តាកែវៈ​ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ បាន​ចុះ​ទៅ​កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់​បាន​ចំនួន ៥ ទីតាំង និង​អាង​ស្តុ​ប​ទឹក​ចំនួន ៣ អាង នៅ​ចំណុច​ដុប​ភ្នំ​ទទឹង ​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​គិរី​ចុង ស្រុក​គិរីវង់​។

លោក​យុគ​ សា​រ៉ា​ត​ អធិការនគរបាល ស្រុក​គិរីវង់​ ​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី ៥ ខែកញ្ញា​​ថា នៅ​ថ្ងៃទី ៤ ខែកញ្ញា​ កម្លាំង​នគរបាល​បាន​បន្ត​​ឡើងលើ​ភ្នំ​ ដើម្បី​រុករក​បង្ក្រាប​បទល្មើស ​ដំណាំ​កញ្ឆា​ខុសច្បាប់​ ដែល​ជន​ខិល​ខូច​តែង​តែ​លួច​ដាំ​ក្នុង​តំបន់​នេះ​។

លោក​បានឱ្យដឹងថា៖ «ការ​អនុវត្ដ​បង្ក្រាប​ទីតាំង​លួច​ដាំ​កញ្ឆា​នេះ គឺ​អនុវត្តន៍​តាម​ការណែនាំ​ និង​បទបញ្ជា​ដឹកនាំ​របស់​លោ​ក​ សុខ ​សំណាង​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ឱ្យបន្ត​ការចុះ​ជាប្រចាំ​ ក្នុង​ការបង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់​ឲ្យ​ដូច​ភ្លៀងរលឹម​ និង​ជាពិសេស​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព»។

លោក​ឱ្យដឹងថា កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​ឡើង​លើ​ភ្នំ​​ដើម្បី​​រុករក និង​កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់​បាន​ចំនួន ៥ ទីតាំង អាង​ស្តុ​ប​ទឹក​ចំនួន ៣ អាង នៅ​ចំណុច​ដុប​ភ្នំ​ទទឹង​ ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ ៩៨៤ ម៉ែត្រការ៉េ។

លោក​ថ្លែងថា៖ «បច្ចុប្បន្ន​កម្លាំង​ជំនាញកំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ខាងលើ ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់»។

លោក លី សា​វេត អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​តាកែវ ថ្លែង​នៅ​ថ្ងៃទី ៥ កញ្ញា​​ថា ​សកម្មភាព​ជនខិលខូច​លួច​ដាំ ក​ញ្ជា តែង​តែ​កើតមានឡើង ពី ៣​ ទៅ​ ៤ លើក​ក្នុង ១​ ឆ្នាំៗនៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​តាកែវ។ ជនខិលខូច​លួច​ដាំ​កញ្ឆា​នេះ នៅតាម​ទីតាំង​ចន្លោះ​ភ្នំ ព្រោះ​អំណោយផល​ចំពោះ​ការលូតលាស់។ ប៉ុន្ដែ​ជា​ភូមិសាស្ដ្រ​ពិបាក​ស្វែងរក និង​បង្ក្រាបសម្រាប់​កងកម្លាំង​សមត្ថកិច្ច។

លោក​ថ្លែងថា៖«អ្នក​​ដាំ​ដំណាំ​កញ្ឆា ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ ពួកគាត់​លួច​ដាំ ​ដើម្បី​យកទៅ​ធ្វើជា​កញ្ឆា​គ្រាម រួច​លក់​បន្ត​ទៅឱ្យ​ឈ្នួ​ញ។ ក្រោយ​បង្ក្រាបបាន សមត្ថកិច្ច​យើង​បានឱ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យាបញ្ឈប់​សកម្មភាព។ យើង​មិន​បាន​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ដល់​ពួកគាត់​ទេ ព្រោះ​មិនមែនជា​ការប្រព្រឹត្ត​ទ្រង់​ទ្រាយ​ធំ»។

បើតាម​លោក សា​វេត មូល​ហេតុដែល​ពលរដ្ឋ​បន្ត​លួច​ដាំ​​ដំណាំ​​កញ្ឆា​នេះ ដោយសារ​យកទៅលក់​ឱ្យ​ឈ្នួ​ញ​បាន​តម្លៃថ្លៃ ​ដូច្នេះ​ទើប​ពួកគាត់​ ប្រថុយ​ដាំ​ ទោះបីជា​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប និង​ឱ្យធ្វើ​កិច្ចសន្យា​ជា​បន្តបន្ទាប់​ក៏ដោយ៕