
សមត្ថកិច្ចចុះ ឃាត់ខ្លួនអប់រំ និងពិន័យមនុស្សករណីល្មើសវិធានរដ្ឋបាល នៅក្នុងខណ្ឌពោធិ៍សែនជ័យ នាពេលកន្លងមក។ រូបថត ហ្វេសប៊ុក
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ប្រកាសនៅព្រឹកនេះថា សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ និងពិន័យចំនួន ២០ នាក់ ប៉ុន្តែគ្មានយានយន្តល្មើស ដែលពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលទេ កាលពីម្សិលមិញ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ៧ ខែកញ្ញានេះ បានឱ្យដឹងថា នៅថ្ងៃទី ៦ ខែកញ្ញា មិនមានយានយន្តល្មើសវិធានការដែលត្រូវចាប់ឃាត់នោះទេ ប៉ុន្តែសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន ២០ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ២០ ករណី និងផ្សព្វផ្សាយច្បាប់ទៅលើទីតាំងសរុបចំនួន ៦១១ និងពិន័យជាប្រាក់បានចំនួន ២ ២០០ ០០០ រៀល៕