ភ្នំពេញៈ ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានសម្រេច​កំណត់​កិច្ចប្រជុំ​ជាក់លាក់​ជា​បន្តបន្ទាប់​ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា​ទៅ ដើម្បី​ជួបចរចា​ប្រាក់​ឈ្នួល​គោល​របស់​កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២២ ខណៈ​បានប្រកាស​សមាសភាព​ក្រុមប្រឹក្សា​ថ្មី នៅ​អាណត្តិ​ទី​ ២ ជា​ផ្លូវការ​។

ការប្រកាស​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួលអប្បបរមា​អាណត្តិ​ទី​២ ឆ្នាំ​ទី​១ បាន​បើក​កិច្ចប្រជុំ​លើក​ទី​១ តាមរយៈ​ប្រព័ន្ធ​អនឡាញ (Zoom) ​ដើម្បី​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២២ កាលពី​ថ្ងៃទី​ ៧ ខែកញ្ញា ឆ្នាំ​ ២០២១​។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៧ កញ្ញា​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ប្រកាស​ជា​ផ្លូវការ​ពី​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី​២ ដោយមាន លោក គឹម ចាន់សំណាង ​ជា​អនុប្រធាន​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត និង​លោក ណាង សុធី ជា​អនុប្រធាន​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក​។

បន្ថែម​ពីនេះ ក្រុមប្រឹក្សា​នេះ​ក៏បាន​ធ្វើ​បទបង្ហាញ​អំពី​បច្ចុប្បន្នភាព​ស្ថិតិ​សំខាន់ៗ​នៃលក្ខណ​វិនិច្ឆ័យ​បែប​សង្គម​ និង​សេដ្ឋកិច្ច​ក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ សម្រាប់​ភាគី​ពាក់ព័ន្ធ​ធ្វើជា​មូលដ្ឋាន​ក្នុង​ការពិភាក្សា​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២២ ​ផងដែរ​។

សេចក្ដី​ថ្លែងការណ៍​ដដែល​បានឱ្យដឹង​ទៀតថា នៅក្នុង​កិច្ចប្រជុំ​ជា​លើកដំបូង​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​ស្តាប់​គោលជំហរ​ពី​តំណាង​ភាគី​នីមួយៗ​ដែល​មក​ភាគី​និយោជក និង​ភាគី​និយោជិត និង​បានរៀបចំ​កិច្ចប្រជុំ​បន្តបន្ទាប់​ ដើម្បី​ចរចា​គ្នា​កំណត់​ពី​ការដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា «​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាប់​នៅ​ម៉ោង​ ៩ ​ព្រឹក​​នៃ​ថ្ងៃទី​ ១៤,​ទី​ ២១ និង​ទី​ ២៨ ខែ​ កញ្ញា ​​ឆ្នាំ​ ២០២១ ​នៅ​ទីស្តីការក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ (Zoom) ​តាម​សំណូមពរ និង​ស្ថានភាព​ជាក់ស្តែង​នៃ​សមាជិក សមាជិកា​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​»​។

កាលពី​ថ្ងៃទី​ ៦ កញ្ញា ភាគី​សហជីព បាន​ឯកភាព​រួមគ្នា​កំណត់​យក​តួលេខ​ ២២,២ ​ដុល្លារ​អាមេរិក ឬ​ស្មើ​ ១១,៦ ​ភាគរយ ​ដើម្បី​ដាក់​ស្នើ​ក្នុង​ការចរចា​​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២២​។

ចំណែក​ភាគី​និយោជក​បាន​អះអាងថា សំណើ​ទាំងនេះ​នឹង​មិន​អាច​ទៅ​រួច​នោះទេ ហើយ​ការស្នើសុំ​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​ក្នុង​កាលៈទេសៈ​បែបនេះ​នឹង​ធ្វើឱ្យប៉ះពាល់ និង​ខាត​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​។ នេះ​បើតាម​ប្រសាសន៍ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។

កាលពី​ឆ្នាំ​ ២០២១ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែកជើង​ពី​ ១៩០ ​ដុល្លារ​ទៅ​ ១៩២ ​ដុល្លារ ​ក្នុង​ ១ ​ខែ​។

ការដំឡើង​តែ​ ២ ​ដុល្លារ​នេះ ដោយ​រដ្ឋាភិបាល​បាន​អះអាង​ថា វិស័យនេះ​កំពុង​ទទួលរង​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩៕