The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សហជីព​កំណត់​តួលេខ​ ២២,២ ​ដុល្លារ​​សម្រាប់​ចរចា​ដំឡើង​ឱ្យ​កម្មករ​ឆ្នាំ​ ២០២២




សហជីព​កំណត់​តួលេខ​ ២២,២ ​ដុល្លារ​​សម្រាប់​ចរចា​ដំឡើង​ឱ្យ​កម្មករ​ឆ្នាំ​ ២០២២

Content image - Phnom Penh Post
កម្មករចេញពីធ្វើការក្នុងរោងចក្រ ១ កន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ។ ហេង ជីវ័ន

សហជីព​កំណត់​តួលេខ​ ២២,២ ​ដុល្លារ​​សម្រាប់​ចរចា​ដំឡើង​ឱ្យ​កម្មករ​ឆ្នាំ​ ២០២២

ភ្នំពេញៈ តំណាង​សហជីព​ទាំង​ ១៧ ដែលមាន​ក្នុង​ក្រុមការងារ​ចរចា​ប្រាក់​ឈ្នួល បាន​សម្រេច​ឯកភាព​រួមគ្នា​កំណត់​យក​តួលេខ ២២,២ ​ដុល្លារ​អាមេរិក ដើម្បី​ដាក់​ស្នើ​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​គោល​របស់​កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២២​។

ការសម្រេច​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​តំណាង​សហជីព​ទាំង ១៧ តំណាង​ឱ្យ​សហជីព​ទូទាំង​ប្រទេស​បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​នៅ​ថ្ងៃទី​ ៦ កញ្ញា ដោយមាន​ការចូលរួម​ផ្ទាល់ និង​តាមរយៈ​វីដេអូ​អនឡាញ ដើម្បី​រួមគ្នា​កំណត់​យក​តួលេខ​រួម សម្រាប់​ដាក់​ចរចា​ជាមួយ​និយោជក​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ កញ្ញា​ថា ក្រោយ​ពិភាក្សា ក្រុម​សហជីព​បាន​ឯកភាព​រួមគ្នា​ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ សម្រាប់​ឆ្នាំ​ ២០២២ ខាងមុខ​ចំនួន ១១,៦ ​ភាគរយ ឬ​ស្មើ ២២,២ ​ដុល្លារ ហើយ​តួលេខ​ដែល​បាន​សម្រេច​ស្នើ​នេះ​នឹង​នាំឱ្យ​ប្រាក់​ឈ្នួល​ដែល​កម្មករ​ទទួលបាន សម្រាប់​ឆ្នាំ ២០២២ ខាងមុខ​អាចនឹង​ទទួល​បាន​ប្រមាណ ២១៤,២ ដុល្លារ​។ ប៉ុន្តែ​តួលេខ​នេះ​គឺ​គ្រាន់តែ​តួលេខ​បណ្តោះអាសន្ន ដែល​ស្នើឡើង​ដោយ​សហជីព​ប៉ុណ្ណោះ ចំពោះ​ការសម្រេច​ជាក់ស្តែង គឺ​អាស្រ័យ​លើ​ការចរចា​បន្តទៀត ក្នុង​កិច្ចចរចា​ត្រីភាគី​។

លោក​ថ្លែងថា​៖ «​តួលេខ​នេះ គឺ​យើង​ដាក់​ទៅ​ចរចា ដូច្នេះ​តួលេខ​នេះ គឺជា​តួលេខ​ដែល​អាច​តថ្លៃ​គ្នា​បាន ហើយ​តួលេខ​នេះ​ក៏​មិនមែន​តួលេខ​ដែល​យើង​ស្រមើស្រមៃ​ដែរ គឺជា​តួលេខ​ដែល​យើង​រកឃើញ និង​ការស្រាវជ្រាវ​ស្ថិតក្នុង​លក្ខណៈវិនិច្ឆ័យ​ទាំង ៧ ​យ៉ាង​»​។

