The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋបាល​រាជធានី​កំពុង​សង់​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែម និង​បន្ត​ស្តារ​ប្រឡាយ​រំដោះ​ទឹក




រដ្ឋបាល​រាជធានី​កំពុង​សង់​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែម និង​បន្ត​ស្តារ​ប្រឡាយ​រំដោះ​ទឹក

Content image - Phnom Penh Post
អាជ្ញាធរ​កំពុង​ស្តារ​ប្រឡាយ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​។ រូបថត សហការី

រដ្ឋបាល​រាជធានី​កំពុង​សង់​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែម និង​បន្ត​ស្តារ​ប្រឡាយ​រំដោះ​ទឹក

ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ​បាននិង​កំពុង​សាងសង់​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែម និង​កំពុង​បន្ត​ស្តារ​ប្រឡាយ​មួយ​ចំនួន​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ជន់លិច​ក្នុង​ភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌ​សែនសុខ និង​ខណ្ឌ​ពោធិ៍សែនជ័យ​។

ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ជន់លិច​នៅ​តំបន់​ភូមិសាស្ត្រ ខណ្ឌ​ទាំង​ ៤ ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិង​កំពុង​សាងសង់​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែម ដោយ​បំពាក់​​ម៉ូទ័រ​ទំហំ ១​ ​ម៉ែត្រ​ចំនួន ២ ​គ្រឿង​​ ដែល​មាន​សមត្ថភាព​បូមទឹក ៦ ​ម៉ែត្រគុប ក្នុង​ ១ ​វិនាទី​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៣ ខែកញ្ញា​។

សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់ថា ដំណើរការ​សាងសង់​នេះ​ឈាន​ដល់​ដំណាក់កាល​កាត់​សាច់​ផ្លូវ ដើម្បី​បង្កប់​បំពង់​បូមទឹក ចំនួន​ ៣ ​ខ្សែ​នៅ​ក្រោម​ផ្លូវ​លេខ​ ៣៧១ ។ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​អ្នក​ធ្វើចរាចរណ៍​ឆ្លងកាត់​តំបន់​ការដ្ឋាន​នេះ​សូម​វាង​ទៅកាន់​ផ្លូវ​ផ្សេង​ចាប់ពី​ថ្ងៃទី​ ៦ ខែកញ្ញា ដល់​ថ្ងៃទី​ ៥ ខែវិច្ឆិកា ចាប់ពី​ម៉ោង ៨ ​ព្រឹក​ដល់​ម៉ោង ៥ ​ល្ងាច​ដើម្បីឱ្យ​គម្រោង​សាងសង់​ស្ថានីយ​បូមទឹក​នេះ បញ្ចប់​ឱ្យបាន​ឆាប់រហ័ស​។

លោក ម៉ែន សុខខេន ប្រធានស្តីទី អង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹងថា ដើម្បី​ដោះស្រាយ បញ្ហា​លិចលង់​នៅ​រាជធានី​ភ្នំពេញ អង្គភាព​លូទឹក បូមទឹក កំពុង​ធ្វើ​សកម្មភាព ស្តារ​ប្រឡាយ ទួល​ពង្រ​ទី​ ២ ដើម្បី​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ពី​ផ្លូវជាតិ​លេខ​ ៣ ទៅ​កាន់​ប្រឡាយ​ព្រែកហា នាំ​ទឹកធ្លាក់​ទៅ​ព្រែកត្នោត​។

លោក​ថា ការងារ​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​ ២ ​នេះ​មាន​ប្រវែង​សរុប ៦ ១០០ ​ម៉ែត្រ មាន​ទទឹង​ពី​ ១០ ​ម៉ែត្រ​ទៅ ១៥ ​ម៉ែត្រ និង​មាន​ជម្រៅ​ចាប់ពី​ ២,៥ ​ម៉ែត្រ ទៅ​ ៣,៥ ​ម៉ែត្រ​។ ក្នុងនោះ​បានធ្វើ​ការស្តារ​បានសម្រេច​ប្រមាណ​ជាង​ ៩០ ​ភាគរយ​ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី​ ៥ កញ្ញា​។

លោក​បាន​បញ្ជាក់ថា ​កន្លែង​នៅ​សេសសល់​នោះ​ព្រោះ​កំពុង​បន្ត​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​របង​ថ្ម​របស់​ប្រជាពលរដ្ឋ ដែល​សង់​ជាប់​ប្រឡាយ​។ លោក​ថ្លែងថា​៖ «​យើង​ជិត​រួចរាល់​អស់ហើយ បើ​តាមមើល​ជាក់ស្តែង​នៅ​អាទិត្យ​ក្រោយ​ហ្នឹង​យើង​វ៉ៃ​ផ្តាច់​តែម្តង​»​។

