
អាជ្ញាធរចុះពិនិត្យប្រឡាយទឹកក្នុងស្រុកជីក្រែងពីថ្ងៃ ៥ កញ្ញា។ រូប រដ្ឋបាលខេត្ត
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញផែនការ ដើម្បីអភិវឌ្ឍប្រឡាយជើងក្អែប (ប្រឡាយនាំទឹក) ឱ្យបានកាន់តែច្រើនចេញពីប្រឡាយមេ ដែលហូរចេញពីអាងស្តុកទឹកចំនួន ៣ គឺអាងទំនប់ម្កាក់ អាងទំនប់ក្សាម និងទំនប់ ៧៨ ស្ថិតនៅក្នុងស្រុកជីក្រែង ដើម្បីពង្រីកការស្រោចស្រពដីស្រែរបស់ប្រជាកសិករឱ្យបានកាន់តែច្រើន។
លោក ស៊ុន ចំណាន អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ សីហាថា នៅតំបន់នេះមានការខ្វះខាតទឹក ដែលទាមទារឱ្យរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធគិតគូររៀបចំអភិវឌ្ឍ និងកសាងប្រឡាយជើងក្អែប (ប្រឡាយនាំទឹក) បន្ថែមទៀត ដើម្បីបង្ហូរទឹកផ្តល់ឱ្យពលរដ្ឋ ដែលធ្វើស្រូវវស្សា និងស្រូវប្រាំងមានលទ្ធភាពក្នុងការទទួលបានទឹកយកទៅប្រើប្រាស់ក្នុងការស្រោចស្រពគ្រប់គ្រាន់។
លោកថ្លែងបន្តថា៖ «យើងមានកន្លែងស្តុកទឹកហើយ យើងសិក្សាលើប្រព័ន្ធចែកចាយ ជាពិសេសប្រឡាយជើងក្អែប យើងមិនទាន់មានគ្រប់គ្រាន់ យើងធ្វើការបែងចែកឱ្យបានច្រើន ដល់ប្រជាពលរដ្ឋដើម្បីស្រោចស្រពវិស័យកសិកម្មរបស់គាត់»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាបប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ ៥ កញ្ញាថា បច្ចុប្បន្ននេះ នៅតាមប្រឡាយមេគឺមានប្រឡាយជើងក្អែបខ្លះហើយ ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយដូច្នេះបានជាលោកអភិបាលខេត្តស្នើឱ្យសិក្សា និងពង្រីកបន្ថែមទៀត ដើម្បីនាំទឹកពីប្រឡាយមេពីអាងស្តុកទឹកឱ្យទៅដល់ស្រែរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន ក្រុមការងារមន្ត្រីនៃមន្ទីរធនធានទឹកបានអភិវឌ្ឍបណ្តើរៗហើយ ប៉ុន្តែដោយសារខែវស្សាមានភ្លៀងធ្លាក់ ធ្វើឱ្យពិបាកក្នុងការកសាងប្រឡាយជើងក្អែបនេះ។ មន្ត្រីនៃមន្ទីរធនធានទឹកអាចធ្វើ ឬកសាងប្រឡាយជើងក្អែបនេះបាននៅក្នុងអំឡុងពេលរដូវប្រាំងដែលអាចចាប់ផ្តើមធ្វើនៅក្នុងខែធ្នូ និងខែមករាឡើងទៅ។
ទោះជាយ៉ាងណា លោក ថា លោកត្រូវការពេលវេលាពិភាក្សាជាមួយនឹងប្រជាពលរដ្ឋ មេភូមិ និងសហគមន៍ ដើម្បីសាងសង់ប្រឡាយជើងក្អែបនេះ ឱ្យទៅដល់ដីស្រែរបស់ប្រជាពលរដ្ឋ។ លោករំពឹងថា បើមិនមានការប្រែប្រួលអាកាសធាតុ និងមានភ្លៀងគ្រប់គ្រាន់ ហើយអាចស្តុកទឹកបានច្រើននឹងត្រូវបង្ហូរចូលទៅតាមប្រឡាយជើងក្អែបនេះ វានឹងអាចស្រោចស្រពទៅលើដីកសិកម្មរបស់ប្រជាកសិករនៅក្នុងស្រុកជីក្រែងក្នុងរដូវវស្សាបាន ២៥ ០០០ ហិកតា និងរដូវប្រាំងពី ៣ ទៅ ៥ ពាន់ហិកតា។
លោកថ្លែងថា៖ «អាស្រ័យលើអាកាសធាតុដែរ បើភ្លៀងច្រើន យើងស្តុកទឹកបានច្រើន។ ប៉ុន្តែក្នុងករណីមានការប្រែប្រួលអាកាសធាតុ យើងស្តុកទឹកបានខ្លះ មិនបានខ្លះ ប៉ុន្តែយើងនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសាងសង់អាងទឹកនៅខាងលើដើម្បីស្ទាក់ទឹក»។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបក្នុងពិធីដឹកនាំមន្ត្រីជំនាញនៃមន្ទីរ និងអង្គភាពពាក់ព័ន្ធចុះទៅពិនិត្យអាងស្តុកទឹកនិងទំនប់ពីថ្ងៃទី ៤ កញ្ញា បានជំរុញឱ្យមន្ត្រីជំនាញសិក្សាស្វែងយល់ ដើម្បីរៀបចំស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធប្រឡាយជើងក្អែបនេះឱ្យបានច្រើន និងលឿន បន្ទាប់ពីលោកពិនិត្យឃើញថា ពី ១ ឆ្នាំទៅ ១ ឆ្នាំ បញ្ហាប្រឈមការខ្វះខាតទឹក ជាបញ្ហាចម្បងធំបំផុត ដែលត្រូវតែដោះស្រាយជាចាំបាច់ សម្រាប់ប្រជាកសិករនៅគ្រប់រដូវក្នុងការបង្កបង្កើនផល។
របាយការណ៍មន្ទីរកសិកម្ម ខេត្តសៀមរាបបានឱ្យដឹងកាលពីថ្ងៃទី ៤ កញ្ញា ថា ការងារបង្កបង្កើនផលដំណាំស្រូវវស្សា ឆ្នាំ ២០២១ សម្រេចបាន ១៨៩ ៧២០ ហិកតា ស្មើនឹង ៩៩,៩៩ ភាគរយនៃផែនការ។ ប៉ុន្តែនៅក្នុងអំឡុងខែសីហាកន្លងទៅនេះ គ្រោះរាំងស្ងួតបានបង្កឱ្យមានផលប៉ះពាល់លើដំណាំស្រូវទាំងនោះជិត ១៦ ០០០ ហិកតា លើ ៨ ស្រុកក្នុងចំណោម ១២ ក្រុងស្រុកទូទាំងខេត្តដែលស្មើនឹង ៤១ ឃុំ, ៣២១ ភូមិ និងពលរដ្ឋជាង ១៤ ០០០ គ្រួសារ ក្នុងនោះស្រុកជីក្រែង ទទួលរងផលប៉ះពាល់ច្រើនជាងគេស្មើនឹង ៦ ៦០០ ហិកតា នៅទូទាំង ១២ ឃុំ ១៣៣ ភូមិ និងជាង ៣ ០០០ គ្រួសារក្នុងនោះស្រូវស្រាលទំហំ ២ ៨៨០ ហិកតា ត្រូវទទួលរងនូវការខូចខាត ដោយសារខ្វះខាតទឹក៕