ភ្នំពេញៈ រាជបណ្ឌិត្យសភា​កម្ពុជា​កំពុង​បន្ត​អនុវត្ដ​ការអភិរក្ស និង​អភិវឌ្ឍន៍​សត្វ​ក្របី​នៅ​ប្រទេស​កម្ពុជា ដោយ​គិត​ត្រឹម​ថ្ងៃទី​​ ៦ កញ្ញា ក្របី​ចំនួន​ ១២០ ​ក្បាល​ហើយ ដែល​សប្បុរសជន​បានផ្តល់​ឱ្យមក​ចិញ្ចឹម​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេជោសែន ឫស្សី​ត្រឹប ស្ថិតនៅ​ស្រុក​ឆែប ខេត្ដ​ព្រះវិហារ​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ​នា​ថ្ងៃទី​ ៦ កញ្ញា ថា​ចាប់​តាំងពី​ការបង្កើត​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន​ឫស្សីត្រឹប រាជបណ្ឌិត្យសភា​មាន​ផែនការ​ជំរុញ​លើ​ផលិតកម្ម​សត្វ ដោយ​ចាប់តាំងពី​ឆ្នាំ​ ២០១៨ គឺ​ផ្ដើមចេញពី​សត្វគោ​ទឹកដោះ សត្វ​ចៀម សត្វ​ពពែ​។ ចំណែក​ការអភិរក្ស និង​អភិវឌ្ឍន៍​សត្វ​ក្របី​បាន​ចាប់ផ្ដើម​កាលពី​ខែមេសា ឆ្នាំ​ ២០២១​។

លោក​ថ្លែងថា​៖ «​ការអភិរក្ស និង​អភិវឌ្ឍន៍​សត្វ​ក្របី​នេះ យើង​ធ្វើឡើង​មាន​ ៤ ​ចំណុច គឺ​ទី​១ ​កុំឱ្យ​ដាច់​ពូជ​ប្រភេទ​សត្វ​ក្របី​នេះ​ពី​ក្នុង​ប្រទេស​កម្ពុជា​។ ទី២ ប្រទេស​កម្ពុជា​ជា​ប្រទេស​កសិកម្ម ដូច្នេះ​យើង​គួរតែ​ផលិត​អ្វីដែល​កម្ពុជា​អាចធ្វើ​បាន​។ ទី​៣ ការរៀបចំ​អភិវឌ្ឍ​ពូជ​សត្វ​ក្របី​នេះ និង​ទី​៤ គឺ​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កសិករ​បានដឹង​»​។

បើតាម​លោក​ សុខ ទូច ចាប់ពី​ការប្រមូល​ពូជ​ក្របី​កាលពី​ខែមេសា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ទទួល​ក្របី​ពី​សប្បុរសជន​ចំនួន​ ១២០ ​ក្បាល ក្នុងនោះ​មានពូជ​ក្របី​ស្រងែ ពូជ​ក្របី​កតាំង ពូជ​ក្របី​សំពៅ និង​ពូជ​ក្របីឃ្លៀច​។

លោក​ថ្លែងថា​៖ «​រាជបណ្ឌិត្យ​សភា​កម្ពុជា​សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​បណ្ឌិត​សភាចារ្យ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្ដល់​ក្របី​ពូជ​សរុប​ចំនួន​ ៧២ ​ក្បាល​»​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ឧបត្ថម្ភ​ក្របី​ ២៧ ​ក្បាល និង​សប្បុរសជន​មួយចំនួនទៀត​ឧបត្ថម្ភ​ក្របី​ចំនួន​ ២១ ​ក្បាល​។

តាមរយៈ​ជំនួយ​របស់​សប្បុរសជន​សត្វ​ក្របី​ទាំងនេះ​បាន​ប្រមូល​ទិញ​មកពី​គ្រប់​ប្រភព​នានា​ក្នុង​ប្រទេស​កម្ពុជា យក​មក​អភិរក្ស និង​អភិវឌ្ឍ​។ ក្របី​ដែល​សប្បុរសជន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ គឺជា​ប្រភេទ​ក្របី​ជំទង់​ ដើម្បី​ធ្វើការ​សិក្សា​ពី​ខ្សែជីវិត និង​ការវិវឌ្ឍ​របស់​វា​។ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ សុខ ទូច​។