បើតាម​លោក ម៉ែន សុខខេន ប្រឡាយ​នេះ​នឹង​អាច​កាត់បន្ថយ​ទឹកជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខ្លះ​នៃ​ខណ្ឌ​កំបូល រួមមាន សង្កាត់​ប្រទះ​ឡាង​ និង​ខណ្ឌ​ពោធិ៍សែនជ័យ រួមមាន សង្កាត់​ចោមចៅ​ ២ និង​ចោមចៅ​ ១ និង​ភាគ​ខ្លះ​នៃ​ខណ្ឌដង្កោ ដែលមាន​សង្កាត់​ព្រៃស​ជាដើម​។

លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍សែនជ័យ​ថ្លែង​នៅ​ថ្ងៃទី​ ៥ កញ្ញា​ថា សម្រាប់​ខណ្ឌ​ពោធិ៍សែនជ័យ​ក៏បាន​ធ្វើការ​ស្តារ​ប្រឡាយ​មេ​មួយចំនួន ដើម្បី​ត្រៀម​រំដោះ​ទឹកជំនន់​ផងដែរ​។ ក្នុងនោះ​ទី​១ ស្តារ​ប្រឡាយ​មេ​អម​ផ្លូវ​រថភ្លើង​ដែល​មាន​ប្រវែង​ប្រមាណ​ ១០ ​គីឡូម៉ែត្រ ដើម្បី​រំដោះ​ទឹក​ពី​ផ្លូវ​សហព័ន្ធរុស្ស៊ី ផ្លូវ​ពោធិ៍ចិនតុង វត្ត​ពោធិ៍ចិនតុង នាំ​ទឹក​ឱ្យ​ធ្លាក់​ទៅ​ប្រឡាយ អូរគជ់​នៅ​ខាង​ខណ្ឌ​សែនសុខ​។

ចំណែក​មួយទៀត គឺ​ប្រឡាយ​ថ្មី​ដែល​នាំ​ទឹក​ពី​ផ្លូវជាតិ​លេខ​ ៤ ទៅ​បឹង​ទំនប់​កប់​ស្រូវ​។ ប្រឡាយ​ថ្មី​នេះ​មាន​ប្រវែង​ជាង​ ១០ ​គីឡូម៉ែត្រ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា ប្រឡាយ​នេះ​ឈ្មោះ​អ្វី​នោះទេ ព្រោះ​ជា​ប្រឡាយ​ថ្មី​ទើប​បង្កើត​។ លោក​បញ្ជាក់ថា​៖ «​ប្រឡាយ​នៅ​អម​ផ្លូវ​រថភ្លើង យើង​បានធ្វើ​រួចរាល់​អស់ហើយ ចំណែក​ក្រៅពីនេះ​យើង​កំពុង​ធ្វើ​បន្តបន្ទាប់​ទៀត​»​។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ​សែនសុខ​ថ្លែង​នៅ​ថ្ងៃទី ៥ ខែកញ្ញា​ថា អាជ្ញាធរ​ខណ្ឌ​សែនសុខ បាននិង​កំពុង​បន្ត​​ស្តារ​ប្រឡាយ​មេ​មួយចំនួន​ដើម្បី​រំដោះ​ទឹកជំនន់​ក្នុង​នោះ​មាន​ការស្តារ​ប្រឡាយ​ពោងពាយ ប្រឡាយ​ទួល​សំពៅ និង​មាន​ប្រឡាយ​រង​ខ្លះទៀត​ផងដែរ ដើម្បី​រំដោះ​ទឹកជំនន់​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​ប្រឡាយ​ពោងពាយ និង​ប្រឡាយ​ទួលសំពៅ​ជា​ប្រឡាយមេ​ ២ ​ខ្សែ រំដោះ​ទឹក​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ និង​មាន​ប្រឡាយ​រង ដែល​គេ​ហៅថា ជើង​ក្អែប​ហ្នឹង យើង​ធ្វើការ​ស្តារ​ប្រហែល​ជាជាង​ ២ ​ពាន់​ម៉ែត្រ​ទៀត ដើម្បី​រំដោះ​ទឹក​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