កណ្តាលៈ មន្ទីរ​សាធារ​ណ​ការ និង​ដឺ​ក​ជញ្ជូន​ខេត្ត​កណ្ដល​ប្រកាស​បិទ​ចរាចរ​ណ៍​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​នៅ​លើ​កំណាត់​ផ្លូវ​មួយ​ចំនួន ​ដែល​ស្ថិត​​​ក្នុង​ក្រុង​តាខ្មៅ​​ជា​បណ្ដោះ​អាសន្ន​ចាប់ពី​ថ្ងៃទី ៧ ​ដល់​ថ្ងៃ ​១៥​ កញ្ញា ​ដើម្បី​ចៀស​វាងកា​រខូចខាតផ្លូវ​ដែល​កំពុង​លិច​ទឹក​ជំនន់​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​មន្ទីរ​សា​ធារណការ និង​ដឹ​កជញ្ជូន​ខេត្ត​កណ្តាល​ នៅ​ថ្ងៃ​ទី ៧ ខែកញ្ញា ឱ្យដឹងថា ស្ថាន​ភា​ព​ទឹកជំនន់ ទឹកភ្លៀង​បាន​និង​កំពុង​ជន់​លិច​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​តាខ្មៅ ។ ​ដើម្បី​ចៀស​វាង​កា​រខូច​ខាត​ដល់​ផ្លូវ​ថ្នល់ មន្ទីរ​សា​ធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​កណ្ដាល សូម​ធ្វើ​ការបិទ​ចរាចរ​ណ៍​រថ​យន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ទាំង​អស់នៅលើ​កំណាត់​ផ្លូវ​លេខ​ ២០១,២០៩,១០៨, ១០៩,១១០ និង​កំណាត់​ផ្លូវជាតិ​លេខ​ ២ ចាប់​ពី​រង្វង់​មូល​លោក​តា​ខ្មៅ ដល់​ផ្លូវជាតិ​លេខ​ ២១ ​បេ (១១៥) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ជា​បណ្ដោះ​អា​សន្ន​ចាប់​ពី ថ្ងៃទី ៧ ដល់​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា ដោយ​ឡែក​ចំពោះ​រថយន្ត​គ្រួសារ​ (ទេស​ចរណ៍) អាចធ្វើ​ចរាច​រណ៍​បានជា​ធម្មតា​។

លោក គង់ សោ​ភ័​ណ្ឌ អភិបា​លខេត្ត​កណ្ដាល ក្នុង​ពេល​ចុះ​ពិនិត្យ​តាម​ស្ថា​នីយ​បូមទឹក និង​តំបន់​មួយ​ចំនួន​ដែល​រង​ការ​ជន់​លិច​ដោយ​ទឹក​ភ្លៀងនៅក្នុង​ក្រុង​តាខ្មៅ​កាលពី​​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ ​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញអា​ជ្ញាធរ​ក្រុង​តាខ្មៅ ពិសេស​មន្ទីរ​សាធារ​ណ​ការនិង​ដឹកជញ្ជូន​ខេត្តត្រូវ​ចុះ​ស្ដារ​ប្រព័ន្ធ​លូ​ទាំង​អស់ដែល​ធ្វើ​ឲ្យ​កកស្ទះ​ចរន្ត​បង្ហូរ​ទឹកបណ្ដាលឲ្យ​ជន់​លិច​តំបន់​មួយ​ចំនួន ពិសេស​កំណាត់​ផ្លូវជាតិ​លេខ ​២១B ដែលជា​ផ្លូវ​មាន​សារៈ​សំខាន់​សម្រាប់​ខេត្ត​កណ្ដាល​ ក៏ដូចជា​ ក្រុង​តាខ្មៅ​ទាំង​មូល​ផង​ដែរ។​

លោក​បន្តថា ជា​ងនេះទៀ​ត​គ្រប់​ស្ថា​នីយ​បូមទឹក​ទាំង​អស់​ត្រូវ​ដំណើរ​ការបូ​មទឹក ​ដើម្បី​រំដោះ​ទឹក​ក្នុង​ក្រុង​តាខ្មៅ​ឲ្យ​អស់​។

សូមប​ញ្ជាក់​ថា កា​លពី​ថ្ងៃទី ៦ ខែ​ កញ្ញា ឆ្នាំ ២០២​១ ភ្លៀង​បាន​ធ្លាក់​មួយ​មេ​ធំ​បណ្ដាលឲ្យ​ទីកន្លែង​មួយចំនួន​ក្នុង​ក្រុង​តាខ្មៅត្រូវបាន​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​ផង​ដែរ​៕​

វីដេអូ៖