បន្ទាយមានជ័យៈ ពលរដ្ឋ​ជា​អ្នករកស៊ី​ដឹកជញ្ជូន​អីវ៉ាន់​ម្នាក់​ប្តឹង​មន្ត្រី​នៃ​នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​កបប​) សាខា​ខេត្តបន្ទាយមានជ័យ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU) ករណី​ជំរិត​ទារប្រាក់​ចំនួន​ ១ ​លាន​ ៤ ​សែន​រៀល ដោយ​មិនមាន​ឯកសារ​ច្បាស់លាស់​។ ប៉ុន្តែ​មន្ត្រី​ស្ថាប័ន​នេះ​អះអាងថា​ធ្វើតាម​ច្បាប់​ត្រឹមត្រូវ​។

លោក​ សូ សាមឿន ជា​អ្នករកស៊ី​ដឹកជញ្ជូន​អីវ៉ាន់​ពី​ផ្សារ​ឃុំ​អូរបីជាន់​ទៅ​ផ្សារ​អគ្គប៉ោយប៉ែត និយាយ​នៅ​ថ្ងៃទី​ ៧ ខែកញ្ញា ថា នៅ​យប់​ថ្ងៃទី​ ៣១ ខែសីហា មន្ត្រី ក.ប.ប. ខេត្ត​បន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​របស់លោក​ដែល​កំពុង​ដឹក​អីវ៉ាន់​ចាប់ហួយ​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់​ព្រំដែន​លេខ​ ៥៨ ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ធ្វើការ​ពិនិត្យ និង​ធ្វើ​ការពិន័យ​អន្តរការណ៍​ចំនួន​ទឹកប្រាក់ ២០ ​លាន​រៀល ដោយ​សំអាងថា ទំនិញ​គ្មាន​ឯកសារ​បង់​គយ​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ «​គាត់​ចាប់​ឡាន​ខ្ញុំ​តាំងពី​ម៉ោង​ ១១ ​យប់ រហូតដល់​ម៉ោង​ ៣ ​ជិត​ភ្លឺ កាក់​ឡាន​ខ្ញុំ​ទុក​។ អ៊ីចឹងទៅ​ខ្ញុំ​ក៏​លោម​អង្វរករ​សុំ​គាត់​បន្ធូរបន្ថយ​ទៅ​ក៏​នៅសល់​ ២ ​លាន​រៀល តែ​នៅ​ខ្លួន​ខ្ញុំ​មាន​លុយ​តែ​ ៤០ ​ម៉ឺន​រៀល​ក៏​សុំ​បង់​ប៉ុណ្ណឹង​សិន ចាំ​ស្អែក​ឡើង​ខ្ញុំ​បង់​បន្ថែមទៀត​។ អ៊ីចឹង​ស្អែក​ឡើង​គាត់​បើកឡាន​មក​ផ្ទះ​ខ្ញុំ ខ្ញុំ​បង់​បាន​ ១ ​លាន​ទៀត​»​។

បើតាម​លោក​ សាមឿន ចំនួន​ទឹកប្រាក់​ដែល​នៅសល់​ចំនួន​ ៦ ​សែន​រៀល លោក​បាន​ផ្ញើ​តាមរយៈ​ប្រព័ន្ធ​ផ្ទេរ​លុយ អ៊ីម៉ានី ប៉ុន្តែ​មន្ត្រី ក.ប.ប. បាន​បដិសេធ​មិន​ទទួល​លុយ​ចុងក្រោយ​នោះទេ ព្រោះ​ខឹង​នឹង​រូបលោក​ដែល​បាន​ផ្តល់ដំណឹង​ទៅ​អ្នកសារព័ត៌មាន​។

លោក​ សាមឿន បញ្ជាក់ថា ក្នុង​រឿងនេះ​លោក​បានដាក់​ពាក្យ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា ដើម្បី​ពិនិត្យមើល​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី ក.ប.ប. ដែល​បាន​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ ដោយ​មិនមាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ​។

ក្នុង​ពាក្យបណ្តឹង លោក​ សូ សាមឿន បាន​ស្នើសុំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​ស៊ើបអង្កេត​លើ​ប្រធាន​សាខា ក.ប.ប. ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រីក្រោមឱវាទ​ក្នុងករណី​ជំរិត​យកលុយ​ពី​លោក​ចំនួន ១ ​លាន​ ៤ ​សែន​រៀល ដោយ​មិនមាន​ឯកសារ​ច្បាស់លាស់ និង​ចាត់ទុកជា​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ក្នុង​ការបំពេញ​ការងារ ជា​សេវាកម្ម​សាធារណៈ​របស់​រដ្ឋ​។

លោក​ សាមឿន បានចាត់ទុក​សកម្មភាព​ជំរិត​ទារប្រាក់​ដោយ​គ្មាន​វិក្កយបត្រ​របស់​មន្ត្រី ក.ប.ប. ខេត្តបន្ទាយមានជ័យ​នេះ​ថា ជា​ទង្វើ​ប្រព្រឹត្ត​អំពើពុករលួយ​លក្ខណៈ​ប្រព័ន្ធ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែមាន​វិធានការ​ផ្លូវច្បាប់ និង​បើកការ​ស៊ើបអង្កេត​កោះហៅ​ឱ្យចូល​ខ្លួន​បំភ្លឺ​នៅ​ចំពោះមុខ​អង្គភាព​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។

