
លោក កឹម សុខា ពេលមកតុលាការក្រុងភ្នំពេញកាលពីឆ្នាំមុន។ ហេង ជីវ័ន
ភ្នំពេញៈ ជាថ្មីម្តងទៀត លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២១ នេះបានចេញមុខបដិសេធ ដោយថាមិនជាប់ពាក់ព័ន្ធជាមួយបុគ្គល ក្រុម ឬគណបក្ស ឬចលនានយោបាយ ដែលយកឈ្មោះរបស់លោកទៅភ្ជាប់ជាមួយនឹងសកម្មភាពនយោបាយ ដើម្បីបម្រើផលប្រយោជន៍ និងមហិច្ឆតារបស់ខ្លួន។
ការប្រកាសបដិសេធបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០២១ ដោយលោកសង្កេតឃើញថា មានបុគ្គល ក្រុម គណបក្ស ឬចលនានយោបាយខ្លះនៅតែយកឈ្មោះ និងរូបភាពរបស់លោកទៅភ្ជាប់ពាក់ព័ន្ធនឹងសកម្មភាព ដើម្បីបម្រើផលប្រយោជន៍ និងមហិច្ឆតារបស់ពួកគេ។
លោក កឹម សុខា ថ្លែងថា៖ «ដូច្នេះខ្ញុំសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសរបស់សហមេធាវី ដែលជាតំណាងស្របច្បាប់របស់ខ្ញុំកន្លងមក គឺធ្វើក្នុងនាមខ្ញុំ និងជាឆន្ទៈរបស់ខ្ញុំ»។
លោកស្រី ម៉េង សុភារី មេធាវីការពារក្តីលោក កឹម សុខា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ កញ្ញា ថា ការប្រកាសរបស់លោក កឹម សុខា ដែលជាកូនក្តីរបស់លោកស្រីនៅពេលនេះ គឺបង្ហាញថា លោកមិនគាំទ្រនូវទង្វើ ឬសកម្មភាពរបស់បុគ្គល ឬក្រុមណាមួយដែលយកឈ្មោះរបស់លោកទៅប្រើប្រាស់ក្នុងផលប្រយោជន៍ណាមួយនោះទេ។
ទោះជាយ៉ាងណា លោកស្រី ម៉េង សុភារី បញ្ជាក់ថា លោកស្រីមិនទាន់ដឹងនៅឡើយទេ ពាក់ព័ន្ធនឹងវិធានការបែបណារបស់លោក កឹម សុខា ទៅអនាគតក្នុងការដាក់ពាក្យបណ្តឹងឱ្យស្វែងរកមុខបុគ្គល ឬក្រុមណាមួយដែលតែងតែយកឈ្មោះរបស់លោកទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឱ្យមកទទួលខុសត្រូវលើករណីនេះនោះទេ។
លោកស្រីថ្លែងថា៖ «ប៉ុន្តែទៅអនាគត លោកមានវិធានបែបណា ពួកខ្ញុំ ក៏មិនទាន់ដឹងដែរទេ។ បើសិនជាគាត់មានកិច្ចការអី គាត់នឹងហៅពួកខ្ញុំ ជាមេធាវី ពិភាក្សាគ្នាហើយ»។
តាមរយៈសេចក្តីថ្លែងការណ៍របស់សហមេធាវីការពារសិទ្ធិរបស់លោក កាលពីថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០២១ បញ្ជាក់ ថាបុគ្គល ឬក្រុមណាដែលមានបំណង បង្កើត ឬបាននិងកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយ សូមកុំយកករណី ឬឈ្មោះលោក កឹម សុខា ទៅភ្ជាប់ជាមួយ។
សេចក្តីថ្លែងការណ៍សរសេរថា៖ «បុគ្គល ឬក្រុមណាមួយធ្វើកិច្ចការខាងលើសូមមានសេចក្តីក្លាហានទទួលខុសត្រូវដោយខ្លួនឯង»។
ប៉ុន្តែនាថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២១ លោក កឹម សុខា បានចេញមុខប្រកាសជាសាធារណៈដោយខ្លួនឯងតាមរយៈហ្វេសប៊ុករបស់ខ្លួន និងព្រមានដល់បុគ្គល ឬក្រុមណាមួយដែលមានបំណងយកឈ្មោះរបស់លោកទៅប្រើប្រាស់ឱ្យបានដឹងថា លោកមិនពេញចិត្ត មិនគាំទ្រ និងការប្រើប្រាស់ឈ្មោះរបស់លោកដើម្បីបានផលប្រយោជន៍នោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ថ្លែងថា បើសិនជាលោកជាលោក កឹម សុខា វិញ គឺលោកមិនខ្វល់ចំពោះបុគ្គលណា ឬក្រុមណាយកឈ្មោះទៅប្រើប្រាស់ដើម្បីផលប្រយោជន៍នោះទេ។ ព្រោះការយកឈ្មោះលោកទៅប្រើប្រាស់ វារឹតតែធ្វើឱ្យអ្នកដែលយកឈ្មោះលោកទៅប្រើប្រាស់នេះក្លាយទៅជាអ្នកគាំទ្រលោក និងមានសក្តានុពលខ្ពស់ទៅវិញទេ។
ទោះជាយ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន មិនដឹងពីទស្សនៈរបស់លោក កឹម សុខា បែបណានោះ ដែលចេញមុខដោយខ្លួនឯងបដិសេធមិនឱ្យគេយកឈ្មោះរបស់លោកទៅប្រើប្រាស់នោះទេ។ ប៉ុន្តែថាថ្នាក់ដឹកនាំកំពូលៗនៅសកលលោក គេមិនរឹតត្បិត ឬចង្អៀតចង្អល់ចំពោះការយកឈ្មោះទៅប្រើប្រាស់នោះទេ។
លោកបដិសេធដែរថា ចំពោះគណបក្សរបស់លោកមិនដែលយកឈ្មោះរបស់លោក កឹម សុខា ទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ នយោបាយណាមួយនោះទេ។ គណបក្សរបស់លោកគោរពសិទ្ធិ លោក កឹម សុខា ក្នុងនាមជាថ្នាក់ដឹកនាំកំពូល ១ រូប។ លោកបានបង្កើតគណបក្សឡើង ក៏ជាការយល់ឃើញផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំក៏គិតដែរថា លោកបានអំពាវនាវម្តងជា ២ ដង រហូតដល់ចេញមុខខ្លួនឯងបដិសេធនៅពេលនេះ។ អ្នកដែលយកឈ្មោះរបស់លោកទៅប្រើប្រាស់នេះគួរតែចេះអៀនខ្លួនដែរ ដោយកុំយកឈ្មោះលោកទៅប្រើប្រាស់តទៅទៀត។ ខ្ញុំក៏ឃើញគេថា ដែរថា កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែ ១ ហូរហែកន្លងមកនេះ តាមពិតទៅគេដឹងតាំងពីប៉ុន្មានឆ្នាំមុនថា វាលែងតែ ១ ហើយ»៕
វីដេអូ៖