ឧត្តរមានជ័យៈ រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​សម្រេច​កំណត់​ភូមិ​ថ្មី នៃឃុំថ្លាត និង​ផ្សារ​អូរជឹក នៃភូមិអូរជឹក ឃុំ​អន្លង់វែង ស្ថិត​នៅ​ស្រុក​អន្លង់វែង ជា “តំបន់លឿងទុំ” និង​ធ្វើ​ការ​បិទ​ខ្ទប់​ជា​បណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃទី៣ ខែកញ្ញា រហូត​ដល់​មាន​ការ​សម្រេច​ជា​ថ្មី ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩។

លិខិត​របស់​លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី ៣ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា អំឡុង​ពេល​នៃ​ការ​អនុវត្ត​ការ​បិទ​ខ្ទប់ វិធានការ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​កំណត់​ជា “តំបន់លឿងទុំ” នេះ​មាន​ដូចជា ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពីលំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់​ខ្លួន។ ប៉ុន្តែ ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​លំនៅឋាន ឬ​ទីសំណាក់ បច្ចុប្បន្ន អាច​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្នុងតំបន់ “តំបន់លឿងទុំ” និង ចេញចូល “តំបន់លឿង” បាន​ក្នុង​ករណី​ចាំបាច់។

ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ក៏​ត្រូវ​បាន​អនុញ្ញាត​ធ្វើ​ដំណើរ​ចេញ​ពី “តំបន់​លឿងទុំ” ឆ្លងកាត់ “តំបន់ក្រហម” ឬ​ក្រៅ​ភូមិសាស្ត្រ​ខេត្ត​ក្នុងករណី​មួយ​ចំនួន​ដូចជា ការ​ធ្វើ​ដំណើរ​ដោយ​មូល​ហេតុ​សុខភាព​បន្ទាន់ ការ​ធ្វើ​ដំណើរ​ទៅ​ជួប​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក ឬ​ចាក់​វ៉ាក់សាំង និង​ការ​ធ្វើ​ដំណើរ​ដោយ​មូល​ហេតុ​ចាំ​បាច់​ផ្សេង​ទៀត ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជាដើម។

ក្នុង​លិខិត​លោក​អភិបាល​ខេត្ត​បន្ត​ថា ត្រូវ​បាន​ហាម​ឃាត់​រាល់​សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម ទាំងអស់​ដែល​មិន​មែន​ជា​តម្រូវ​ការចាំបាច់​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​សកម្មភាព​ការងារ មុខ​របរ ឬ​អាជីវកម្ម​អាច​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ករណី​ចាំ​បាច់​ដូចជា សកម្មភាព​របស់​អង្គភាព​សាធារណៈ ដើម្បី​ធានា​និរន្តរភាព​ការងារ របស់​ស្ថាប័ន ប៉ុន្តែ​ត្រូវ​កាត់​បន្ថយ​ចំនួន​អ្នក​ត្រូវ​បំពេញ​ការងារ​ត្រឹម​អប្បបរមា​មិន​ឱ្យ​លើស​២ ភាគរយ និង ត្រូវ​អនុវត្ត​គោលការណ៍​អាហារ​ថ្ងៃ​ត្រង់​នៅ​ហ្នឹង​កន្លែង​បំពេញ​ការងារ។

ក្នុង​លិខិត​សរសេរ​ថា៖ «សកម្មភាព​ការងារ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ព្រម​ទាំង​មន្ត្រី និង​បុគ្គលិក ត្រូវ​ធ្វើ​ដំណើរ​តាម​ការ​ចាំបាច់ និង​តាម​ការ​កំណត់​របស់​ប្រធាន​អង្គភាព​នីមួយៗ ...»។

ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ជា​បណ្តោះ​អាសន្ន ត្រូវ​ហាម​ឃាត់​រាល់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​លើក​លែង​តែ​ក្នុង​ករណី​ចាំបាច់ ដូចជា ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ ការ​រៀបចំ​ពិធី​បុណ្យ​សព ការ​ជួបជុំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាដើម។

លោក​អភិបាល​ខេត្ត​បាន​សម្រេច អនុវត្ត​បម្រាម​គោចរ​នៅ “តំបន់លឿងទុំ” ដោយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និងសកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម នៅ​ចន្លោះ​ម៉ោង ២១​ដល់​ម៉ោង ៣ លើក​លែង​តែ​ក្នុង​ករណី​ចាំបាច់​ដូចជា ការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ និង​កម្លាំង​ប្រដាប់​អាវុធ ការ​ធ្វើ​ដំណើរ​ដោយ​មូល​ហេតុ​បន្ទាន់ ការ​ដឹក​ជញ្ជូន​ទំនិញ និង​គ្រឿង​ឧបភោគ​បរិភោគ​សេវា​សង្គ្រោះ​បន្ទាន់ និង​សេវា​សុខាភិបាល​ជាដើម។

ក្នុងលិខិត​សរសេរ​ថា៖ «អាជ្ញាធរ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ត្រូវ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ នៅ​តាម​ផ្សារ និង​កន្លែង​លក់​ដូរ​គ្រឿង​ឧបភោគ បរិភោគ និង​ភោជនីយដ្ឋាន អាហារដ្ឋាន​លក់​អាហារ​វេច​ខ្ចប់ និង​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​បើក​ដំណើរការ ចំពោះ​ផ្សារ ឬ​ទីតាំងណា​ដែល​មិន​រៀបរយ ឬ​មាន​ហានិភ័យ​ក្នុង​ការ​ចម្លង និង​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩»។

បើតាមរដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ គិត​ត្រឹម​ថ្ងៃទី ៣ ខែកញ្ញា នេះ ខេត្ត​ឧត្តរមានជ័យ រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩ ចំនួន៦ ៨៩៩ ករណី ក្នុង​នោះ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​ចំនួន ៥ ៦៤៦​ករណី និង​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០កុម្ភៈ ចំនួន ១ ២៥៣ ករណី និង​បានព្យាបាល​ជា​សះស្បើយ​ចំនួន ៣ ៣២៤ នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ១ ៤៦០ នាក់ និង​ស្លាប់​ចំនួន ១២នាក់៕