ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេង សាខុន បាន​អះអាង​ថា នៅពេលនេះ​ក្រសួង​​បាន​ត្រៀម​បម្រុង​រួចជាស្រេច​នូវ​គ្រាប់ពូជ​ស្រូវ​ចំនួន​ ២ ០០០ ​តោន និង​ពូជ​ដំណាំ​រួមផ្សំ​ ២៥ ​តោន​សម្រាប់​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាកសិករ​ដែល​រងផលប៉ះពាល់ ​និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ​។

សេចក្ដី​អះអាង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៧ ខែ កញ្ញា ឆ្នាំ​ ២០២១ ស្រប​ពេលដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រួមទាំង​ក្រសួង ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​មួយចំនួន ទៀត​កំពុងបើក​កិច្ចពិភាក្សា​លើ​ប្រធានបទ​ស្ដីពី​ «​ការត្រៀមខ្លួន​ ដើម្បី​កាត់បន្ថយ​​ផលប៉ះពាល់​ទឹកជំនន់​ឆ្នាំ​ ២០២១ ​និង​ឆ្នាំ​ខាងមុខ ដោយ​ប្រើប្រាស់​អភិក្រម​សកម្មភាព​មុន​គ្រោះអាសន្ន​កើតឡើង និង​កិច្ចគាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន​»​។

លោក សាខុន បាន​បញ្ជាក់ថា​៖ «​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​កសិកម្ម​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ ​តែ​វិស័យនេះ​ក៏​កំពុង​ជួប​បញ្ហា​មួយ​​ចំនួន​ផងដែរ ជាពិសេស​គ្រោះមហន្តរាយ​ធម្មជាតិ​រួមមាន​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់​កន្ត្រាក់ ជំងឺឆ្លង និង​សមាសភាព​សត្វល្អិត​ចង្រៃ តែងតែ​បំផ្លាញ​ផលដំណាំ​របស់​បងប្អូន​ប្រជាកសិករ​រៀងរាល់ឆ្នាំ​»​។

លោក​បាន​បន្តថា ដោយ​ពិនិត្យ​ឃើញ​ពី​បញ្ហា​នេះ លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ និង​គាំទ្រ​លើ​ការបង្កើន​​សមត្ថភាព​ត្រៀម​បម្រុង​ស្បៀង​ និង​គ្រាប់ពូជ​ដំណាំ​សម្រាប់​ទុក​បង្ការ និង​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​កសិករ​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​ពី​គ្រោះធម្មជាតិ​ឱ្យ​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​។

លោក សាខុន បាន​បញ្ជាក់​ទៀតថា​៖ «​សម្រាប់​ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល តាមរយៈ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​ (​ប.ស.ប.ក) ​បាន​ត្រៀម​បម្រុង​គ្រាប់ពូជ​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ជា​រូបវន្ត​ចំនួន​ ២ ០០០ ​តោន និង​​គ្រាប់ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ចំនួន​ ២៥ ​តោន​សម្រាប់​អន្តរាគមន៍​ជួយសង្គ្រោះ​​ប្រជាកសិករ​ដែល​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ​»​។

បើតាម​លោក វេង សាខុន អគ្គនាយកដ្ឋាន​កសិកម្ម​មាន​ភារកិច្ច​ចាត់ចែង​គ្រាប់ពូជ​ដំណាំ​នៅតាម​កសិដ្ឋាន ស្ថានីយ​កសិកម្ម និង​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​សហគមន៍​កសិកម្ម​ ដើម្បី​ធានា​នូវ​បរិមាណ និង​គុណភាព និង​ចាត់ចែង​ដឹកជញ្ជូន​គ្រាប់ពូជ​ទៅដល់​គោលដៅ​ឱ្យបាន​ទាន់ពេលវេលា​។

