ស្ទឹងត្រែងៈ ម្ចាស់​ហាង​ម៉ាត​ ២ ៥០០ ​រៀល​ (​លក់​សម្ភារ​ប្រើប្រាស់​) នៅ​ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ប្តឹង​មន្ត្រី​នៃ​នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ ក.ប.ប សាខា​ខេត្តស្ទឹងត្រែង ករណី​កំហែង​ទារប្រាក់ ៥ ​ពាន់​ដុល្លារ​។ ប៉ុន្តែ​មន្ត្រី ក.ប.ប ខេត្ត​នេះ​អះអាងថា ជា​ការអនុវត្ត​តាមច្បាប់​ត្រឹមត្រូវ​។

លោក លឹម ចិត្រា ម្ចាស់​ហាង ធីតា​ ២ ៥០០ ​រៀល​ថ្លែង​នៅ​ថ្ងៃទី​ ៦ កញ្ញា​ថា នៅ​ថ្ងៃទី​ ១១ ខែសីហា មន្ត្រី ក.ប.ប សាខា​ខេត្តស្ទឹងត្រែង​បាន​ចុះទៅ​​ពិនិត្យ​ក្នុង​ហាង​របស់​លោក ហើយ​បាន​ដកហូត​អាល់កុល​ទាំងអស់​សរុប​ ១១ ​កាន ១ ​ប៊ីដុង និង ២២ ​ដប ដោយ​ចោទថា ជា​អាល់កុល​ក្លែងក្លាយ និង​បាន​កំហែង​ទារប្រាក់​ចំនួន ៥ ០០០ ​ដុល្លារ ជា​ថ្នូរ​ក្នុង​ការបិទ​សំណុំរឿង​។

លោក​បន្តថា មន្ត្រី ក.ប.ប ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​មកសុំ​ធ្វើការ​ឆែក​អាល់កុល ប៉ុន្តែ​ជាក់ស្តែង​បាន​រុះរើ​មើល​​អីវ៉ាន់​ផ្សេងៗ​ក្នុង​ហាង​។ ក្រោយ​ឆែក​រួចរាល់​មន្ត្រី​ទាំងនោះ​ប្រាប់ថា អាល់កុល​អត់​សុទ្ធ និង​ចោទថា អាល់កុល​មាន​ជាតិ​មេតាណុល​ដែល​អាច​សម្លាប់​មនុស្ស​បាន​ព្រមទាំង​ឱ្យ​លោក​ជា​ម្ចាស់ហាង​ធ្វើការ​បង់ប្រាក់​ពិន័យ​។

លោក​ថ្លែងថា​៖ «​គាត់​ថា ទារ​ទៅ​តាម​ច្បាប់ គាត់​ហ្នឹង​ថា អន្តរក្រសួង​គេ​ផាកពិន័យ​ ៥ ០០០ ​ដុល្លារ ហើយ​គាត់​ឱ្យ​ខ្ញុំ​ទៅ​សម្រួល​ជាមួយ​គាត់​ហើយ​ខ្ញុំ​ក៏បាន​ទៅ គាត់​ក៏​ទារ​ពី​ខ្ញុំ​ច្រើន​ទៅ ខ្ញុំ​អត់​មានលទ្ធភាព អ៊ីចឹង​ក៏​ខ្ញុំ​ត្រឡប់​មកផ្ទះ​វិញ​សិន​។ គាត់​ក៏​នៅតែ​ព្យាយាម​ទាក់ទង​មក​ខ្ញុំ​ឱ្យចូល​ខ្លួន​ទៅ​សម្រួល​»​។

បើតាម​ការបញ្ជាក់​របស់​លោក​ ចិត្រា ដោយ​ទ្រាំ​មិនបាន ចំពោះ​ការកំហែង​យកប្រាក់​ពី​មន្ត្រី ក.ប.ប នេះ​នៅ​ថ្ងៃទី​ ១ ខែកញ្ញា ប្រពន្ធ​របស់លោក​បាន​ដាក់​ពាក្យ​ប្តឹង​ឈ្មោះ សាយ សុក្រាបទ ប្រធាន​ការិយាល័យ ក.ប.ប និង​បក្ខពួក ទៅកាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្តស្ទឹងត្រែង​ពី​បទកំហែង​យកប្រាក់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើពុករលួយ និង​បានទាមទារ​សំណង ៥០ ០០០ ​ដុល្លារ​អាមេរិក​។

យោងតាម​ពាក្យបណ្តឹង​របស់​អ្នកស្រី ងិន ធីតា នៅ​ថ្ងៃទី​ ១១ ខែសីហា បានឱ្យដឹងថា អ្នកស្រី​សំណូមពរ​ឱ្យ​តុលាការផ្តន្ទាទោស​ឈ្មោះ សាយ សុក្រាបទ និង​បក្ខពួក​ដែល​មាន​គ្នា​ទាំងអស់​ ៧ ​នាក់​តាម​ច្បាប់ និង​ទាមទារ​សំណង​ចំនួន ៥០ ០០០ ​ដុល្លារ​។ ជាមួយគ្នា​នោះ អ្នកស្រី​ទាមទារ​ឱ្យ​ពិនិត្យ និង​លុប​នីតិសម្បទា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ហើយ​បណ្តេញ​មន្ត្រី​ទាំងនោះ​ចេញ​ពី​ក្របខ័ណ្ឌ​ផងដែរ​។

