The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មកទល់​ពេលនេះ​ ការចាក់​វ៉ាក់សាំង​ការពារ​​ដុំពក​គោក្របី​អស់​​ថ្នាំ​ ៣ ​ពាន់​ដូស​ហើយ




មកទល់​ពេលនេះ​ ការចាក់​វ៉ាក់សាំង​ការពារ​​ដុំពក​គោក្របី​អស់​​ថ្នាំ​ ៣ ​ពាន់​ដូស​ហើយ

Content image - Phnom Penh Post
ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំពក​លើ​គោ​នៅ​ខេត្តព្រះវិហារ​ពីថ្ងៃ​ ២ ​កញ្ញា​។ រូបថត ក្រសួងកសិកម្ម

មកទល់​ពេលនេះ​ ការចាក់​វ៉ាក់សាំង​ការពារ​​ដុំពក​គោក្របី​អស់​​ថ្នាំ​ ៣ ​ពាន់​ដូស​ហើយ

ភ្នំពេញៈ លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតផល​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹងថា រហូតមកទល់​ពេលនេះ ក្រុមការងារ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំពក​លើ​ស្បែក​​គោក្របី​របស់​អ្នកភូមិ​បាន​ប្រមាណ ៣ ០០០ ដូស​ហើយ ចាប់ពី​ពេល​ផ្ដើម​យុទ្ធនាការ​កាលពី​ចុងខែ​មុន​នៅក្នុង​ ២៣ រាជធានី-ខេត្ត​។

កាលពី​ថ្ងៃទី​ ២៨ សីហា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចាប់ផ្ដើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំពក​លើ​ស្បែក​គោ និង​ក្របី​ (Lumpy Skin-Disease) ដែល​បាន​ឆ្លង​ចូល​ពី​ប្រទេស​ជិតខាង​មក​ក្នុង​បណ្ដា​ខេត្ត​មួយចំនួន​របស់​កម្ពុជា​។

លោក តាន់ ផាន់ណារ៉ា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៥ កញ្ញា​ថា វ៉ាក់សាំង​ដែល​បាន​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម​ចំនួន ២ ​ម៉ឺនដូស ដែល​បាន​បែងចែក​ជូនទៅ​កាន់​រាជធានី-ខេត្ត​ចំនួន ២៣ គឺ​បាន​ប្រើប្រាស់​អស់​ប្រមាណ ៣ ០០០​ ​ដូស​ហើយ​។ បច្ចុប្បន្ន ចំនួន​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​នៅមាន​កម្រិត ដូច្នេះ​ក្រុមការងារ​ត្រូវ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។

លោក​បាន​បញ្ជាក់ថា​៖ «​ការចាក់​វ៉ាក់សាំង​នេះ​ដោយសារ​តែ​វ៉ាក់សាំង​យើង​នៅមានកម្រិត​ដែរ ព្រោះ​វា​មាន​តិចតួច​អ៊ីចឹង យើង​ចាក់​ទៅដល់​សត្វគោ​ប្រជាពលរដ្ឋ ក៏ត្រូវ​ប្រយ័ត្នប្រយែង ដោយ​មិន​យកទៅ​បុក​ទាំងអស់​តែម្ដង​ទេ​ (​ចាក់​ឱ្យអស់​)​។ យើង​ចាក់ ហ៊ុមព័ទ្ធ ជុំវិញ​តំបន់​ឆ្លង​កុំ​ឱ្យ​វា​ឆ្លងទៅ​កន្លែង​ផ្សេងទៀត​»​។

ជាមួយ​នឹង​ការត្រៀម​វ៉ាក់សាំង​នេះ លោក តាន់ ផាន់ណារ៉ា បានឱ្យដឹង​ទៀតថា ក្រសួង​កំពុង​បន្ត​ចរចា​ជាមួយ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំពក​គោក្របី​បន្ថែមទៀត​ឱ្យបាន​ឆាប់​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​ឱ្យបាន​ទូលំទូលាយ និង​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ឱ្យបាន​ទាន់​វេលា​ ខណៈ​ដំណើរការ​ចរចា​នេះ​ជិត​សម្រេចបាន​ជោគជ័យ​ហើយ​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតផល​សត្វ​កាលពី​ថ្ងៃទី​ ៣១ សីហា ឆ្នាំ​ ២០២១ ថា ជំងឺ​នេះ​បាន​ផ្ទុះ​ជា​លើកដំបូង​នៅ​ដើមខែ​មិថុនា ក្នុង​ខេត្តព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ហើយ​បន្ទាប់មក​​ឆ្លង​ដល់​ខេត្ត​ជាប់​ព្រំដែន​មួយចំនួនទៀត ដែល​គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែ​សីហា គឺមាន​គោ​ឈឺ​ចំនួន​ជិត​ ៣ ​ម៉ឺន ​៩ ​ពាន់​ករណី នៅក្នុង​ស្រុក​ចំនួន​ ១៥៨ ​នៃ​រាជធានី-ខេត្ត​ចំនួន​ ២៣​។

