The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ធនធាន​ទឹកផ្សព្វ​ផ្សាយ​ពីជំនន់​ទឹក​ភ្លៀង​ប៉ះពាល់​ដល់​រាជ​ធានី​ខេត្ត​មួយ​ចំនួន​​

ក្រសួង​ធនធាន​ទឹកផ្សព្វ​ផ្សាយ​ពីជំនន់​ទឹក​ភ្លៀង​ប៉ះពាល់​ដល់​រាជ​ធានី​ខេត្ត​មួយ​ចំនួន​​

Content image - Phnom Penh Post
សកម្មភាពស្ដារប្រឡាយកប់ស្រូវរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ចៀសទឹកជំនន់ ពីថ្ងៃទី ៤ កញ្ញា ។ រូបថត សហការី

ក្រសួង​ធនធាន​ទឹកផ្សព្វ​ផ្សាយ​ពីជំនន់​ទឹក​ភ្លៀង​ប៉ះពាល់​ដល់​រាជ​ធានី​ខេត្ត​មួយ​ចំនួន​​

ភ្នំពេញៈចា​ប់ពីថ្ងៃទី ៦ ខែកញ្ញា​នេះ​ទៅ​ តំបន់​​ទំនាប​មួយចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ ខេត្ត​ព្រះ​សីហនុ កោះកុង និង​​​បណ្ដា​ខេត្ត​ជាប់​បឹង​ទន្លេ​សាប​មួ​យ​​​ចំនួន​អាច​នឹងរង​ការ​ជន់​លិច។ នេះ​​​បើតាម​ការព្យា​ករអាកាសធាតុ​របស់​ក្រសួង​​​ធនធាន​ទឹក និង​ឧតុ​និយ​មដែល​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី ៣ ខែកញ្ញា ឆ្នាំនេះ។

តាម​រយៈ​ការ​ព្យាករ​នេះ​ ប្រទេស​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​អាកាស​ធាតុ​នៅក្នុង​តំបន់​មួយ​ចំនួន​ព្រមៗ​គ្នា​រួមមាន ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ខ្យល់​សមុទ្រ និង​សម្ពាធ​ទាប ១០០៦ ហិ​តូ​ប៉ា​ស្កាល់ ​ធ្វើ​ឲ្យ​តំបន់​វាល​ទំនាប​កណ្ដាល​ តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ជាប់​ជួរ​ភ្នំ​ក្រវាញ និងជួរ​ភ្នំ​ដងរែក រួមទាំង​តំបន់​មាត់​សមុទ្រ​ផង ​មាន​ភាព​អួអាប់​ និ​ងមាន​ភ្លៀ​ងធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​​ទៅ​ខ្លាំង​ មាន​លាយ​ឡំ​នឹង​ផ្គរ​រន្ទះ និង​ផ្លេក​បន្ទោរ​កើត​ឡើង ​ជាពិសេស​ក្នុង​អំឡុង​ពេល​ពីថ្ងៃ​ទី ៦ ​ដល់​ថ្ងៃទី​ ១១​ ខែកញ្ញា ​ឆ្នាំ ២០២១​។

ក្រសួង​ធន​ធាន​ទឹកបាន​បញ្ជាក់​ថា យោង​លើ​ស្ថាន​ភាព​បែបនេះ ​តំបន់​​ទំនាប​មួយ​ចំនួន​អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀងដែ​ល​ទាមទារ​ឲ្យ​មានការ​ប្រុង​ប្រ​យ័​ត្នខ្ពស់ ជា​ពិសេស​នៅ​ខេត្ត​បាត់​ដំបង​ ពោធិ៍​សាត់​ កំពង់ធំ​ កំពង់ឆ្នាំង ​កំពង់ស្ពឺ​
ព្រះ​សីហនុ ​កោះ​កុង ​កណ្តាល ​និងរាជ​ធានី​ភ្នំពេញ​។

ជា​មួយ​នឹងកា​រ​ជូន​ដំណឹង​របស់​ក្រសួង​ធ​នធាន​ទឹក​និងឧតុនិយ​មនេះ ​អាជ្ញា​ធរ​រាជធានី-ខេត្ត​មួយចំ​នួនបាន​និងកំពុង​ត្រៀម​បង្ការ​និង​ឆ្លើយ​តប​ចំពោះ​ហានិភ័​យ​ដែល​អាច​បង្ក​ឡើង​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​​នេះ។ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​ អាជ្ញាធរ​ពាក់​ព័ន្ធ​បានរួម​សហ​ការ​គ្នា​ជីក​កាត់​ផ្លូវ​ឆេ​កូនិង​ផ្លូវ​ទំនប់ Royal Phnom Penh Golf Club ជា​បណ្តោះ​អាសន្ន​ ដើម្បី​បើក​ផ្លូវ​ទឹក​​ឲ្យ​ហូរ​ទៅកាន់​បឹង​កប់​ស្រូវ​ ដើម្បី​បង្ការ​កុំឲ្យ​ទឹក​ជំនន់​លិច​នៅ​ផ្លូវជាតិ​លេខ ​៤ មុខ​សា​លា​ក្តី​ខ្មែរក្រហម​ ខណៈ
ភ្លៀង​នៅតែ​បន្ត​ធ្លាក់​។

