ភ្នំពេញៈ មនុស្ស​ចំនួន ​១៣ នាក់​បន្ថែម​ទៀត​ បានស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩​ និង​បាន​រកឃើញ​អ្នក​ឆ្លងថ្មី​ជាង ​៥០០ នាក់ ​និង​មាន​អ្នកជា​សះ​ស្បើយ​ជាង ​៤០០ នាក់។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល ​នា​ថ្ងៃ​ទី៦ ​ខែកញ្ញា​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ​បានឱ្យ​ដឹងថា ​ក្រសួង​បានរក​ឃើញ​អ្នក​មាន​វិជ្ជមាន​វីរុស​កូវីដ ១៩ ​បន្ថែម​ទៀត​ចំនួន​ ៥២៨ នាក់ ​និង​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះ​ស្បើយ​ចំនួន ៤៤៧ នាក់។ អ្នក​ដែល​រកឃើញ​ឆ្លង​ថ្មី​នេះ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន​ ៣៤០ នាក់ ​និង​អ្នកដំណើរ​មកពី​បរទេស​ចំនួន​ ១៨៨ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៦ ​ខែកញ្ញា ​ឆ្នាំ ២០២១ ​ប្រទេស​កម្ពុជា​ មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ​សរុប ​ចំនួន ​៩៥ ៨២៨ នាក់ ​អ្នក​ជាសះ​ស្បើយ​សរុប​ចំនួន​ ៩១ ១៣១ នាក់ ​និង​អ្នកស្លាប់​បាន​កើន​ឡើង​ចំនួន ​១ ៩៧០ នាក់។

លោក ​ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ​នៅ​ព្រឹក​ថ្ងៃទី ៦ ​ខែកញ្ញា​នេះ ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា ​អត្រា​ចម្លង​ជំងឺ​កូវីដ ១៩ ​បានថយ​ចុះ​គួរ​ឱ្យកត់​សម្គាល់។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី ​លោក​បានបន្ត​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​រក្សា​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ​និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​ «៣ ការពារ ​៣ កុំ» ​ដើម្បី​រួមគ្នា​លុប​បំបាត់​ការចម្លង​ជំងឺ​ដ៏កាច​សាហាវ​នេះ៕