កំពតៈ រដ្ឋបាល​ខេត្តកំពត​កំពុង​រៀបចំ​សំណើ​ទៅ​ក្រសួង​ការពារជាតិ​តាមរយៈ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ ដើម្បី​សុំ​ចុះបញ្ជី​ដី​ទំហំ ៣០ ​ហិកតា​ នៅ​​ក្នុងភូមិ​ព្រែក​អម្ពិល សង្កាត់​កោះតូច ក្រុង​បូកគោ ខេត្តកំពត ដើម្បី​យក​ទីតាំង​នេះ​ធ្វើជា​កន្លែង​​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​របស់​តំបន់​ប្រតិបត្តិការ​សឹករង​កំពត​។

លោក អ៊ឹម ប៉ុណ្ណា នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​រដ្ឋបាល​​ខេត្តកំពត​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ ខែកញ្ញាថា ក្រោយ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ពី​សប្តាហ៍​មុន អង្គប្រជុំ​បានសម្រេច​រៀបចំ​សំណើ​ដាក់ជូន​ក្រសួង​ការពារ​ជាតិ​ ដើម្បី​ឱ្យ​ស្ថាប័ន​មួយ​នេះ​ត្រួតពិនិត្យ និង​ដាក់សំណើ​ទៅ​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សម្រេច​ជា​ផ្លូវការ​។ ប៉ុន្តែ​សំណើ​នេះ​ខេត្ត​មិនទាន់​បញ្ជូន​នៅឡើយ​ទេ ដោយសារ​​កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​។

ទោះជា​យ៉ាងណា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នេះ​ទេ ដោយ​លោក​ថា​មិនមែនជា​ជំនាញ​របស់​លោក​ទេ ប៉ុន្តែ​រដ្ឋបាលខេត្ត​គ្រាន់តែ​មាន​តួនាទី​រៀបចំ​សំណើ​ទៅ​ក្រសួង​ការពារជាតិ​ឱ្យ​ចុះបញ្ជី​ជា​ដី​របស់​រដ្ឋ សម្រាប់​យក​ធ្វើ​​ជា​ទីតាំង​បាញ់​គ្រាប់​ពិត​របស់​យោធា​តែប៉ុណ្ណោះ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ពិនិត្យមើល​សិន បើ​ធ្វើ​ហើយ​ក្នុង​សប្តាហ៍​ហ្នឹង យើង​នឹង​បញ្ជូន​​ទៅហើយ​។ ឥឡូវនេះ យើង​​កំពុងតែ​រៀបចំ​ឯកសារ យើង​កំណត់​វា​មិនទាន់​បាន ព្រោះ​ការងារ​វា​ច្រើន​ដែរ ហើយ​នៅពេល​ដែល​យើង​ធ្វើ​រួច ត្រូវ​ឆ្លង​យោបល់ និង​កែសម្រួល​ខ្លឹមសារ មុននឹង​ដាក់​ជូន​ទៅ​ក្រសួង​ការពារជាតិ​»​។

បើតាម​លោក អ៊ឹម ប៉ុណ្ណា ទីតាំង​ដី​ដែល​ស្នើសុំ​ធ្វើ​ជា​កន្លែង​​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នេះ មិនមាន​ពាក់ព័ន្ធ​នឹង​ដី ឬ​ផ្ទះ​របស់​ពលរដ្ឋ​នោះទេ ព្រោះ​វា​ជា​ដី​គម្រប​ព្រៃឈើ​។

លោក ហុក ចន្តា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ ៦ កញ្ញា​ដែរ​ថា ទីតាំង​នេះ​ជា​ដី​គម្រប​ព្រៃរបស់​រដ្ឋ​។ ​កាលពី​មុន​ជា​ដី​របស់ លោក ឧកញ៉ា វិញហួរ ប៉ុន្តែ​បច្ចុប្បន្ននេះ​ដី​ត្រូវបាន​ឆ្វៀល​មកឱ្យ​កងទ័ព​ធ្វើជា​ទីតាំង​ហ្វឹកហ្វឺន​ពង្រឹង​សមត្ថភាព​។ ដូច្នេះ​បានជា​ត្រូវ​ចុះបញ្ជី​ដី​នេះ ជា​ដីឯកជន​របស់​រដ្ឋ​សម្រាប់​កងទ័ពជើងគោក​។

លោក​បាន​បន្តថា ទីតាំង​នេះ​​គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការពង្រឹង​សមត្ថភាព​របស់​កងទ័ព​លើ​គ្រប់​វិស័យ​យោធា ដើម្បី​ប្រយោជន៍​ជាតិ បើទោះបី​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ក៏ដោយ ក៏​កម្លាំងយោធា​ត្រូវតែ​ហ្វឹកហាត់​ឱ្យមាន​ជំនាញ​ពិតប្រាកដ​កុំឱ្យ​គេ​ថា​ធ្វើ​ទាហាន​អត់​ចេះ​បាញ់កាំភ្លើង​។

លោក​បាន​បញ្ជាក់ថា​៖ «​ទីតាំង​​នេះ​ជា​លើកដំបូង​សម្រាប់​កងទ័ព​នៅ​ខេត្តកំពត ដោយ​កាលពី​មុន​យើង​ទៅ​ហ្វឹក​កន្លែង​គេ​ផ្សេង ប៉ុន្តែ​ឥឡូវនេះ​យើង​មាន​កន្លែង​របស់​ខ្លួនឯង​។ មិនតែប៉ុណ្ណោះ កងទ័ព​ដែលជាប់​ខេត្ត​​កំពត ដូចជា កងទ័ព​នៅ​ខេត្ត​កែប​ក៏​អាចមក​ហ្វឹកហាត់​នៅ​​ទីតាំង​នេះ​បានដែរ​»​។

លោក ជាវ តាយ អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្តកំពត​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២ ​ខែកញ្ញា ថា តាម​សំណើ​របស់​​លោក ហុក ចន្តា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករង​កំពត​គឺ​ផ្ទៃដី​នេះ​មាន​ទំហំ​ ៣០ ​ហិកតា ដោយ​សុំ​ដើម្បី​ចុះបញ្ជី​ជា​ទីតាំង​សម្រាប់ ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ជូន​តំបន់​ប្រតិបត្តិការ​សឹករង​កំពត​។

ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​៖ «​ពេល​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​ឃើញថា មាន​ទំហំ​ត្រឹមតែ ២៤,៣៣ ​ហិកតា ដោយ​កាត់​ចំណី​អូរ និង​ផ្លូវ​ទំហំ​ ៥,៦៧ ​ហិកតា​ចេញ​។ ​ទីតាំង​នេះ​ជា​តំបន់​វាលរាប ខ្ពង់រាប អូរ ហើយ​ផ្ទៃដី​ទាំងមូល​ត្រូវ​បាន​ឈូសឆាយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន និង​មួយចំនួន​ទៀត​ជា​ដីព្រៃ​រេចរឹល​មាន​លក្ខណៈ ភូមិសាស្ត្រ​ល្អ​ក្នុង​ការយក​មក​ធ្វើ​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​»៕