លោក​បន្ថែមថា​៖ «​ក្រោយពី​យើង​សិក្សា​ចប់ យើង​នឹង​អាច​ដឹងថា ក្របី​មួយ​នេះ វា​ត្រូវ​ចំណាយ​ទុន​ប៉ុន្មាន ហើយ​បាន​ផល​មកវិញ យ៉ាងម៉េច​ដើម្បី​ផ្ដល់​ឱ្យទៅ​កសិករ ឬ​កសិដ្ឋាន​ដែល​ចង់​វិនិយោគ​លើ​វិស័យ​ចិញ្ចឹម​ក្របី​នេះ​»​។

លោក​ សុខ ទូច ឱ្យដឹងថា រាជបណ្ឌិត្យ​សភា​កម្ពុជា​នឹង​ធ្វើការ​អភិរក្ស​ក៏ដូចជា​អភិវឌ្ឍ​ពូជ​ក្របី​ទាំងនេះ​ទៅជា​ ៥ ​ប្រភេទ​ដូចជា​សិក្សា​ក្នុងការ​បង្កាត់​ពូជ​ក្របី​រវាង​ពូជ​ក្របី​ស្រងែ និង​ពូជ​ស្រងែ​។ ការ​បង្កាត់​ពូជ​រវាង​ពូជ​សំពៅ និង​ពូជ​សំពៅ​។ ពូជ​កតាំង និង​ពូជកតាំង​។ បង្កាត់​ពូជ​រវាង​ក្របីឃ្លៀច និង​ក្របីឃ្លៀច និង​ការបង្កាត់​សិប្បនិម្មិត​ជាមួយនឹង​ស្ពែម ដែល​នាំចូល​មកពី​ក្រៅប្រទេស​។

លោក​បន្តថា រាជបណ្ឌិត្យ​សភា​កម្ពុជា​នឹង​ផ្តល់​អាហារូបករណ៍​ ៥០ ​ភាគរយ​ដល់​និស្សិត​ជំនាញ​កសិកម្ម​ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​ ២៥ ​នាក់​លើ​ជំនាញការ​ចិញ្ចឹមសត្វ និង​ការដាំ​ស្មៅ​។ និស្សិត​ទាំងនេះ​ត្រូវ​មក​សរសេរ​សារ​ណា និង​អនុវត្ត​ផ្ទាល់​នៅ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប ស្ថិតក្នុង​ឃុំ​ឆែប ស្រុក​ឆែប ខេត្តព្រះវិហារ​។

លោក​ សូត្រ សំណាង ប្រធាន​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោសែន​ឫស្សី​ត្រឹបបញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស​នឹង​ចិញ្ចឹម ក្របី​ទាំងនេះ​តាម​វិធី​មួយចំនួន ដូចជា​ចិញ្ចឹម​តាមបែប​បុរាណ​ដែល ដូនតា​បាន​បន្សល់ទុក​។ ​ចិញ្ចឹម​តាមបែប​បំប៉ន​ជា​លក្ខណៈ​ស្មៅ​ប្រកប​ដោយ​ជីវជាតិ គឺ​ឃីងក្រាស់​ផេនកូឡា ឬ​ក៏​ស្មៅ​រុស្ស៊ី​។ ចិញ្ចឹម​តាមបែប​ពាក់កណ្ដាល​បំប៉ន​ឱ្យ​រស់នៅ​តាម​សភាវគតិ​តាំងពីដើម​។

លោក​ថា​៖ «​យើង​ចិញ្ចឹម​តាមរបៀប​បង្កាត់​ពូជ​ដោយ​បង្កាត់​រវាង​ពូជ​សំពៅ និង​ពូជ​ស្រងែ​ ដើម្បី​ស្វែងយល់ថា​នឹង​ទទួលបាន​ផលប្រយោជន៍​យ៉ាងដូចម្ដេច​»​។

លោក​ សំណាង បានឱ្យដឹងថា ការសរសេរ​សៀវភៅ​អំពី​ការចិញ្ចឹម​ក្របី​នេះ​នឹងត្រូវ​ចាប់​បន្ត​ពី​ឆ្នាំ​ ២០២១ ​នេះ​តទៅ​។ ប្រសិនបើ​និស្សិត ឬ​អ្នកជំនាញ​ខាង​កសិកម្ម​មានបំណង​សរសេរ រាជបណ្ឌិត្យ​សភា​កម្ពុជា​ស្វាគមន៍​ទាំង​ក្នុង​កម្រិត​សារណា និង​និក្ខេបបទ​៕