ភ្នំពេញៈ ​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​សប្តាហ៍​ផង ​មនុស្ស​ចំនួន ​៧៣១ ​នាក់ ​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា ​(Delta) ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ​១៩ ​ប្រភេទ​ថ្មី​នេះ​កើន​ឡើង​ជាង​ ២ ០០០ ​នាក់​ ​នៅ​ក្នុង ​រាជ​ធានី​-ខេត្ត​ ចំនួន ​២៣ ​លើក​លែង​តែ​ខេត្ត​ចំនួន ​២ ​ប៉ុណ្ណោះ ​ដែល​មិន​ទាន់​មាន​ឆ្លង​ករណី​ដែល​តា​ ​គឺ ​ខេត្ត​កែប ​និង​ខេត្តក្រចេះ​។​

លោក​ស្រី​ ​ឱ​ ​វណ្ណឌី​ន​ អ្នក​នាំ ពាក្យ​ក្រសួង​សុខាភិ​បាល​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌​មាន​មួយ​នា​រសៀល​ថ្ងៃទី ​០៥​ ខែ​កញ្ញា​នេះ​ថា​ យោង​លទ្ធផល​នៃ​ការធ្វើ​វិភាគ​ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សុខ​ភាព​​សាធារណៈ ​បាន​រ​ក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ ​១៩​ បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​សរុប​ចំនួន​ ​២ ៦៤៧​ នាក់ ​ដែល​គិត​ចាប់​ពី​ចុង​ខែ​មីនា ​ដល់​ថ្ងៃទី​ ០៤ ​ខែ​កញ្ញា​។​

​លោក​ស្រី​បាន​ឱ្យ​ដឹង​ថា៖​ ​«​វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​មកពី​បរ​ទេស​តាម​ជើង​ហោះហើ​រ​ ​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ ​ពី​ប្រទេស​វៀត​ណាម ប្រជា​ជន​អ្នក​ភូមិ​នៅ​ក្នុង​សហ​គមន៍​ ​ក្រុម​ហ៊ុន​ឯកជន​ ​បុគ្គលិក​សុខាភិ​បាល អាជីវ​ករ​ ​មន្ត្រី​រាជ​ការ​ ​យោធា ​ពិរុទ្ធ​ជន​ ​អ្នក​បក​ប្រែ ​ភាសា ​ជន​ជាតិ​បរទេស បុគ្គ​លិក​រោង​ចក្រ​កាត់​ដេរ​ ​បុគ្គលិក​ធនាគារ ​ដូន​ជី​នៅ​វត្ត​ និង​សិស្ស​»​​។​

រាជ​ធានី-​ខេត្ត ​ទាំង​ ២៣​ ដែល​រក​ឃើញ​មាន​ករណី​វីរុស​ប្រភេទ​ដែល​តា​នេះ​ មា​ន​នៅ​រាជ​ធានី​ភ្នំពេញ​ច្រើន​ជាង​គេ​ រហូតដ​ល់ ​៩១៤ ​នាក់ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន ២៤៥ ​នាក់​ ​សៀម​រាប​ ២០៧ ​នាក់ ​បន្ទាយ​មានជ័យ​ ៥២៦​នាក់​ប៉ៃលិន ​២៧​ នាក់ ​ព្រះវិហារ​ ​១០៨ ​នាក់ ​បាត់​ដំបង ​៦៦​ ​នាក់​ ​ស្វាយ​រៀង​ ​៥៣ ​នាក់​ កំពង់ធំ ៥២​ នាក់​ ​ត្បូង​ឃ្មុំ ​៣៣ ​នាក់ ​កំពង់​ចាម​ ៥១ ​នាក់​រតនគិរី​ ១០ ​នាក់​ កំពង់​ស្ពឺ ១៤ ​នាក់​ ​កណ្តាល​ ១០២​ ​នាក់​ ​ព្រៃវែង ​៤ ​នាក់​ កំពត​ ៣​ នាក់​ ស្ទឹង​ត្រែង ​១១៩ ​នាក់​ ​កំពង់​ឆ្នាំង​ ១៣ ​នាក់​ ​ពោធិ៍សាត់ ​២១ ​នាក់​ ​កោះកុង ​១០​ នាក់ មណ្ឌល​គិរី​ ៤៨​ ​នាក់​ ព្រះ​សីហនុ ​៨ ​នាក់ ​និង​ខេត្ត​តាកែវ ​ចំនួន​ ១៣ ​នាក់​។​

រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល ​ លោក​ ​ម៉ម ​ប៊ុ​ន​ហេង ​នៅ​តែ​បន្ត​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ការពារ​ខ្លួន​ និង​កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​ដោយ​ត្រូវ​ចេះ​ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​ធម្មតា​ជា​មួយ​វីរុស​កូ​វីដ​ ១៩ ​តាម​បែប​គន្លង​ប្រក្រ​តី​ភាព​ថ្មី​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ​១៩​។​

លោក​ថា​៖​ ​«​​ការ​ចម្លង​នា​បច្ចុប្បន្ន​នេះ​មាន​សន្ទុះ​កើន​ឡើង​លើ​យុវវ័យ​ដែល​ក្រុម​នេះ​បាន​ដើរ​ចេញ​ក្រៅ​ផ្ទះ​ច្រើន ​ឬ​មាន​ការ​ជួបជុំ​មិត្ត​ភ័ក្ត្រ​។​ ហេតុនេះ​សូម​យុវវ័យ​គ្រប់រូប​ចូលរួម​អនុវត្ត​នូវ​គោល​ការណ៍​ណែ​នាំ​របស់​ក្រសួង​សុខាភិ​បាល​ឱ្យបាន​ហ្មត់ចត់ ​និង​ត្រឹម​ត្រូវ​លើ​វិធាន​ការ ​៣​ការពារ ​និង​ ៣​កុំ ​ដើម្បី​ការពារ​បុគ្គល​ខ្លួន​ឯង​ និង​សមាជិក​គ្រួសារ​​»​៕​

​​

វីដេអូ៖