ឧត្តរមានជ័យ/ប.មានជ័យៈ ពលករ​ខ្មែរ​ជាង​ ១០ ០០០ ​នាក់ ​បាន​វិលត្រឡប់​ចូល​ស្រុកកំណើត​វិញ​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ នៃ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ គិត​ត្រឹម​រយៈពេល​ជាង​ ២០ ​ថ្ងៃ បន្ទាប់ពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ច្រកព្រំដែន​ឡើងវិញ​ចាប់ពី​ថ្ងៃទី​ ១៣ ខែសីហា ដល់​ថ្ងៃទី​ ៥ ខែ កញ្ញា ឆ្នាំ​ ២០២១​។

ខេត្តឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ គឺជា​ច្រកព្រំដែន​កម្ពុជា-ថៃ ដែលមាន​ពលករ​វិលត្រឡប់​មក​ច្រើនជាងគេ ដោយ​គិត​ជា​មធ្យមភាគ​ក្នុង​ ១ ​ថ្ងៃ ពលករ​មក​តាម​ខេត្ត​នេះ​មិន​ក្រោម​ពី​ ១០០ ​នាក់​ទេ ពោល​គឺ ចន្លោះ​ពី ២០០ ទៅ​ ៣០០ ​នាក់​ក្នុង​ ១ ​ខេត្ត​។

អ្នកនាំពាក្យ​សាលាខេត្ត​ឧត្តរមានជ័យ លោក​ ផល លឹម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ៦ កញ្ញា ថា ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នៅតែ​បន្ត​វិល​ចូល​ស្រុកកំណើត​វិញ​មិន​ថមថយ​នោះទេ​។ បើ​ផ្អែក​តាមរបាយការណ៍​ដែល​ទទួលបាន​ពី​មន្ទីរ​សុខាភិបាល​ខេត្ត គឺ​ក្នុង​ ១- ​ថ្ងៃ​មាន​ពលករ​ប្រមាណ​ ២០០ ​នាក់ ដែល​បាន​វិលត្រឡប់​តាម​ច្រក​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​។

លោក​ថ្លែងថា​៖ «​គិត​ចាប់​ពីថ្ងៃ​បើក​ច្រកព្រំដែន​ឡើងវិញ ពោល​ចាប់ពី​ថ្ងៃទី​ ១៣ ខែសីហា ដល់​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២១ ពលករ ខ្មែរ​ត្រឡប់​ពី​ថៃ​វិញ​មាន​ចំនួន​ ៦ ៤២៨ ​នាក់ ក្នុងនោះ​វិជ្ជមាន​កូវីដ​ ១៩ ចំនួន​ ៧៤០ ​នាក់​»​។

ទោះយ៉ាងណា លោក​បញ្ជាក់ថា ពលករ​ទាំងនោះ​សុទ្ធតែ​មក​តាម​ច្រកព្រំដែន​ស្របច្បាប់ ដោយ​ពុំ​សូវ​មាន​ពលករ​មក​តាម​ច្រករបៀង​ខុសច្បាប់​នោះទេ​។ ​លោក​ថា​អាជ្ញាធរខេត្ត​បាន​រឹតបន្តឹង ច្រកព្រំដែន​របៀង​ទៅ​មក​។

លោក​ប្រាប់ថា​៖ «​កាលពី​ថ្ងៃទី​ ៤ ខែកញ្ញា​នេះ លោក​អភិបាល​ខេត្ត​ ប៉ែន កុសល្យ លោក​បាន​ចុះ​ដើរ​មើល​តាម​ច្រករបៀង និង​បាន​ណែនាំ​ដល់​កម្លាំង​ទាហាន​ដែល​បានដាក់​ពង្រាយ​យាមកាម​នៅ​ទីនោះ​ឱ្យ​ខិតខំ​បំពេញការងារ ហើយ​បើសិនណា​ជាមាន​ច្រករបៀង​ណា​មាន​ពលករ​លួច​ [​ចេញ-ចូល​] ទាហាន​នោះ​នឹងត្រូវ​រង​ពិន័យ ឬ​ដក​ស័ក្តិ​»​។

លោក​ទទួលស្គាល់ថា នៅមុន​កូវីដ​ ១៩ មកដល់ នៅតាម​ច្រករបៀង​មាន​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​ច្រើន ប៉ុន្តែ​បន្ទាប់ពី​អាជ្ញាធរខេត្ត បានដាក់​វិធានការ​រឹតបន្តឹង​ច្រកព្រំដែន​ឡើងវិញ ពុំ​សូវ​មាន​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​កាលពីមុន​មាន​ច្រើន​ដែរ តែ​ឥឡូវ​អត់សូវ​មាន​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ​ទេ បើ​មាន​ក៏​តិច​ដែរ ដូច​កាលពី​ថ្ងៃទី​ ៣ ខែកញ្ញា ឆ្នាំ​ ២០២១ កម្លាំង​ទាហាន​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ម្នាក់​ (​ប្រុស​) ដែល​ឆ្លងដែន​ចូល​ទឹកដី ថៃ​ខុសច្បាប់ ហើយ​បច្ចុប្បន្ន​នាំ​គាត់​ទៅធ្វើ​ចត្តាឡីស័ក​»​។

