ភ្នំពេញៈ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ​នៃ​ខេត្ត​បន្ទាយ​មានជ័យ ​បាននិយាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នៅតំបន់​ទីទំនាប​ជាប់​មាត់​អូរ​ព្រំដែន ​នៅ​មិនទាន់​ថមថយ​នៅ​ឡើយ​ទេ ​ខណៈ​ផ្ទៃមេឃ​អាប់អួ​ និង​បន្ត​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន។

លោក​ គាត ហ៊ុល ​អភិបាល​ក្រុង​ប៉ោយប៉ែត ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ​គិត​ត្រឹម​ថ្ងៃទី ៦​ ខែ កញ្ញា ​ឆ្នាំ​ ២០២១ នេះ​ ជំនន់​ទឹក​ភ្លៀង​ បានជន់​លិច​ចូល​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ស្ទឹងបត់​ នៃ​សង្កាត់​ផ្សារ​កណ្ដាល​ចំនួន ​១៦ ខ្នង​ផ្ទះ។ ប៉ុន្តែ​វា​នៅ​មិនទាន់​ដល់​កម្រិត​ដែល​ត្រូវ​ព្រួយ​បារម្ភ ​ឬ​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅឡើយ​ទេ។

លោក​បញ្ជាក់ថា​៖ «នៅ​ពេលនេះ ​ទឹក​ទើបតែ​ជន់​លិច​ត្រឹម​ស្មង​ជើង​ប៉ុណ្ណោះ។ ទោះយ៉ាង​ណា ​យើង​បានត្រៀម​កម្លាំង ​និង​មធ្យោ​បាយ​សម្រាប់​ការជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​រួចរាល់​ហើយ ​និង​បានរៀបចំ​ឧបករណ៍​វាស់​ស្ទង់​កម្ពស់​ទឹក​ និង​ផ្ដល់​សញ្ញា​គ្រោះ​អាសន្ន​នៅក្នុង​តំបន់​នោះ​រួចរាល់​ដើម្បី​ឱ្យ​ពលរដ្ឋ​បានដឹង​ជាមុន​ផង​ដែរ»។

លោក​ ឃុន សុខា ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ថា ​នៅ​ពេល​នេះ​ ស្ថានភាព​គ្រោះ​ជំនន់​ទឹកភ្លៀង​មិនទាន់​បង្ក​ឱ្យ​មាន​ក្ដី​ព្រួយ​កង្វល់​ឡើយ។ ព្រោះ​នៅពេល​នេះ​ទឹក​មិន​ហូរចាក់​បំពេញ​បឹង ​ស្ទឹង​ ព្រែក ​និង​អាង​ស្តុកទឹក​នៅ​ឡើយ ​ហើយ​នៅតាម​វាលស្រែ​របស់​ប្រជាកសិករ​ក្នុង​តំបន់​មួយចំនួន ​ក៏មិន​ទាន់​មានទឹក​ដក់នៅ​ឡើយ​ដែរ។

លោក​បានថ្លែងថា​៖ «ជាការពិត ​ចាប់ពី​ចុង​ខែសីហា​មកទល់​ពេល​នេះ ​ភ្លៀង​បានធ្លាក់​ជាបន្ត​បន្ទាប់ ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​ បានបង្ក​ជាជំនន់​ទឹកភ្លៀង​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ខេត្ត​ជាប់​មាត់​សមុទ្រ ​និង​ខេត្ត​ភាគពាយព្យ​នៃ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​មិនទាន់​បង្ក​ឱ្យ​មាន​ក្ដី​ព្រួយ​បារម្ភ​នោះ​ទេ»។

ទោះយ៉ាង​ណា ​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តាម​តំបន់​ទី​ទំនាប​ជាប់​មាត់​ទឹក ​ឬតំបន់​ផ្ទៃរងទឹក​ភ្លៀង ​ដែល​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង ​គប្បី​បង្កើន​ការប្រុង​ប្រយ័ត្ន ​និង​ត្រូវ​យកចិត្ត​ទុកដាក់​អំពី​សុវត្ថិភាព​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន។ ជាពិសេស​ កុមារ​តូចៗ ​និង​ចាស់ជរា​ធ្វើ​យ៉ាងណា​កុំ​ទុក​ពួកគាត់​ឱ្យ​នៅ​តែ​ឯង។

កាលពី​ថ្ងៃសុក្រ​សប្ដាហ៍​មុន​ ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​បានព្យាករ​ថា ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​ ពេញ​ ១ សប្ដហ៍​នេះ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ​ដែលអាច​បង្ក​ជាជំនន់​ទឹក​ភ្លៀង​នៅ​ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ ​និង​បណ្ដា​ខេត្ត​មួយចំនួន​ទៀត ​ដែល​ស្ថិតនៅ​តាម​តំបន់​វាល​ទំនាប​កណ្ដាល​ជាប់​បឹង​ទន្លេសាប ជួរ​ភ្នំក្រវាញ ​និង​មាត់​សមុទ្រ។

តាម​រយៈ​ការព្យាករ​នេះ ​អាជ្ញាធរ​នៃ​បណ្ដា​ខេត្ត​មួយចំនួន​ក៏បាន​ចាត់​វិធានការ​កាយ​ប្រឡាយ ​និង​កាត់​ផ្ដាច់​ផ្លូវ​ទំនប់​មួយចំនួន​ ដើម្បី​បង្ការ​ការជន់​លិច​ផ្លូវ ​និង​លំនៅឋាន​ប្រជាពលរដ្ឋ​ផង​ដែរ៕