ជុំវិញ​ករណីនេះ លោក គង់ គា ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​ បច្ចុប្បន្ននាយកដ្ឋាន​ដំណាំ​ស្រូវ បាន​វេចខ្ចប់ គ្រាប់​ពូជស្រូវ និង​បន្លែ​ទាំងនោះ​រួចរាល់​ហើយ​ក្នុង​នោះ​​គ្រាប់​ស្រូវពូជ​មិន​ប្រកាន់​រដូវ ២០០០ ​តោន​ត្រូវ​បាន​វេចខ្ចប់​ច្រក​ក្នុង​បាវ​ចំណុះ​ ២៥ ​គីឡូក្រាម សរុប​បាន​ចំនួន​ ៨ ​ម៉ឺន​បាវ និង​កំពុង​រក្សាទុក​ក្នុង​ឃ្លាំង​។ ​ចំណែក គ្រាប់ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ ១២ ​មុខ​សរុប​ទម្ងន់​ ២៥ ​តោន​ត្រូវ​បាន​វេចខ្ចប់​ជា​កញ្ចប់​តូចៗ​ចំនួន ៥៩៥ ០០០ ​កញ្ចប់ និង​បាន​រក្សាទុក​នៅ​ស្ថានីយ​ផលិត​ពូជ​បន្លែ​ក្បាលកោះ ខេត្តកណ្តាល​។

ការវេចខ្ចប់​គ្រាប់ពូជ​ទុក​ជួយ​កសិករ​រងគ្រោះ​ឆ្នាំនេះ​។ រូបថត ក្រសួងកសិកម្ម

លោក​បាន​បញ្ជាក់ថា​៖ «​ការត្រៀម​គ្រាប់​ពូជស្រូវ និង​ដំណាំ​ទាំងនេះ​គឺ​សម្រាប់​ផ្ដល់ជូន​ដល់​គ្រួសារ​កសិករ​ក្រីក្រ​ដែល​រងផលប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះធម្មជាតិ ទឹកជំនន់ និង​រាំងស្ងួត សម្រាប់​ការដាំ​ស្ដារ​ឡើង​​វិញ​ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគេ​»​។

ទោះជា​យ៉ាងណា លោក គង់ គា បានឱ្យ​ដឹងថា ពេលនេះ​ផ្ទៃដី​ដាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​​ និង​ខូចខាត​ដោយ​គ្រោះ​រាំងស្ងួត​នៅ​រដូវវស្សា​មិនទាន់​បូកសរុប​ទេ ដោយ​ក្រុមមន្ត្រី​ជំនាញ​​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្រង់​ស្ថិតិ​ពី​ផលប៉ះពាល់​ជាក់ស្ដែង​ ដើម្បី​ធានាថា​​ការអន្តរាគមន៍​ផ្ដល់​គ្រប់​ពូជ​សម្រាប់​ដាំ​ស្ដារឡើងវិញ​នេះ​​បាន​ត្រូវចំ​គោលដៅ​ពិតប្រាកដ​។

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា សម្រាប់​ខេត្តសៀមរាប​គិត​ត្រឹម​ថ្ងៃទី​ ៧ ខែកញ្ញា ផ្ទៃដី​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​នៅ​រដូវវស្សា​ឆ្នាំនេះ​មាន​ចំនួន ៦ ៦០០ ​ហិកតា និង​ខូចខាត​ទាំងស្រុង​ចំនួន ២ ៨៨០ ​ហិកតា​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយ​ពិនិត្យ​ទៅលើ​ស្ថានភាព​អាកាសធាតុ និង​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្ដែង​ក្រុមការងារ​យើង​បានផ្ដល់​ស្រូវពូជ​ ៥ ​តោន ជី និង​ថ្នាំ​កសិកម្ម​ចំនួន​ ៥ ​តោន​ដល់​កសិករ​ក្រីក្រ​ចំនួន​ ២០០ ​គ្រួសារ​​ដែល​ខ្វះ​លទ្ធភាព​នៅ​ស្រុក​ជីក្រែង​ ដើម្បី​ដាំ​ស្ដារឡើងវិញ​»​។

លោក​បាន​បន្តថា ទន្ទឹមនឹងនេះ​តាមរយៈ​រដ្ឋបាលខេត្ត​សៀមរាប មន្ទីរ​កសិកម្ម​ក៏បាន​សុំ​គ្រាប់​ពូជស្រូវ បន្លែ និង​ដំណាំ​រួមផ្សំ ចំនួន​ ៣០ ​តោន ថែមទៀត​ពី​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ពី​ក្រសួង​កសិកម្ម​ផងដែរ​ដើម្បី​ត្រៀម​បង្ការ ក្នុង​គ្រាអាសន្ន​ខាងមុខនេះ​។