ទន្ទឹមនឹងនេះ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ លោក​ សេក សុខុម ឱ្យដឹងថា ពលករ​ខ្មែរ ដែល​ចូល​តាម​ច្រក​ព្រំដែន​នៃ​ខេត្ត​របស់ខ្លួន​មាន​ជាង​ ៧ ០០០ ​នាក់​។ លោក​ថា តាម​ការសង្កេត​ឃើញ​ថា ពលករ​នឹង​បន្ត​សម្រុក​វិល​ចូល​ស្រុក​កាន់តែច្រើន​ស្របពេល​ថៃ​ជួប​វិបត្តិ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ចំនួន​ពលករ ដែល​វិល​ចូល​កម្ពុជា​វិញ​នឹង​បន្ត​កើនឡើង​មិន​ថយ​ទេ​។ ព្រោះ​បើ​គិត ពីថ្ងៃ​បើក​ច្រកព្រំដែន​វិញ ពលករ​មាន​ជាង​ ៧ ០០០ ​នាក់​ហើយ​មក​តាម​ខេត្ត​យើង ព្រោះ​ការដ្ឋាន​មួយចំនួន និង​ក្រុមហ៊ុន​នៅ​ថៃ​ត្រូវបាន​បិទទ្វារ​។ អ៊ីចឹង​ពលករ​បង្ខំចិត្ត​ត្រឡប់​កម្ពុជា​វិញ​»​។

បើតាម​លោក​ប្រធាន​មន្ទីរ មូលហេតុ ដែល​នាំឱ្យ​ពលករ​ខ្មែរ​បន្ត​វិលត្រឡប់​ចូល​ស្រុក​កំណើត គឺ​ដើម្បី​ជួបជុំ​ជាមួយ​គ្រួសារ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ហើយក៏​ដើម្បី​ជួយ​ធ្វើស្រែ​ចម្ការ នៅ​រដូវវស្សា​ផងដែរ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនទាន់​អាច​រក​តួលេខ​នៃ​ចំនួន​ពលករ ដែល​វិល​ត្រឡប់មក​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​បាន​នៅឡើយ​ទេ រីឯ​មន្ត្រី​នាំពាក្យ​សាលា​ខេត្ត​ប្រាប់ថា ពុំទាន់​មាន​តួលេខ​ក្នុង​ដៃ​នៅឡើយ​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (Central) លោក មឿន តុលា បាន​ថ្លែងថា បញ្ហា​ចម្បង​ដែល​ជំរុញ​ឱ្យ​ពលករ​ខ្មែរ​សម្រុក​មក​ស្រុកកំណើត​វិញ​យ៉ាងគំហុក​នេះ ដោយសារ​នៅ​ប្រទេស​ថៃ​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​កាន់តែខ្លាំង​។ ហេតុនេះហើយ​នាំឱ្យ​រដ្ឋាភិបាល​ថៃ​សម្រេច​បិទ​ការដ្ឋាន​សំណង់​ផ្សេងៗ​ទាំង​ក្នុង​ក្រុង និង​ជាយក្រុង និង​បិទ​ទីតាំង​មួយចំនួន ធ្វើឱ្យ​ប៉ះពាល់​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យនេះ​។

លោក​ តុលា បាន ថ្លែងថា​៖ «​យើង​ដឹង​ហើយ​នៅ​ប្រទេស​ថៃ ចំនួន​ពលករ ដែល​ទទួលបាន​ [​ការ​] ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​បាន​ចំនួន​តិច​នៅឡើយ​។ ជាពិសេស​ពលករ​ខ្មែរ​យើង​ដែលមាន​ឯកសារ​ត្រឹមត្រូវ​ទទួលបាន​ [​ការ​] ​ចាក់​វ៉ាក់សាំង​តិច​ណាស់​។ ដូច្នេះ​នៅពេល​ផ្ទុះ​កូវីដ​ ១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី​ដែលតា ធ្វើឱ្យ​មាន​ការចលាចល​ខ្លាំង ជាពិសេស​វិស័យ​ការងារ​ទើប​ធ្វើឱ្យ​ពលករ​ខ្មែរ​វិល​ចូល​ស្រុក​វិញ​»៕