ភ្នំពេញៈ​ ប្រព័ន្ធ​អង្គ​ការស​ហប្រជា​ជាតិ​នៅ​កម្ពុជា​ប្រកាស​ស្វាគម​ន៍​នូវ​ក្រប​ខ័ណ្ឌ​គោល​នយោបាយ​គ្រប់​ជ្រុង​ជ្រោយ​ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ដោយ​រាជរដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​ការស្ដា​រ​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ ១៩​ ដែល​មាន​លក្ខណៈ​បរិ​យាប​ន្ន​សម្រាប់​ជន​មាន​ពិការ​ភាព​។

អង្គ​ការស​ហប្រជា​ជាតិ​នៅ​កម្ពុជា​លើកឡើ​ងថា​ជន​មាន​ពិកា​រភាព​នៅ​កម្ពុជា​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន​ដូច​ជា វិ​សមភា​ព និង​ការរើ​សអើ​ង ក្នុង​ការទ​ទួលបាន​សេវា​អប់រំ សេវា​ថែទាំ​សុខភាព​ មុខ​របរ និង​ការងារ​ សេវា​គាំពារ​សង្គម សេវា​យុត្តិ​ធម៌និង​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ជាដើម។នេះ​បើតាម​សេ​ចក្ដីប្រកា​ស​ព័ត៌មាន​របស់​ UN ប្រចាំ​នៅ​កម្ពុជា​ស្ដីពី «ការគាំទ្រ​ដល់​ជន​មាន​ពិការ​ភាពនិង​ការឆ្លើ​យតប​​ចំពោះ​ជំងឺ​កូ​វីដ ១៩» នៅ​ថ្ងៃទី ៦​ ខែកញ្ញា​ ឆ្នាំនេះ​។

បើតាម UN ការឆ្លង​រាត​ត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ ១៩ បង្ក​ការគំរាមកំហែ​ង​ដល់​សមាជិក​ទាំងអស់​ក្នុង​សង្គម​ ប៉ុន្តែ​ជន​មាន​ពិការភាព​ជាច្រើន​នាក់​បាន​ជួបប្រទះ​នឹង​បញ្ហា​វិសមភាពជា​ពិសេស​សម្រាប់​ស្ត្រី​ និង​ក្មេងស្រី​មាន​ពិការភាព​​ដូច​ជា ការ​មាក់​ងាយ ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ មធ្យោបាយ​ធ្វើដំណើរ​ និង​សេវា​ព័ត៌មាន​ដែល​ពុំបាន​បង្ក​ភាពងាយស្រួ​ល​​ដល់​​ពួកគេ​​ ។

UN បញ្ជាក់​៖ «ប្រព័ន្ធ​អង្គការស​ហប្រជា​ជាតិ​នៅ​កម្ពុជា​សូម​ស្វាគម​ន៍​ក្របខ័ណ្ឌ​គោលនយោ​បាយ​​គ្រប់​ជ្រុងជ្រោយ​ដែល​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​ដោយ​រាជរដ្ឋា​ភិបាល​ ដើម្បី​គាំទ្រ​ដល់​ការស្ដារ​ឡើងវិ​ញ​ក្រោយ​វិបត្តិ​កូ​វីដ ១៩ ​ដែលមាន​លក្ខណៈ​ប​រិ​យាប​​ន្ន​សម្រា​ប់​ជន​មាន​ពិការ​ភាព​»។

UN បានលើកឡើងថា ​ការអនុម័ត​ច្បាប់​ស្តីពី​ពិការភាព​ថ្មី​នាពេល​ខាងមុ​ខ (រំពឹងថា ​នឹងអនុម័ត​ក្នុង​ឆ្នាំ ២០២២) ដែ​ល​នឹង​ឆ្លុះ​បញ្ចាំង​ពី​អភិក្រម​ផ្អែក​តាម​សិទ្ធិ​ដូច​ចែង​ក្នុង​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ ​(CRPD) នឹងដាក់​ចេញ​នូវ​មូលដ្ឋាន​គ្រឹះ​រឹងមាំ​សម្រាប់​ការអនុវត្ត​សកម្ម​ភាព​នាពេល​​អនាគ​ត​។

ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ​(២០១៩-២០២៣NDSP2) ក៏​ផ្តល់នូវ​ក្របខ័ណ្ឌ​សម្រាប់​ឱ្យ​ក្រសួង​ស្ថាប័ន​ ទាំង​នៅ​ថ្នាក់ជាតិ​និង​នៅ​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ផងដែរ។ លើសពីនេះ ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារសង្គម ២០១៦-២០២៥ (SPPF) បានដាក់ចេញ​នូវ​ចក្ខុវិស័យ​ ដើម្បី​ពង្រីក​វិសាលភាព​គ្របដណ្តប់​និង​បង្កើន​ភាពប្រទាក់ក្រឡា​គ្នា​នៃ​កម្មវិធី​ជំនួយ​សង្គម​កម្ម វិធី​ធានារ៉ាប់រង​សង្គម​និង​កម្មវិធី​ទីផ្សារការងារ។

