កោះកុងៈ រាជរដ្ឋាភិបាល​អនុញ្ញាត​ជាគោលការណ៍​ជួល​ដី​របស់​រដ្ឋ​ជាង​ ៣៧០ ​ហិកតា ស្ថិតនៅ​ស្រុកស្រែ​អំបិល ខេត្ដ​កោះកុង​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍ​ជា​វារីវប្បកម្ម​ក្ដាម​តាម​បែប​ធម្មជាតិ និង​សាងសង់​កំពង់ផែ​ខ្នាតតូច​។

លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ប្រតិភូ​ក្រុមការងារ​អន្តរក្រសួង​អមដំណើរ ដោយ​លោក​ អ៊ុក ភ័ក្ត្រា អភិបាលរង​ខេត្ត​កោះកុង​នៅ​ថ្ងៃទី​ ៤ ខែ កញ្ញា ឆ្នាំ​ ២០២១ បាន​ចុះ​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះពិនិត្យ​សិក្សា និង​វាយតម្លៃ​ដី​ជាក់ស្តែង​លើដី​សាធារណៈ​របស់​រដ្ឋ ក្រោយ​ទទួល​ការអនុញ្ញាត​ជាគោលការណ៍​ពី​រាជរដ្ឋាភិបាល​ក្នុង​ការជួល​ទៅឱ្យ​វិស័យ​ឯកជន​វិនិយោគ​លើ​គម្រោង​ចំនួន​ ២​។

គម្រោង​វិនិយោគ​ទាំង​ ២ ​នោះ រួមមាន គម្រោង​វារីវប្បកម្ម​ក្តាម​តាមបែប​ធម្មជាតិ ទំហំ​ដី ៣៦៩ ​ហិកតា និង​គម្រោង​សាងសង់​កំពង់ផែ​ខ្នាតតូច​ទំហំ​ដី​ ៧ ៧៦៧ ម៉ែត្រការ៉េ ដែល​គម្រោង​ទាំង​ ២ ស្ថិតនៅ​ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​។ នេះ​បើតាម​របាយការណ៍​កិច្ចប្រជុំ​។

លោក​ ស្រ៊ុន ដារិទ្ធ បាន​ណែនាំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ត្រូវ​រៀបចំ​គ្រោងការ និង​ផែនការ​វិនិយោគ​ឱ្យបាន​រួចរាល់ និង​ត្រូវ​ស្នើសុំ​ការបោះបង្គោល​ព្រំ​ឱ្យបាន​ច្បាស់លាស់ ទើប​ក្រុមការងារ​អន្តរក្រសួង​នឹង​ចុះមក​ពិនិត្យ​សិក្សា និង​វាយតម្លៃ​លើ​ការជួល​ដី ដែលជា​សម្បត្តិ​របស់​រដ្ឋ​នេះ​ម្តងទៀត​។ ចំណែក​ស្ថាប័ន​សំខាន់​ក្នុងការ​វាយតម្លៃ​ការជួល​ដី​រដ្ឋ​នេះ គឺជា​សមត្ថកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​ទាំង​ ២ ​នេះ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការលើកកម្ពស់​កម្រិត​ជីវភាព​ប្រជាជន​មូលដ្ឋាន និង​ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ចជាតិ​»​។

លោក សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កោះកុង​ថ្លែង​នៅ​ថ្ងៃទី​ ៥ ខែកញ្ញា ថា គម្រោង​ជួល​ដី​នៅ​ក្នុងភូមិ ស្រុកស្រែ​អំបិល​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នេះ គឺជា​សិទ្ធិ​របស់​រាជរដ្ឋាភិបាល​។ ចំណែក​រដ្ឋបាល​ខេត្ដ​កោះកុង​គ្រាន់តែ​ធ្វើជា​សាក្សី ក្នុង​នាម​អាជ្ញាធរ​ដែនដី និង​ការរៀបចំ​សណ្ដាប់ធ្នាប់​សង្គម​ប៉ុណ្ណោះ​។

លោក​បន្តថា នីតិវិធី​ផ្លូវច្បាប់​ក្នុង​ការជួល​ដី​នេះ គឺជា​សមត្ថកិច្ច​របស់​ក្រសួងបរិស្ថាន ដោយសារ​ដី​រដ្ឋ​ដែល​ជួល​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​នេះ​ស្ថិត​ក្នុង​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​។

លោក​ថ្លែងថា​៖ «​តាម​ការចុះ​ទៅ​ពិនិត្យ​របស់​ក្រុមការងារ​អន្តរក្រសួង​កាលពី​ម្សិលមិញ ម្សិលម្ង៉ៃ​នេះ​ [៣-៤ កញ្ញា​] គឺ​ឃើញថា ក្រសួងបរិស្ថាន​បាន​ឯកភាព​ឱ្យ​ដី​ចំនួន ២ ​កន្លែង ស្ថិតនៅក្នុង​ភូមិសាស្ដ្រ ស្រុកស្រែ​អំបិល​»​។

លោក សុទ្ធី បញ្ជាក់ថា ការជួល​ដី​រដ្ឋ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន វិនិយោគ គឺ​ត្រូវមាន​ការអនុញ្ញាត​ផ្ដល់​សិទ្ធិ​ពី​រាជរដ្ឋាភិបាល ហើយ​ក្រសួងសាមី​ដែល​មាន​សមត្ថកិច្ច​លើ​ការគ្រប់គ្រង​ដី ជា​អ្នក​ផ្តួចផ្ដើម​រៀបចំ​នីតិវិធី​ក្នុង​ការស្នើសុំ សម្រាប់​ការធ្វើ​វិនិយោគ​។

លោក​បន្តថា​៖ «​អ្វីដែល​ចុះមក​ពិនិត្យ​នេះ គឺ​ក្រុមការងារ​អន្តរក្រសួង ចុះមក​ពិនិត្យមើល​ទីតាំង​ដី​ជាក់ស្ដែង​ថា តើ​បាន​គោរព​ទៅ​តាម​លិខិតបទដ្ឋាន​ដែរឬទេ​»​។

លោក​ សុទ្ធី ចាត់ទុក​គម្រោង​នៃ​ការវិនិយោគ​ថ្មី​នេះ គឺ​បាន​ជួយ​ជំរុញ​ដល់​កំណើន​ការអភិវឌ្ឍ និង​សេដ្ឋកិច្ច​នៅក្នុង​ខេត្ដ​កោះកុង និង​ផ្ដល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​បន្ថែម​មួយកម្រិត​ទៀតផង​ដែរ​៕