ភ្នំពេញៈ ក្រសួង​សុខាភិបាល ប្រកាស​ហាម​ឃាត់​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក ឈ្មោះ Ly beauty & Health store ឱ្យ​បញ្ឈប់​ការចែក​ចាយ ផលិតផល​ឈ្មោះ Ostelin Kids Calcium & Vitamin D3 និង​ផលិតផល​បំប៉ន​សុខភាព គ្មាន​លេខ​បញ្ជិកា​ផ្សេងៗ​ទៀត​ជាបន្ទាន់។

ការប្រកាសនេះ​ធ្វើ​ឡើង​បន្ទាប់ពី ក្រសួង​សុខាភិបាល បាន​ពិនិត្យ​ឃើញ​បណ្តាញ​សង្គម​ហ្វេសប៊ុក មាន​គណនី​ឈ្មោះ Ly Beauty and Health store កំពុង​ផ្សព្វ​ផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព​ឈ្មោះ Ostelin Kids Calcium & Vitamin D3 និង​ផលិតផល​បំប៉នសុខភាព​ផ្សេងៗ​ទៀត គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ ។

លិខិត​ប្រកាស​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃ​ទី២ ខែកញ្ញា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃនេះ បាន​ឱ្យ​ដឹង​ថា ក្រសួង​សុខាភិបាលតម្រូវ​ឱ្យ​ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ខាង​លើ និង​ជន​ពាក់​ព័ន្ធ​ដទៃ​ទៀត ត្រូវ​បញ្ឈប់​ការ​នាំ​ចូល ចែក​ចាយ ឬ​ផ្សព្វផ្សាយ​លក់ ផលិតផល ឈ្មោះ Ostelin Kids Calcium & Vitamin D3 និងផលិតផល​បំប៉ន​សុខភាព គ្មាន​លេខ​បញ្ជិកា​ផ្សេងៗ​ទៀត ជា​បន្ទាន់។

ក្នុងលិខិតនោះសរសេរថា «ក្រសួង​សុខាភិបាល និង​មាន​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ខាងលើ និង​ជន​ពាក់ព័ន្ធទាំង​ឡាយ​ណា ដែល​នាំ​ចូល​ចែកចាយ ឬ​ផ្សព្វផ្សាយ​លក់ ផលិតផល​ឈ្មោះ Ostelin Kids Calcium & Vitamin D3 និង​ផលិតផល​បំប៉នសុខភាព​គ្មាន​លេខ​បញ្ជិកា​ផ្សេងៗ​ទៀត ទៅ​តាម​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ​ជា​ធរមាន»។

លិខិត​របស់​ក្រសួង​សុខាភិបាល​បន្ត​ទៀត​ថា អនុលោម​តាម​ច្បាប់ ស្តីពី​ការ​គ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការ​គ្រប់គ្រងឱសថ តម្រូវ​ឱ្យ​រាល់​ការ​ចរាចរណ៍​ផលិតផល​ឱសថ ​ឬ​ផលិតផល​ដែល​មាន​គុណភាព​ក្នុង​ការ​បង្ការ ឬ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​មាន​លេខទិដ្ឋាការ ឬ​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល។

ដូចច្នេះ សូម​ប្រជាពលរដ្ឋ​មុន​នឹង​ទិញ ផលិតផល​ឱសថ ឬ​ផលិតផល​បំប៉ន​សុខភាព​គ្រប់​ប្រភេទ សូម​ពិនិត្យ​មើល​លតាបត្របញ្ជិកា​ដែល​មានបិទ​លើ​សម្បក​វេច​ខ្ចប់ ហើយ​លតាបត្រដែល​ត្រឹម​ត្រូវ​គឺ​មាន​ពីរ​ផ្នែក ទី១​គឺ ផ្នែក​ខាង​លើ​មាន​ឈ្មោះ គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ ឱសថ ទី២ គឺ ផ្នែក​ខាង​ក្រោម​មាន​លេខ​ទិដ្ឋាការ ឬបញ្ជិកា។

ក្រសួង​សុខាភិបាល​បញ្ជាក់​ក្នុង​លិខិត​ថា៖ «សូម​ជូន​ដំណឹង​ដល់​បង​ប្អូន ប្រជាពលរដ្ឋ​ទាំង​អស់​ឈប់​ជឿ​ការ​ផ្សព្វផ្សាយ​ផលិតផល ឈ្មោះ Ostelin Kids Calcium & Vitamin D3 និង​ផលិតផល​បំប៉ន​សុខភាព​គ្មាន​លេខ​បញ្ជិកា​ផ្សេងៗ​ទៀត តាម​គណនី បណ្តាញ​សង្គម​ហ្វេសប៊ុក​ខាងលើ និង​ឈប់​ប្រើប្រាស់ ផលិតផល​បំប៉ន​សុខភាព​គ្មាន​លេខ​បញ្ជិកា​ខាង​លើ​ជា​បន្ត​ទៀត»។

ករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួប​ប្រទះ​ឃើញ​ជន​ណា​កំពុង​ចែកចាយ ឬ​លក់​ផលិតផល Ostelin Kids Calcium & Vitamin D3 និងផលិតផល​បំប៉ន​សុខភាព​គ្មាន​លេខ​បញ្ជិកា​ផ្សេងៗ​ទៀត ខាង​លើ សូម​បងប្អូន ប្រញាប់​ផ្តល់​ព័ត៌មាន ឬ​ត្រូវ​ការ​ព័ត៌មាន បន្ថែម​ពី​នាយក​ដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារពេទ្យ និង​គ្រឿង​សំអាង សូម​ទំនាក់​ទំនង​លេខ​ទូរស័ព្ទ ០១២ ៣៥៥ ១៦១, ០១១ ៥៧៥ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៦៥២ ៤៤៦, ០១៧ ៨៦៦ ៧៦០៕