បើតាម UN ជន​មាន​ពិការភាព​នៅ​កម្ពុជា​ក៏ងាយ​ទទួលរង​អំពើហិង្សានិង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ផងដែរ។ ស្ត្រីនិង​ក្មេងស្រី​មាន​ពិការភាព​ជួបប្រទះ​នឹង​ការរើសអើង និង​ឧបសគ្គ​បន្ថែមទៀតនៅពេល​ពួកគេ​ទៅ​ទទួល​សេវា បើ​ធៀបនឹង​បុរស​ដែលមាន​ពិការភាព។

យោង​តាម​ជំរឿន​ប្រជា​ជន​ទូទៅ​នៅ​កម្ពុជា​ឆ្នាំ ២០១៩ បុរស​កម្ពុជា ៤,៩​ ភាគ​រយ (​ស្មើនឹង ៦៨៩ ៥​៣២ នាក់) ដែល​មាន​អាយុ​ចាប់ពី ៥ ឆ្នាំ​​ឡើងទៅ​​បាន​រាយការណ៍​ថា ធ្លាប់​​ជួបនឹង​ការ​លំបាក​មួយចំ​នួន​ក្នុងការ​បំពេញ​មុខងារងាយ​ៗប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

​លោក​ ឯម ​ច័ន្ទ​មករា​ អគ្គលេ​ខាធិ​ការ​នៃ​អគ្គលេខាធិ​ការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​នៅ​ថ្ងៃទី ៦ ​ខែកញ្ញា​ ​បាន​​ស្វាគ​មន៍​ចំពោះ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ​និង​រង់​ចាំ​ផ្តល់​កិច្ចស​ហប្រ​តិបត្តិការ​ជាមួយ​អង្គ​ការស​ហប្រជាជាតិ​​ ដើម្បី​ឧត្តម​ប្រយោជន៍របស់​ជន​មាន​ពិការភា​ព​នៅ​កម្ពុជា​។

លោក​ថ្លែ​ង​ថា៖ «​ខ្ញុំ​សង្ឃឹមថា​ គម្រោង​នេះ​នឹង​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ជន​មាន​ពិការភាព​ក្រោយ​ប៉ះពាល់​ដោយ​វីរុស​កូ​វីដ ១៩»។

លោក ​យៀប​ ម៉ាលី​ណូ​ ប្រធាន​នាយក​ដ្ឋាន​សុខុមា​ល​ភាព​ជនពិការ​ក្រសួង​សង្គមកិច្ច​អតីតយុ​ទ្ធជន​និង​យុវនីតិ​សម្បទា បាន​ថ្លែង​នៅ​ថ្ងៃទី ៦ ខែ​កញ្ញា​ដែ​រ​ថា រា​ជរដ្ឋា​ភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សង្គមកិច្ច​មាន​កិច្ចស​ហកា​រ​ល្អជា​មួយប្រព័ន្ធ​​អង្គកា​រស​ហ​ប្រជាជាតិ​​នៅ​កម្ពុជា ក៏ដូចជា​អង្គការ​ដៃគូ​មួយចំ​នួន​ទៀត លើ​វិស័យ​ពិការភា​ព​នៅ​កម្ពុជា​។

លោក​ថា៖​ «យើង​ដឹង​ហើយ​ថាពិការ​ភាព​គឺជា​បញ្ហា​អន្តរ​វិស័យ​ដែល​ទាមទា​រ​ឱ្យមាន​ការ​យក​ចិ​ត្ដ​ទុក​ដាក់​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​ស្ថាប័​ន​រាជរ​ដ្ឋាភិ​បាល ដៃគូ​អភិវ​ឌ្ឍន៍ ក៏ដូច​ជា​ប្រព័ន្ធ​អង្គកា​រស​ហប្រ​ជាជាតិ​នៅ​កម្ពុជា​»។