ចំណែក​នៅ​ខេត្ត​កណ្ដាល ​អាជ្ញាធ​របាន​ជូន​ដំណឹង​ពី​ការ​បិទទ្វា​រ​ទឹក​ត្រង់​ចំណុច​លូ​មុខ ​៤​ និងកាត់​ផ្ដាច់​កំណាត់​ផ្លូវ​ទំនប់​ពី​ចំណុច​ប្រឡាយ​លេខ​ ៩០ ដល់​ប្រឡាយ​លេខ ​៩២ ​ស្ថិត​ក្នុង​ភូមិ​តា​ឡុង ឃុំ​បឹង​ខ្យា​​ង ស្រុក​កណ្ដាលស្ទឹ​ង ដើម្បី​បង្កា​រទប់​ស្កាត់​ការ​ជន​ប៉ះ​ពាល់​ដល់​ការ​សាង​សង់​ផ្លូវ​រត់​ខ្សែទី១​នៃ​គម្រោង​សាង​សង់​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី។នេះ​បើតា​ម​លោក​ គង់ ​សោ​ភណ្ឌ​ អភិបាល​ខេត្ត​កណ្ដាល​។​

លោក​បាន​ថ្លែង​ថា ដោ​យសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ត​បន្ទាប់​ធ្វើឲ្យ​ទឹក​ហូរ​ជន់​លិច​ក្នុង​បរិវេណ​ការដ្ឋាន​នៃ​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី​ ។ ហេតុ​ដូច្នេះ ក្រុម​ការងារ​បច្ចេកទេស​ចាំបាច់​ត្រូវបិ​ទទ្វារ​ទឹក និងកាយ​ផ្ដាច់​កំណាត់​ផ្លូវ​​​ទំនប់​លេខ​ ៥៤ ​ក្នុង​ភូមិ​សាស្ត្រ​ខាង​លើ​ជា​បណ្ដោះ​អាសន្ន​ ដើម្បី​ឲ្យ​ការ​សាង​សង់​ផ្លូវរត់​ខ្សែ​ទី ១ នៃ​គម្រោង​ដ៏ធំ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​តាម​ការ​គ្រោង​ទុក​។

ដោយ​ឡែកនៅ​​ខេត្ត​ព្រះសី​ហនុ​​លោក ​ជួន​ ណា​រិន្ទ​ ស្នងការ​នគរ​បាល​ខេត្ត​នេះ​បាន​​ដាក់​បទ​បញ្ជា​តឹងរ៉ឺង​ដល់​កម្លាំង​នគរ​បាល​ចរា​ចរណ៍ទាំ​ងផ្លូវ​គោក​ និង​ផ្លូវទឹក​ព្រម​ទាំង​កម្លាំង​អធិការ​ដ្ឋាន​នគរបា​ល​ក្រុង​កោះ​រ៉ុងឲ្យ​ផ្សព្វ​ផ្សាយ​ និង​ពង្រឹងគោល​ដៅផែ​ដើម​ទី និង​ចុងទី​ លើ​ប្រព័​ន្ធសុ​វត្ថិភា​ពជល​យាន​យន្ត​ទាំ​ងអ​ស់រួ​មទាំង​តាម​ដាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ និង​ត្រៀម​អន្ត​រាគមន៍​សង្រ្គោះ ​ពេល​មាន​ហេតុ​ការណ៍​កើត​ឡើង​ជាយ​ថា​ហេតុ​លើ​ផ្ទៃសមុទ្រ​។

លោក​ ណា​រិន្ទ បាន​ថ្លែង​ថា៖​«បើតាម​ការជូន​ដំណឹង​របស់​ក្រសួង​ធនធា​នទឹក និង​ឧតុនិយ​ម នៅ​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃនេះ ខេត្ត​ព្រះ​សីហនុ​ អាច​នឹង​មាន​ជំនន់​ទឹក​ភ្លៀង និង​ខ្យល់​បក់បោ​ក​ខ្លាំង រលក​ស​មុ​ទ្រ​ធំៗ ពិសេ​ស​នៅតាម​ប្រជុំ​កោះ​ ដូច្នេះ​​សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ និង​ប្រជា​នេសាទ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ការណែនាំ​ពី​មន្ត្រី​ជំនាញ​ទាំងអ​ស់​ ដើម្បី​ចៀស​ផុត​ពី​ឧបទ្ទវ​ហេតុ​ផ្សេងៗ​ដែល​អាច​កើត​មាន​ជាយ​ថា​ហេតុ​»។

