ភ្នំពេញៈ ខេត្ត​ចំនួន​ ៣-៤​ គ្រោង​បិទបញ្ចប់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ​សម្រាប់​ក្រុម​មនុស្ស​អាយុ​ពី ១៨ ឆ្នាំ​ឡើង​ទៅ ក្នុងសប្តាហ៍នេះ ​ប៉ុន្តែ​ការចាក់​វ៉ាក់​សាំង​​នេះ​នៅតែ​បន្ត​ឱ្យ​ដំណើរការ​ចាក់​សម្រាប់​អ្នក​ដែល​មិនទាន់​បាន​ចាក់​សោះ​នៅ​តាម​មណ្ឌល​សុខភាព​នានា។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​សុខាភិបាល​ កាលពី​ថ្ងៃទី ៦ ​កញ្ញា។

លោកស្រី​ ឱ វណ្ណឌីន ​មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេសឱ្យ​ដឹងថា ​លោកស្រី​បានទទួល​ការអនុញ្ញាត​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក្នុង​ការ​ប្រកាស​បិទ​បញ្ចប់​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ​សម្រាប់​មនុស្ស​អាយុ​ពី ​១៨ ឆ្នាំ​ឡើង​ទៅ។

លោកស្រី​ថ្លែងថា​៖ «ខេត្ត​ទាំងនោះ​ មាន​ខេត្ត​កណ្តាល ​ខេត្ត​ព្រះសីហនុ ​ខេត្ត​កែប ​ហើយ​យើង​ក៏ទទួល​បាន​នូវ​សំណើ​ពី​ខេត្ត​ប៉ៃលិន ​ក្នុង​ការបិទ​បញ្ចប់​ការចាក់​វ៉ាក់សាំង​សម្រាប់​ខេត្ត​នេះ​ផង​ដែរ»។

លោកស្រី ​ឱ វណ្ណឌីន ​នឹង​ចុះ​តាម​បណ្តា​ខេត្ត​ដែល​នឹ​ត្រូវបិទ​បញ្ចប់​នេះ ​ដើម្បី​ធ្វើការ​ប្រកាស​បិទបញ្ចប់​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ ដែល​ខេត្ត​កណ្តាល​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី ៨ ​ខែកញ្ញា ​ខេត្ត​ព្រះសីហនុ ​និង​ខេត្តកែប ​នឹង​បិទ​នៅ​ថ្ងៃទី ១០ ​ខែកញ្ញា។ រីឯ​ខេត្ត​ប៉ៃលិន​ នឹង​រង់ចាំ​ការសម្រេច​ពី​លោក​នាយរដ្ឋមន្រ្តី​ ហ៊ុន សែន ​ជាមុន​សិន៕