លោក​បាន​ឱ្យដឹ​ងថា ​កិច្ចការក្នុង​វិស័យ​ពិការ​ភាព​​កន្លង​មក គឺមាន​វិសាលភា​ព​ទូលំទូ​លាយ​រាប់​ចាប់ពី​កុមារ​ពិការ​ភាព​ទៅដល់​មនុស្ស​វ័យចា​ស់​មា​ន​ពិការ​ភាព។ក្នុង​ក្រ​បខ័​ណ្ឌ​នៃ​កិច្ច​សហប្រ​តិប​ត្ដិការ​ជា​ដៃគូ​ជាមួយ​ប្រព័ន្ធ​អ​ង្គកា​រ​សហប្រ​ជាជាតិ​នៅ​កម្ពុជាកន្លងម​ក ពិសេ​ស​ជាមួយ​អង្គការ UNICEF បាន​ឈានមុ​ខ​នៅក្នុង​កិច្ចការ​ពិការភាព​នេះ។

លោក ម៉ា​លី​ណូ បា​នឱ្យដឹង​ថា ក្នុង​ចំណោម​ជន​មាន​ពិការភាព​ទូទាំង​ប្រទេស​ប្រមាណ ៦៨​ ម៉ឺន​នាក់ គឺ​ជន​មាន​​ជាង១២ ម៉ឺន​នាក់​បាន​ស្ម័គ្រចិ​ត្ដ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ហើយ​កំពុង​បន្ត​ចាក់​នៅតាមខេត្ដ​សម្រាប់​ជន​មាន​ពិការភាព​ដែល​មិនទា​ន់បាន​ចាក់។

ប្រព័ន្ធ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​កម្ពុជា​អះអាងថា កំពុងផ្តល់​ការគាំទ្រ​យ៉ាងសក​ម្មដល់​រាជរដ្ឋាភិ​បាលក្នុង​កិច្ចខិតខំ​ប្រឹ​ងប្រែង​ ដើម្បី​ធានាឱ្យមាន​ឆ្លើយត​ប​ចំពោះ​ជំងឺ​កូ​វីដ ១៩ ប្រក​បដោយ​ប្រសិទ្ធភា​ពនិង​មាន​បរិ​យាប​ន្ន​សម្រាប់​ជនមាន​ពិការភាព។

បើតាម UN ដើម្បី​ធានា​សិទ្ធិ​និង​សុខុ​មាលភា​ព​របស់​ជន​មាន​ពិការ​ភាព ​និង​ការទទួលបាន​សេវា​ និង​ការ​គាំទ្រ​នានា​ទាម​ទារ​ឱ្យមាន​ការ​ប្តេជ្ញា​ចិត្ត ​និង​ភាព​ច្នៃប្រឌិត​ពី​គ្រប់​តួអង្គ​ពាក់​ព័ន្ធ​ទាំងអស់​។ ជា​មួយគ្នា​នេះ​ចាំបាច់​ត្រូវមាន​ការយ​កចិត្តទុ​កដាក់​ជាប​ន្ទាន់ ​ដើម្បី​ធានា​ឱ្យ​មាន​សមត្ថ​ភាព​ឆ្លើយតប​​ចំពោះ​សិទ្ធិ​ និង​តម្រូវការ​ជន​មាន​ពិការភាព ​​ដើម្បី​ជួយ​ឱ្យ​ពួកគេ​ងាយស្រួ​ល​ទទួល​បាន​​សេវា​ និង​ការគាំទ្រ​ក្នុង​សហគមន៍​ ឬ​នៅ​ជិត​សហគម​ន៍​របស់​ពួក​គេផ្ទាល់។

ប្រព័ន្ធ UN បញ្ជាក់ថា៖ «អ្វី​ដែល​សំខា​ន់​ជា​ងគេ​នោះ​ជ​នមា​ន​ពិកា​រ​ភា​ពត្រូ​វ​តែជា​ចំ​ណុច​ស្នូល​នៃផែន​កា​រ​ស្តា​រឡើ​ងវិញ​។​ ពុំមា​នន​រណា​ដឹង​ច្បាស់​ជា​ងជ​ន​មាន​ពិកា​រភាព​អំ​ពីប​ញ្ហា​ប្រ​ឈ​ម និ​ង​ឧប​ស​គ្គដែ​ល​ត្រូ​វជ​ម្នះ​ក្នុ​ង​ដំណើរ​ការស្ដា​រ​ឡើងវិ​ញ​ ពីការ​រា​តត្បាតជា​ស​កល​នៃ​ជំ​ងឺកូ​វី​ដ​ ១៩​ ការ​ស្តារ​ឡើង​វិញនូ​វសុ​ខុ​មា​លភា​ព​ក៏ដូ​ច​ជា ​កា​រទទួ​ល​បា​នសិទ្ធិ​និ​ង​សេ​វាក​ម្ម​ការគាំ​ទ្រនិ​ងឱ​កា​សនានា​ប្រក​បដោ​យស​មភា​ព​ជាមួយ​នឹង​អ្នកដ​ទៃនោះឡើយ​»៕​