លោក​ លន់ ស៊ីថា អនុប្រធាន​ការិយាល័យ ក.ប.ប. ខេត្ត​បន្ទាយមានជ័យ​ថ្លែង​នៅ​ថ្ងៃទី​ ៧ ខែកញ្ញា ថា មូលហេតុ​ដែល​អ្នក​ដឹក​អីវ៉ាន់​នោះ​ត្រូវ​ពិន័យ ព្រោះ​មន្ត្រី ក.ប.ប. បាន​រកឃើញ​ថា គាត់​បាន​ដឹកជញ្ជូន​ប្រហិត​ចម្រុះ​ជាច្រើន​ដោយ​ខុស​បច្ចេកទេស​។ មាន​ទាំង​នាំចូល​ស្រា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត បំពាន​កម្មសិទ្ធិបញ្ញា និង​មាន​សរសៃ​គុយទាវ​គ្មាន​កាលបរិច្ឆេទ​ប្រើប្រាស់​ត្រឹមត្រូវ​ចំនួន​ ៣៤០ ​គីឡូក្រាម​ផងដែរ​។

លោក​ថា ពេល​មន្ត្រី​ ក.ប.ប. ធ្វើការ​ពិន័យ​អ្នករកស៊ី​ដឹកជញ្ជូន​នោះបាន​យល់ព្រម​ដោយ ស្រុះស្រួល​គ្នា​ជា​ដំណាក់កាល​បន្តបន្ទាប់ ដែល​ក្នុងនោះ​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ពិន័យ​ចំពោះ​ការល្មើស​នេះ​មាន​ចំនួន​ ៥ ​លាន​រៀល​។ ប៉ុន្តែ​ដោយសារ​អាជីវករ​មាន​ការសុំ​បន្ធូរបន្ថយ ក៏​ស្រុះស្រួល​គ្នា​មក​នៅត្រឹម​ ២ ​លាន​រៀល​។ ជាក់ស្តែង​ពេលនោះ​គាត់​បង់​បានតែ​ ៤០ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​នៅសល់​ ១ ​លាន​ ៦០ ​ម៉ឺន​ទៀត​ថា នឹង​មក​បង់​នៅ​ថ្ងៃ​បន្ទាប់​។

ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​ដែល​ត្រូវ​បង់លុយ អ្នករកស៊ី​ដឹកជញ្ជូន​អីវ៉ាន់​រូបនោះ នៅ​មិនមាន​លុយ​គ្រប់​សម្រាប់​បង់ ទើប​មន្ត្រី ក.ប.ប. តម្រូវឱ្យ​បង់​តាម​លទ្ធភាព​សិន​។ នៅពេល​បង់​បង្គ្រប់​ចុងក្រោយ​ត្រូវតែ​ទៅ​កន្លែង ដើម្បី​ទទួល​វិក្កយបត្រ ប៉ុន្តែ​អាជីវករ​នោះ​បែរជា​មិន​បានមក​កន្លែង​មន្ត្រី ក.ប.ប ដែល​បានកំណត់​ហើយ​បែរជា​ប្តឹង​ទៅវិញ​។

លោក​ថ្លែងថា​៖ «​ចំពោះ​បុគ្គល​ល្មើស​យើង​ឱ្យ​ ១៥ ​ថ្ងៃ បើ​គាត់​មិន​មក​បង់ពិន័យ​ទេ យើង​ធ្វើ​លិខិត​ជូនដំណឹង​គាត់​មួយ​។ បន្ទាប់មក​ ១៥ ​ថ្ងៃ​ទៀត​គ្រប់​ ៣០ ​ថ្ងៃ បើ​គាត់​មិន​មកទៀត អាហ្នឹង​យើង​ប្តឹងទៅ​តុលាការ​តាម​ច្បាប់​ ដើម្បី​យកប្រាក់​ពិន័យ​»​។

លោក​បញ្ជាក់ថា មន្ត្រី ក.ប.ប. បាន​ចុះ​ធ្វើ​កិច្ចការងារ​ទៅតាម​ច្បាប់​ដែល​បានកំណត់​តែប៉ុណ្ណោះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាច្រើន​មិនបាន​យល់ ហើយក៏​មិន​ព្រម​ចូលខ្លួន​មក​ស្តាប់​ការណែនាំ​ដើម្បី​ឱ្យដឹង​ច្បាស់​។ កន្លងមក មន្ត្រី ក.ប.ប. ក៏បាន​ផ្សព្វផ្សាយ​ជូនដំណឹង​ឱ្យ​ពលរដ្ឋ​ទូទៅ​បានដឹង មុននឹង​ចុះ​អនុវត្ត​ការងារ​ជាក់ស្តែង​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​មាន​ចេញ​វិក្កយបត្រ​មានអី​ត្រឹមត្រូវ​តាមច្បាប់​ទាំងអស់​ហ្នឹង ប៉ុន្តែ​គាត់​អត់​យល់​។ ព្រោះនេះ​ជា​ការងារ​ចុះ​អនុវត្ត​ដំបូង អ៊ីចឹង​អាជីវករ​មួយចំនួន​ធំ​ណាស់​ដែល​គាត់​អត់​យល់​។ ចំពោះ​ការពិន័យ​អន្តរការណ៍​ហ្នឹង គឺ​ស្វែងរក​បទល្មើស និង​ដាក់បន្ទុក​ដើម្បី​ពិន័យ​»​។

លោក​ឱម យ៉ិនទៀង ប្រធាន អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃទី​ ៧ កញ្ញា​៕

វីដេអូ៖