ភ្នំពេញៈ មនុស្សចំនួន ១១ នាក់បន្ថែមទៀតបានស្លាប់ ដោយសារជំងឺកូវីដ ១៩ និងមានរកឃើញអ្នកឆ្លងវីរុសនេះ បន្ថែមជាង ៥០០ នាក់ ខណៈអ្នកជាសះស្បើយមានជិត ៥០០ នាក់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ៧ ខែកញ្ញានេះ។
សេចក្តីប្រកាសបានបញ្ជាក់ថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩បន្ថែមចំនួន ៥១១ នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន ៤៨៧ នាក់។ អ្នកដែលត្រូវបានរកឃើញឆ្លងនេះ មានករណីឆ្លងក្នុងសហគមន៍ចំនួន ៣៥៩ នាក់ និងអ្នកដំណើរពីបរទេសចំនួន ១៥២ នាក់។
សម្រាប់ប្រទេសកម្ពុជា គិតត្រឹមព្រឹក ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២១ នេះ សរុបអ្នកឆ្លងជំងឺកូវីដ ១៩ មានចំនួន ៩៦ ៣៣៩ នាក់ អ្នកជាសះស្បើយសរុបមានចំនួន ៩១ ៦១៨ នាក់ និងអ្នកស្លាប់បានកើនឡើងរហូតដល់ ១ ៩៨១ នាក់៕