ជា​មួយ​គ្នានេះ​ លោក​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ទូរស័ព្ទ​ជា​បន្ទាន់​ទៅកាន់​ស្នង​ការដ្ឋាន​នគ​របាល​ខេត្ត​ព្រះសី​ហនុតាម​ប្រព័ន្ធ​​Hotlineទាន់​ហេតុ​ការណ៍ ​0977 778 0008 ទៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក កោះរ៉ុង​តាមរយៈ​លេខ 011 200 331, 016 436 69 ឬ​ទៅ​កាន់កា​រិ​យា​ល័យន​គ​របាល​ចរាចរណ៍​ផ្លូវ​ទឹ​កតាមរយៈ​លេខ​លេខ 081 500 619 ​ទៅកាន់​ការិយាល័យ​នគរបាល​ទេសចរណ៍​តាមរ​យៈ​លេខ 081 500 61 ក្នុង​ករណី​ជួប​គ្រោះ​ថ្នាក់​អ្វី​កើតឡើង​ក្នុង​អំឡុង​ពេល​ដើរ​កម្សាន្ត​ និង​ស្នា​ក់នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ។

រីឯ​ នៅ​ខេត្ត​កំពង់ឆ្នាំ​ង នៅ​មិន​ទាន់​ជួប​ប្រឈម​បញ្ហា​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ឡើយ​ទេ បើ​ទោះជា​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​ក៏ដោយ​។

លោក ​ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធន​ធានទឹក​និង​ឧតុនិយ​ម​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​តំបន់​ផ្សារ​ត្រាច ក្នុងស្រុក​សាមគ្គី​មាន​ជ័យ​ ជាទូទៅ​តែងរង​នូវ​ជំនន់​​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំ​ង​​ច្រើន​ថ្ងៃជាប់​គ្នា ប៉ុន្តែ​វា​នឹង​ស្រក​ទៅវិញ​យ៉ាង​ឆាប់រហ័សដោយសារស្ថានភាព​ដី​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជល​គិរីជា​ដីល្បាយខ្សាច់​​។ ចំណែកឯ​ស្រុក​​កំពង់​លែង ដែល​ជាប់​នឹង​តំបន់​បឹង​ទន្លេសាប​វិញ ក៏​ដូច្នោះ​ដែរ​ ដោយ​សារតែ​ពេល​នេះ កម្ពស់​ទឹក​បឹង​ទន្លេសាប​នៅ​មាន​កម្រិត​ទាប ។

​ទោះ​ជា​យ៉ាង​ណា​ លោក ប៊ុន​ ថុន​ បាន​ថ្លែង​ថា៖ ​«ក្រុម​ការងារ​យើងបា​ន​ផ្សព្វ​ផ្សាយ​ដល់​ពលរដ្ឋ​នៅតាម​មូលដ្ឋា​នឲ្យ​ត្រៀម​បម្រុង​ទុក​រួចជា​ស្រេច​នូវ​គ្រឿងចក្រ​ ប្រេង​ឥន្ធនៈ និង​ឧបករណ៍​​​សម្ភារ​សម្រាប់​ការ​ឆ្លើយ​តប​ជា​បន្ទាន់​ក្នុងករណី​មាន​គ្រោះ​ជំនន់​ទឹកភ្លៀង​កើត​ឡើង»។

កាលពី​សប្ដាហ៍​មុន ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង និងស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​រង​ការ​ជន់​លិច ដោយ​សារ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​នៅពេ​លនេះ ទឹក​បាន​ស្រក​ចុះ​វិញ​ហើយ។ នេះ​បើតាម​ការអះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន។

លោក ហេង ​បារាំង​ អធិការ​​​ស្រុក​ភ្នំ​ព្រឹកបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​ នៅ​ពេល​នេះទឹក​បាន​ហូរ​​ស្រក​ចុះទៅ​ស្ទឹង​បវេល ​អស់ហើយ មិន​មាន​​​ការ​លង់​លិច​ទៀត​ទេ ​ព្រោះ​មេឃ​បាន​រាំង​ភ្លៀង ​៣ ថ្ងៃ​មក​ហើយ​៕

អត្ថបទគួរចាប់អារម្មណ៍