តាម​លោក ប៉ាវ ស៊ីណា នៅ​ថ្ងៃទី​ ៧ កញ្ញា​នេះ​នឹង​មាន​ជំនួប​ត្រីភាគី​ជា​លើកដំបូង ដែល​នឹងមាន​ភាគី​មកពី​ក្រសួង​ការងារ តំណាង​សហជីព និង​និយោជក ដោយ​លោក​រំពឹងថា ការចរចា​ក្នុង​ការដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​នឹង​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន​។

លោក​ថ្លែងថា​៖ «​យើង​ឃើញថា ពេលនេះ​ផលប្រយោជន៍​កម្មករ​កំពុងតែ​បាត់បង់​។ ដូច្នេះ បើសិនជា​ប្រាក់​ឈ្នួល​ឡើង​ឱ្យ​គាត់​តិចតួច ហើយ​ផលប្រយោជន៍​របស់​ពួកគាត់ ចេះតែ​ត្រូវបាន​បាត់បង់ អ៊ីចឹង​វា​ស្មើនឹង​កម្មករ​ទទួល​រងគ្រោះ​ផ្ទួនគ្នា​។ ខ្ញុំ​គិតថា ការស្នើសុំ​របស់​យើង​នេះ គឺជា​ចំនួន​មួយ​ដែល​ឆ្លើយតប​នឹង​ផលប្រយោជន៍​របស់​ពួកគាត់ ដែល​បាន​បាត់បង់​កន្លងមក និង​ត្រៀម​នឹង​បាត់បង់​បន្តទៀត​»​។

កាលពី​ឆ្នាំ​ ២០២១ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែកជើង​ពី ១៩០ ​ដុល្លារ ទៅ ១៩២ ​ដុល្លារ​ក្នុង ១ ​ខែ​។ ការដំឡើង​តែ ២ ​ដុល្លារ​នេះ​ដោយ​រដ្ឋាភិបាល​បាន​អះអាងថា វិស័យនេះ​កំពុង​ទទួលរង​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ កញ្ញា​ថា ក្រសួង​មិន​ឈរលើ​គោលជំហរ​របស់​ភាគី​ណាមួយ​ទេ ចំពោះ​ការរកឃើញ និង​ការកំណត់​ការដំឡើង​ប្រាក់​ឈ្នួល​នេះ​មុន​កិច្ចប្រជុំ​មកដល់​។

លោក​ថា​៖ «​ក្រសួង​មាន​តួនាទី​សម្របសម្រួល និង​ផ្តល់​តួលេខ និង​សម្រាយ​ចម្ងល់​របស់​ភាគី​នីមួយៗ​តែប៉ុណ្ណោះ​។ ការចរចា​ប្រាក់​ឈ្នួល គឺ​ទាមទារ​បច្ចេកទេស ចំណេះដឹង​ផ្នែក​ស្ថិតិ ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច និង​យល់​ពី​គោលបំណង​នៃ​ការរក្សា​ការងារ និង​បង្កើត​ការងារ​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​អះអាង​ថា តម្រូវការ​សម្រាប់​ការដំឡើង​ជាង ១១ ​ភាគរយ ក្នុងអំឡុងពេល​មាន​វិបត្តិ​ពិភពលោក​នេះ​ពិតជា​មិន​សមស្រប​ឡើយ​ដែល​វា​ជា​រឿង​ខុស​នឹង​សេដ្ឋកិច្ច​។

លោក​ថា​៖ «​ខ្ញុំ​សង្ឃឹមថា សហជីព​នឹងមាន​ភាពសមហេតុ​ផល ជាង​មុន​ក្នុង​ការសម្រេចចិត្ត​ក្នុង​រឿងនេះ​។ ការពិនិត្យ​ឡើងវិញ​នេះ មិន​មានន័យថា ត្រូវតែ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​នោះទេ អាច​នឹងមាន​ការដំឡើង ឬ​អាច​កាត់បន្ថយ​ចុះ ដោយ​អាស្រ័យ​លើ​ស្ថានភាព​សង្គម​​ និង​សេដ្ឋកិច្ច​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