របាយការណ៍​ដដែល​បានឱ្យដឹង​ដែរ​ថា ក្នុងនោះ​មាន​គោ​ជាសះស្បើយ​ចំនួន​ ៥៥ ​ភាគរយ ឬ​ចំនួន​ ២១ ៤៣៩ ​ក្បាល និង​កំពុង​ឈឺ ឬ​ព្យាបាល​នៅឡើយ​មាន​ ៤៤ ​ភាគរយ​ ឬ​ស្មើ​ ១៦ ៩៥១ ​ក្បាល ហើយ​សត្វ​គោ​ដែល​បាន​ងាប់​មាន​ចំនួន​ ១ ​ភាគរយ ឬ​ស្មើ​ ៣៧៥ ​ក្បាល ដោយ​ភាគច្រើន​លើ​កូនគោ​។

លោក តាន់ ផាន់ណារ៉ា បាន​អះអាង​ថា ការឆ្លង​រីករាល​នៃ​ជំងឺ​នេះ​គឺ​សត្វ​ដែល​ងាយ​ទទួលរង​មាន​ចំនួន​រហូតដល់ ៩៨៤ ៤២០ ​ក្បាល ព្រោះ​ការផ្ទុះ​ជំងឺ​ដុំពក​ស្បែក​គោ ក្របី​នៅ​កម្ពុជា​មាន​ការកើនឡើង គួរឱ្យ​កត់សម្គាល់​ចាប់តាំងពី​ឆ្លង​ចូលមក​កម្ពុជា​កាលពីដើម​ខែមិថុនា ឆ្នាំ​ ២០២១ មក ដោយមាន​សភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ការគាំទ្រ​ជាបន្ទាន់​។

លោក​ថា ការផ្ទុះ​នូវ​ជំងឺ​ថ្មី​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ជា​​ខ្លាំង​ដល់​សេដ្ឋកិច្ច​នៃ​អ្នក​ចិញ្ចឹម ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​នាពេល​បច្ចុប្បន្ន​។

សូមជម្រាបថា ជំងឺ​ដុំពក​ស្បែកគោ ក្របី (Lumpy Skin Discuse) ដែល​ហៅ​កាត់​ថា LSD បាន​ផ្ទុះ​ជា​លើកដំបូង​នៅ​ឆ្នាំ​ ១៩២៩ នៅ​ប្រទេស ស៊ែប៊ី ហើយ​បាន​ឆ្លង​រាលដាល​ចូល​​ដល់​ទ្វីប​អាហ្វ្រិក បន្ទាប់មក​មាន​ឆ្លង​​ទៅ​មជ្ឈិមបូព៌ា អឺរ៉ុប​ប៉ែក​អាគ្នេយ៍ អាស៊ី​កណ្តាល អាស៊ី​ខាងត្បូង និង​ប្រទេស​ចិន ដែល​បង្ក​ការខូចខាត​ដ៏ធ្ងន់ធ្ងរ​ដល់​គ្រួសារ​កសិករ​ចិញ្ចឹមសត្វ និង​សេដ្ឋកិច្ចជាតិ​។

តាម​ការរាយការណ៍​នៅលើ​គេហទំព័រ​របស់​អង្គការ​ស្បៀង និង​ម្ហូបអាហារ​នៃ​អង្គការ​សហប្រជាជាតិ​ (FAO) ​នៅ​ប្រទេស​ចិន ជំងឺ​នេះ​ចាប់ផ្តើម​រីករាលដាល​តាំងពី​ខែកក្កដា​​ឆ្នាំ​ ២០១៩ រហូតមកដល់​ខែមេសា ឆ្នាំ​ ២០២១ មាន​ចំនួន​ ៤៧ ​កន្លែង រីឯ​នៅ​ប្រទេស​វៀតណាម​ ជំងឺ​នេះ​បាន​ផ្ទុះឡើង​ចាប់ពី​ខែតុលា ឆ្នាំ​ ២០២០ រហូតមកដល់​ខែមេសា ឆ្នាំ​ ២០២១ មាន​ចំនួន​ ៤១ ​កន្លែង និង​នៅ​ប្រទេស​ឡាវ​មាន​ករណី​ផ្ទុះ​ជំងឺ​នេះ​ចាប់ពី​ចុងខែ​ឧសភា រហូត​មក​ដល់​ខែកក្កដា​ឆ្នាំ​ ២០២១ មាន​ចំនួន​ ៩ ​កន្លែង​។

ចំណែកឯ​នៅ​ប្រទេស​ថៃ​មាន​ករណី​ផ្ទុះ​ជំងឺ​នេះ​ចាប់ពី​ខែមីនា ឆ្នាំ​ ២០២១ រហូតមកដល់​ខែកក្កដា ឆ្នាំ​ ២០២១ ​មាន​ផ្ទុះ​ចំនួន​ ១៨៤ ​កន្លែង ជាពិសេស​នៅ​តំបន់​ព្រំប្រទល់​ជាប់​កម្ពុជា​មានដូចជា ខេត្ត​សុរិន្ទ ប៊ូរីរ៉ាំ អ៊ូប៊ុន រ៉ាត់ឆាថានី និង​ខេត្ត​ស៊ីសាកេត​ជាដើម​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