នៅ​ឆ្នាំមុន កម្ពុជា​បាន​រងផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ទឹកជំនន់​ក្នុង​មូលដ្ឋាន​ទូទាំង​ ២៥ ​រាជធានី-ខេត្ត​ក្នុងនោះ​ខេត្តបន្ទាយមានជ័យ​រង​ផលប៉ះពាល់​​ធ្ងន់ធ្ងរ​ជាងគេ គឺ​បាន​ប៉ះពាល់​ចំនួន ២២២ ៨៩២ ​គ្រួសារ​ និង​ ១៧ ៥១៧ ​គ្រួសារ​ទៀត​ត្រូវបាន​ជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព និង​ ៥៨ ​នាក់​​បាន​ស្លាប់​។ ​នេះ​បើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង​គ្រោះមហន្តរាយ​។

លោក​ គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ព្រឹក​ថ្ងៃទី​ ៧ ខែកញ្ញា បាន​ជំរុញ​ឱ្យ​សិក្ខាកាម​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​ស្ដីពី​ «​ការត្រៀមខ្លួន​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទឹកជំនន់​ឆ្នាំ​ ២០២១ និង​ឆ្នាំ​ខាងមុខ​ដោយ​ប្រើប្រាស់​អភិក្រម​សកម្មភាព​មុន​គ្រោះអាសន្ន​កើតឡើង និង​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន​»​។

លោក​បាន​គូសបញ្ជាក់ថា​៖ «​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ត្រៀម​រួច​​ជាស្រេច​ហើយ​នូវ​កម្លាំង និង​មធ្យោបាយ​គ្រាប់​ពូជស្រូវ បន្លែ​ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ព្រមទាំង​ស្បៀង​បម្រុង​មួយចំនួនទៀត សម្រាប់​ជួយ​អន្តរាគមន៍​សង្គ្រោះ​​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​អាច​កើតមាន​នា​ចុងរដូវវស្សា​ខាងមុខនេះ​»​។

បើតាម​លោក គីម នៅពេល​​នេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ត្រៀមកម្លាំង​អន្តរាគមន៍​ចំនួន ៨២ ៥០០ ​នាក់ និង​មធ្យោបាយ​ដឹកជញ្ជូន​រួមមាន​រថយន្ត​ (Truck) ​ចំនួន​ ១ ១០៦ ​គ្រឿង កាណូត​ ៣២០ ​គ្រឿង និង​អូប័រ​ចំនួន​ ១៧៩ ​គ្រឿង​។

ចំណែក​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានលើកឡើង​នូវ​អនុសាសន៍​ ៤ ​ចំណុច រួមមាន ការបង្កើត​បន្ថែម​នូវ​ក្របខ័ណ្ឌ​ច្បាប់ និង​បទប្បញ្ញត្តិ ព្រមទាំង​ការពង្រឹង​ការគ្រប់គ្រង​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៅ​គ្រប់​ថ្នាក់​ទាំងអស់​ដោយ​បន្តធ្វើ​ការពិនិត្យ​លើ​តួនាទី និង​ការប្រើ​ចំណេះដឹង​បែប​វិទ្យាសាស្ត្រ​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ឱ្យ​ប្រកប​ដោយ​វិជ្ជាជីវៈ​តាមរយៈ​ជំរុញ​ការចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដើម្បី​​សម្រេច​នូវ​គោលបំណង​របស់​យើង​ក្នុង​ការស្វែងរក​ឱ្យឃើញ​នូវ​បទពិសោធ និង​ធាតុ​ចូល​ដ៏សំខាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ដែល​អាច​កាត់បន្ថយ​ដល់​កម្រិត​អប្បបរមា​នូវ​ការបាត់បង់​អាយុជីវិត និង​ការខូចខាត​ដល់​វិស័យ​នានា​របស់​ប្រទេស និង​តំបន់​នោះ យើង​ចាំបាច់​ត្រូវធ្វើ​ការពិភាក្សា​ឱ្យបាន​សកម្ម និង​ល្អិតល្អន់​ពិសេស​ការចែករំលែក​នូវ​បទពិសោធ​ពី​គ្រប់​ស្ថាប័ន និង​ដៃគូ​ទាំងអស់​លើ​គ្រប់​ទិដ្ឋភាព​នៃ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នេះ តាមរយៈ​សកម្មភាព​ជួយ​គ្នា​ទៅវិញទៅមក​»៕

វីដេអូ៖