អ្នកស្រី​ ធីតា អះអាង​ថា ទង្វើ​របស់​ឈ្មោះ សាយ សុក្រាបទ និង​បក្ខពួក គឺជា​អំពើ​គំរាមកំហែង ដោយ​ការបង្ខិតបង្ខំ​ក្នុង​គោលដៅ​ឱ្យ​អ្នកស្រី​ប្រគល់​ប្រាក់​ឱ្យ​ខ្លួន​ពេញទី ជាពិសេស​ឈ្មោះ​នេះ និង​បក្ខពួក​បាន​ព្យាយាម​ញុះញង់ អ្នកស្រី ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការយកប្រាក់​សូកប៉ាន់​ខ្លួន​ដែល​ជា​ថ្នូរ​នឹង​ការមិន​អនុវត្ត​ច្បាប់​។

អ្នកស្រី​ ធីតា ​បន្ថែមថា មូលហេតុ​ដែល​អ្នកស្រី​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ សូមឱ្យ​ជួយ​រក​យុត្តិធម៌ ព្រោះ​កត់សម្គាល់​ឃើញថា ការចុះ​ត្រួតពិនិត្យ និង​ចាប់​អាល់កុល​របស់​មន្ត្រី ក.ប.ប ខេត្ត​ស្ទឹងត្រែង​នេះ​មាន​ភាពមិន​ប្រក្រតី​។

អ្នកស្រី​ថ្លែងថា​៖ «​ការដកហូត​នេះ មិនមាន​បិទ​ស្លាក​វត្ថុតាង​ឱ្យ​បាន​ត្រឹមត្រូវ​នោះទេ ដែល​អាច​មួល​គម្រប​ផ្លាស់ប្តូរ​អង្គធាតុ​អាល់កុល​ទៅ​ដាក់​អ្វី​ផ្សេង​បាន​ដែល​ធ្វើឱ្យ​នាង​ខ្ញុំ​ក្លាយជា​ជន​ខុសច្បាប់​ទាំងស្រុង​បាន​»​។

ភ្នំពេញ ​ប៉ុស្តិ៍ មិនអាច​ស្វែងរក​ទំនាក់ទំនង​ទៅ​លោក សាយ សុក្រាបទ ប្រធាន​ការិយាល័យ ក.ប.ប សាខា​ខេត្តស្ទឹងត្រែង​បានទេ​នៅ​ថ្ងៃទី​ ៦ ខែកញ្ញា​។ ប៉ុន្តែ​លោក ពៅ ណារិទ្ធ មន្ត្រី ក.ប.ប ប្រចាំខេត្ត​នេះ​បាន​ឱ្យ​ដឹងថា កន្លងមក​មិនដែល​មាន​ការផាកពិន័យ​ឡើយ ប៉ុន្តែ​ក្រោយពី​មាន​ចេញ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ នៅ​ឆ្នាំ​ ២០១៩ គឺ​តម្រូវឱ្យ​មាន​ការផាកពិន័យ បើសិន​មន្ត្រី ក.ប.ប រកឃើញ​កំហុស​របស់​អាជីវករ​។

លោក​បញ្ជាក់ថា កន្លងមក​មន្ត្រី ក.ប.ប បាន​ធ្វើការ​ណែនាំ​អាជីវករ​ជាច្រើន​ឆ្នាំ​មកហើយ ទម្រាំ​មាន​ការផាកពិន័យ​នេះ ប៉ុន្តែ​ម្ចាស់​ម៉ាត​មិន​ព្រម​ចូលខ្លួន ហើយ​បែរជា​ប្តឹង​មន្ត្រី ក.ប.ប នៅ​ស្ទឹងត្រែង​ទៅវិញ​។ លោក​ថ្លែងថា​៖ «​ពួកខ្ញុំ​ចុះ​ធ្វើការ​គឺ​អនុវត្ត​តែ​តាមច្បាប់ ដែល​គេ​កំណត់ឱ្យ​តែប៉ុណ្ណោះ អត់​មាន​ហ៊ាន​ធ្វើ​អី​ខុសពី​ច្បាប់​កំណត់​នោះទេ​»​។

លោក​បាន​អះអាងថា ការផាក​ពិន័យ​នេះ​មាន​ការចេញ​វិក្កយបត្រ​បង្កាន់ដៃ​បង់ប្រាក់ និង​បណ្ណ​ពិន័យ​ត្រឹមត្រូវ​។ ចំពោះ​ការពិន័យ​ទៅលើ​ធីតាម៉ាត ២៥០០ ​រៀល​នេះ ដោយសារ​មន្ត្រី​បាន​រកឃើញថា​មាន​អាល់កុល​មិន​សុទ្ធ​ទាំងអស់​សរុប​ប្រមាណ​ ១៤ កាន រួមទាំង​ទំនិញ​ខូចគុណភាព​ជាច្រើន​ទៀត​។

លោក​ថ្លែងថា​៖ «​ពិន័យ​សរុប​ទាំងអស់​ហ្នឹង ក្នុង​វិក្កយបត្រ​ខ្ញុំ​ឃើញ​គណនេយ្យ​គាត់​ពិន័យ ៤ ​លាន​កន្លះ​ហើយ​ក្នុង​ច្បាប់​ហ្នឹង​គេ​ឱ្យ​ពិន័យ​រហូតដល់​ ២០ ​លាន​រៀល​។ ប៉ុន្តែ​ពួកខ្ញុំ​មិន​អនុវត្ត​រហូតដល់​ ២០ ​លាន​រៀល​ទេ យើង​អនុវត្ត​ក្រោម​ហ្នឹង​ដោយ​យល់ថា សភាពការណ៍​បច្ចុប្បន្ន​មាន​បញ្ហា​ជំងឺ​កូវីដ​ ១៩»៕

វីដេអូ៖