បាត់ដំបងៈ បុរស​សង្ស័យ​ចំនួន​ ២ នាក់​ត្រូវបាន​សមត្ថកិច្ច​នគរបាល​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ​ពាក់ព័ន្ធ​នឹង​ករណី​រួមភេទជាមួយ​ក្មេង​ស្រី ២ ​នាក់អាយុក្រោម ១៥ ឆ្នាំ ​នៅ​ឃុំតាម៉ឺន ​ស្រុក​ថ្មគោល ​ក្រោយពី​ចាប់​ខ្លួន​បាន ​១ ថ្ងៃ។

លោកស្រី ​រស់ ជីវី ​ស្នងការរង​ទទួល​ផែន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី ៥ ​កញ្ញា​ថា​ជនសង្ស័យ​ឈ្មោះ ​ឡុង ថាវ ​ភេទប្រុស ​អាយុ​ ២២ ឆ្នាំ ​និង​ឈ្មោះ ​រ៉េន ចន្ទ្រា ​ហៅ ​បារាំង ​ភេទប្រុស ​អាយុ ​២២ ឆ្នាំ។ ជន​ទាំង២នាក់​ រស់នៅ​ភូមិ​សំរោង ​ឃុំ​តាម៉ឺន ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង ​រស់នៅ​ភូមិ​សំរោង ​ឃុំ​តាម៉ឺន ​ស្រុក​ថ្មគោល ​ខេត្ត​បាត់​ដំបង។ ពួកគេ​ត្រូវបាន​មន្រ្តី​នគរបាល​ជំនាញ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ហើយ ​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី ៥ ​កញ្ញា ​បន្ទាប់ពី​បញ្ជូន​មកពី​ស្រុក​ថ្ម​គោល។​

លោកស្រី​ថ្លែងថា​៖ «ជន​ទាំង​ ២ នាក់​នេះ​ជាប់​ពាក់ព័ន្ធ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ ​១៥ ឆ្នាំ»។

លោក ​សេង លុច ​អធិការ​នគរបាល​ស្រុក​ថ្មគោល​ប្រាប់​នៅ​ថ្ងៃទី ៥ ​កញ្ញា ​ថា ​ចំពោះ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ​រ.ស.​ អាយុ​ ១១ ឆ្នាំ ​និង​ក្មេងស្រី​ម្នាក់​ទៀត​ឈ្មោះ ​វ.ត. ​អាយុ​ ១៣ ឆ្នាំ។ ពួកគេ​រស់នៅ​ក្នុង​ឃុំ​តាម៉ឺន ​ស្រុក​ថ្មគោល​ខេត្ត​ដំបង។

លោក​ប្រាប់​តាម​សម្តី​ស្រ្តី​ ២ រូប​ ដែល​ត្រូវ​ជាម្តាយ​របស់​ក្មេងស្រី​ទាំង ២ ​នាក់​ថា ​ជនល្មើស​ទាំង ​២ នាក់​រស់នៅ​ឃុំ​មោង ​ស្រុក​មោងឫស្សី​ ខេត្ត​បាត់​ដំបង។​ នៅ​មុន​ថ្ងៃ​បង្ក​ហេតុ​ ប្រហែល​កន្លះ​ខែ ​ជន​សង្ស័យ​ទាំង ​២ នាក់​បានមក​ធ្វើ​ជាកម្មករ​ធ្វើ​ផ្លូវ​នៅ​ឃុំ​តាម៉ឺន ​ស្រុក​ថ្មគោល​ ហើយ​បាន​ទាក់ទង​ស្គាល់​ក្មេងស្រី​ម្នាក់​មួយ។ លោក​បន្តថា ​បន្ទាប់ពី​ពួកគេ​ទំនាក់​ទំនង​ស្គាល់​គ្នា​ហើយ​ ជន​សង្ស័យ​តែង​បបួល​ក្មេងស្រី​ដើរ​លេង ​ដែល​ពេលខ្លះ​ទៅ​បាត់​ពី​ផ្ទះ​ផង។​ ទោះជា​យ៉ាងណា​ស្រ្តី​ជាម្តាយ​ទាំង ២ រូប ​ក៏​មិនសូវ​ចាប់​អារម្មណ៍ ​ព្រោះ​កូនៗ​ (ក្មេង​រងគ្រោះ) ​ប្រាប់ថា​ ទៅ​លេង​ផ្ទះ​បង​ប្អូន។

លោក​អធិការ​បញ្ជាក់​ថា​នៅ​ថ្ងៃទី ៤ ​កញ្ញា ​ក្មេងស្រី​រងគ្រោះ​បានដើរ​បាត់​ពី​ផ្ទះ​ហើយ​ម្តាយ​របស់​ពួកគេ​នាំ​គ្នា​ដើរ​រក​មិន​ឃើញ។​ ពេល​នោះ​អ្នកភូមិ​ប្រាប់​ថា ​គេ​ឃើញ​ក្មេង​ស្រី​រងគ្រោះ​ទាំង ​២ នាក់​ត្រូវបាន​ក្រុម​ជនសង្ស័យ​ឌុប​តាម​ម៉ូតូ។ ក្រោយ​ពី​ដឹង​រឿង​ ស្ត្រី​ជាម្តាយ​ទាំង ២​រូប ​របស់​ក្មេងស្រី​រង​គ្រោះ​ក៏ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​តាម៉ឺន ​ស្រុក​ថ្មគោល ​ដើម្បី​ជួយ​អន្តរាគមន៍។

លោក​ប្រាប់ថា ​ក្រោយ​ទទួល​បាន​បណ្តឹង​ភ្លាម​ កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បានចេញ​ស្រាវជ្រាវ​រក​នៅតាម​គោលដៅ ​ដែល​ពលរដ្ឋ​បានផ្តល់​ឱ្យ។​ រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ​សមត្ថកិច្ច​ក៏ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង ២ ​នាក់​បាន​នៅតាម​ផ្លូវ ​និង​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​តាម៉ឺន។​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ពួកគេ​ពិតជា​បាន​រួមភេទ​ជាមួយ​ជន​រងគ្រោះ​មែន។

លោក​ថ្លែងថា​៖«ក្មេង​ស្រី​រងគ្រោះ​ប្រាប់​មន្រ្តី​សមត្ថកិច្ច​ខ្ញុំ​ថា ​ពួកគេ​ស្គាល់​គ្នា ​និង​ព្រមព្រៀង​ជាមួយ​គ្នា​ទេ។​ តែ​យ៉ាង​ណា ​បើ​មាន​បណ្តឹង​យើង​ត្រូវ​តែ​អនុវត្ត​តាម​បណ្តឹង​នោះ»។

អ្នក​នាំពាក្យ​អយ្យការ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង ​លោក ​ដួង សារ៉ន ​មិនអាច​សុំ​អត្ថាធិប្បាយ​បាន​ទេ ​កាលពី​ថ្ងៃ​ទី ៥ ​កញ្ញា៕