ព្រះវិហារៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ សហការ​ជាមួយ​អង្គភាព​ស៊ីម៉ាក់ គ្រោង​បើក​ប្រតិបត្តិការ​រួមគ្នា បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ២ ​ទីតាំង ដែលជា​ផ្ទៃដី​ពង្រីក​បន្ថែម​ស្ថិតក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ខណៈ​តំបន់​ថ្មី​នេះ​ត្រូវបាន​រកឃើញថា ជា​ស្នាម​នៃ​ប្រព័ន្ធធារាសាស្ត្រ ដែល​បន្សល់ទុក​តាំងពី​សម័យបុរាណ​ភ្ជាប់​ទៅ​ប្រាសាទ​នៅក្នុង​ប្រទេស​ឡាវ​។

កាលពី​ថ្ងៃទី​ ២ កញ្ញា លោក ផេង សំអឿន អគ្គនាយករង ទទួលបន្ទុក​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ បាន​ដឹកនាំ​ក្រុមការងារ​ដែល​មកពី​អង្គភាព​ស៊ីម៉ាក់ រួមទាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ជាក់ស្តែង ដើម្បី​ស្នើសុំ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ទីតាំង​ទាំង ២ ​នេះ​។

អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ឱ្យដឹង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ថា ទីតាំង​ទាំង​ ២ ​នេះ​គឺ​ទី​១ ​នៅ​ប្រាសាទ​តាមែន ដែលជា​តំបន់​អាទិភាព ដោយ​ស្នើសុំ​បោសសម្អាត​មីន​ជុំវិញ​បរិវេណ​ប្រាសាទ​នេះ​មុនគេ ដោយមាន​ទំហំ​ ៤,៦៧ ហិកតា ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​។

អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ឱ្យដឹង​បន្តថា ចំពោះ​ទីតាំង​ទី​ ២ គឺ​ស្ថិតនៅ​តំបន់​ការពារ​ទី​១ និង​តំបន់​ការពារ​ទី​២ នៃ​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ដោយមាន​ទំហំ ៥៧,២៥ ហិកតា ដែលជា​តំបន់​ស្នើសុំ​បោសសម្អាត​មាន​រយៈពេល​ខ្លី ព្រោះ​ជា​កន្លែង​សម្រាប់​កិច្ចការពារ​អភិរក្ស​ប្រាសាទ ស្រាវជ្រាវ និង​សម្រាប់​កិច្ចអភិវឌ្ឍន៍​ទេសចរណ៍​។

លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ កញ្ញា​ថា តាម​ការចុះ​ស្រាវជ្រាវ និង​ផែនទី​របស់​អង្គភាព​ស៊ីម៉ាក់​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ គឺ​នៅមាន​ផ្ទៃដី​ប្រមាណ ២០០ ​ហិកតា​ទៀត ដែល​នឹងត្រូវ​ធ្វើការ​បោសសម្អាត​មីន និង​​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។

ជាមួយ​នឹង​ការចុះ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ ក្រុម​ការងារ​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អង្គភាព​ស៊ីម៉ាក់ កំពុង​បន្ត​កិច្ចពិភាក្សា​គ្នា ដើម្បី​កំណត់​តំបន់​អាទិភាព​ក្នុង​ការបើក​ប្រតិបត្តិការ​រួមគ្នា​ក្នុង​ពេល​ឆាប់ៗ​។

លោក​រៀបរាប់ថា​៖ «​ផ្ទៃដី​ដែល​នៅ​សេសសល់​មីន​នេះ គឺ​ស្ថិតនៅ​ផ្នែក​ខាងជើង​នៃ​ប្រាសាទ ដោយ​យើង​មិនទាន់​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរ ចូលក្នុង​តំបន់​នោះទេ ព្រោះ​តំបន់​នេះ យើង​ទើបតែ​ពង្រីក​ទៅខាង​ហ្នឹង ដើម្បី​រៀបចំ​ប្រព័ន្ធ​អភិរក្ស​ការពារ​អ្វីដែល​មាននៅ​ក្នុង​តំបន់​ពី​បុរាណ​ហ្នឹង​»​។

លោក​បន្ថែមថា​៖ «​យើង​កំពុង​ដោះស្រាយ​តំបន់​ហ្នឹង នៅពេល​បញ្ចប់​កិច្ចការ​ហើយ បាន​យើង​អាច​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទៅ​តំបន់​ហ្នឹង​បាន​។ តំបន់​ដែល​យើង​ពង្រីក​បន្ថែម​នេះ គឺមាន​ទំនប់​បុរាណ​មួយ ដែលជា​ប្រព័ន្ធធារាសាស្ត្រ​បុរាណ ភ្ជាប់​ជាមួយ​ប្រាសាទ​តាមែន ភ្ជាប់​ទៅ​ផ្លូវ​អង្គរ​មក​កោះ​កេរ ហើយ​បន្ត​ទៅដល់​ប្រាសាទ​វត្ត​ភូ ប្រទេស​ឡាវ​»​។

បើតាម​លោក គង់ ពុទ្ធិការ តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​ទាំងមូល គឺមាន​ផ្ទៃដី​សរុប ៨ ៧៨៩ ​ហិកតា ដោយ​លោក​រំពឹងថា ផ្ទៃដី​ដែល​បាន​ពង្រីក​បន្ថែម​នេះ​នឹង​ត្រូវបាន​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ក្រុមការងារ​អាច​បន្ត​កិច្ចការពារ​អភិរក្ស និង​ស្រាវជ្រាវ ជាពិសេស​គឺ​ការផ្តល់​ឱកាស​ដល់​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ដោយ​ភាពកក់ក្តៅ​៕