិខិតរបស់ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៤ ​ខែ​កញ្ញា​នេះ​បាន​ឱ្យ​ដឹង​ថា អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំងកូវីដ​១៩​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ នឹង​ដំណើរការ​ចាក់​វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដូស​ជំរុញ ចាប់​ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី ២៨ ខែ​កញ្ញា ជូន​ដល់​ថ្នាក់​ដឹក​នាំ មន្រី្ត​រាជាការ និង​បុគ្គលិក និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ នៃ​រដ្ឋបាល​រាជធានី ខណ្ឌ សង្កាត់ ព្រម​ទាំង​ពលរដ្ឋ​ក្នុង​ភូមិសាស្ត្ររាជធានី​ភ្នំពេញ ទៅ​ចាក់​នៅ​តាម​មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព និង​ទី​កន្លែង​ដែល​បាន​កំណត់ ក្នុង​ខណ្ឌ​នីមួយៗ។

ក្នុង​លិខិត​លោក ឃួង ស្រេង សរសេរ​ថា «ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ និង​បុគ្គលិក​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង ១៤ រដ្ឋបាលសង្កាត់​ទាំង ១០៥ មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រម​ទាំង​សហព័ន្ធ (ស្វាមី​ឬ​ភរិយា) និង​ប្រជាពលរដ្ឋ​ដែល​មាន​អាយុចាប់​ពី ៦០​ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីសែល ដូសទី១ និងទី២ រួចរាល់ ត្រូវ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី ២៨ ខែកញ្ញា»។

ចំពោះ​ឯកសារ​តម្រូវ​ចាំបាច់​ដែល​ត្រូវ​ភ្ជាប់​មក​ជាមួយ​រួម​មាន បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ១៩ បណ្ណ​សម្គាល់​ខ្លួន​មន្ត្រី​រាជការ បុគ្គលិក និង អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី១ ព្រម​ទាំង​ត្រូវ​គោរព​នូវ​លក្ខខណ្ឌ នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​ដូស​ជំរុញ​របស់​ពួកគាត់​ដែល​បាន​ចាក់​វ៉ាក់សាំង ដូសទី១ និង​ដូស​ទី២ រួច​រាល់ ដែល​មាន​គម្លាត​រយៈពេល​ចាប់​ពី ៤ ទៅ៦ ខែឡើងបន្ទាប់​ពី​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន។

ក្នុង​សេចក្តី​ជូន​ដំណឹង​លោក ​ឃួង ស្រេង បាន​ក្រើន​រំឭក និង​អំពាវនាវ​ដល់​លោក លោកស្រី ដែល​អញ្ជើញ​ទៅ​ទទួល​យក​វ៉ាក់សាំង បង្ការជំងឺ​កូវីដ១៩ ដូស​ជំរុញ ឬ​ដូស​ទី ៣ ត្រូវ​ប្រកាន់​ខ្ជាប់​ឱ្យ​បាន​ជា​ដាច់ខាត​នូវ​ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស់ តម្រង់​ជួរ ចៀសវាងការ​ឈរ​ប្រជ្រៀត​គ្នា កៀកគ្នា ណែន​ណាន់​តាន់​តាប់ ហើយ​សូម​ចូលរួម អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ត្រូវ​ប្រកាន់​ខ្ជាប់នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​នាយក​រដ្ឋ​មន្ត្រី។

លោក ឃួង ស្រេង ថ្លែង​ក្នុង​លិខិត​ថា ៖«សូម​លោក លោកស្រី ជា​ថ្នាក់​ដឹក​នាំ មន្ត្រី​រាជការ និង​បុគ្គលិក​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាលខណ្ឌ​ទាំង ១៤ និង​រដ្ឋបាល​សង្កាត់​ទាំង ១០៥ មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រម​ទាំង​សហព័ន្ធ (ស្វាមី​ឬ​ភរិយា) និងប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី ៦០ ឆ្នាំ​ឡើង​ទៅ នៅ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​អនុវត្ត​ការងារ​នេះ ឱ្យមាន​ប្រសិទ្ធភាព​និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ» ។

បើតាមលោក ឃួង ស្រេង កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង លេខ ០៦៤ សជណ ចុះថ្ងៃទី ១៧ ខែសីហា ឆ្នាំ​ ២០២១ ក្នុង​ការ​ចាក់​វ៉ាក់សាំង​ អាស្ត្រាហ្សេនីកា ដូស​ជំរុញ ឬ​ដូស​ទី៣ ជូន​ដល់​ថ្នាក់​ដឹក​នាំ មន្ត្រី​រាជការ មន្ត្រី​សុខាភិបាល និង​បុគ្គលិកនៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង ១៤ រដ្ឋបាល​សង្កាត់​ទាំង ១០៥ មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រម​ទាំងមន្ត្រី​សុខាភិបាល ជួរ​មុខ​វិស័យ​ឯកជន នៅ​រាជធានី​ភ្នំពេញ រួច​មក​ហើយ ។

លោក​ថា ស្ថិត​ក្នុង​បរិការណ៍​នៃ​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូវីដ១៩ បណ្តាល​មក​ពី​មេរោគ កូវីដ​បំប្លែង​ខ្លួន​ថ្មី ជាពិសេស​មេរោគ​កូវីដ ប្រភេទ​ដែលតា ដែល​បាន​និង​កំពុង​វាយ​លុក​យ៉ាង​សកម្ម​តាម​បណ្តា ទីក្រុង​នានា នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួម​ទាំងរាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា ថៃ ទើប​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​សម្រេច​ដាក់​ចេញ បន្ថែម​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ​១៩ ដូសទី​៣ ឬ​ដូស​ជំរុញ ជូន​ដល់​មន្ត្រី​បម្រើ​សេវា​សាធារណៈ ជួរ​មុខ​ទាំង​នៅ​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ សំដៅ បង្កើន​ភាព​ស៊ាំ​សហគមន៍ ឱ្យ​កាន់​តែ​រឹងមាំ និង​ជា​ការ​គិតគូរ​បន្ថែម​ដល់​សុខុមាលភាព​របស់​ប្រតិបត្តិករ ជួរមុខ ដើម្បី​កាត់​បន្ថយ​កម្រិត​ហានិភ័យ​និង អត្រា​នៃ​ការ​ឆ្លង​ចូល​សហគមន៍​ឱ្យ​បាន​ជា​អតិបរមា៕