ភ្នំពេញៈ តំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន បាន​គាំទ្រ​ការសម្រេចចិត្ត​របស់​​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​បើក​សាលារៀន​ឡើងវិញ ក្រោយ​ពេលដែល​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូវីដ​ ១៩ ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ការថមថយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។

លោកស្រី លី អៃឡែន បានបង្ហាញ​នូវ​ជំហរ​គាំ​ទ្រនេះ​ដល់​មន្ត្រី​នៃ​ក្រសួងសុខាភិបាល​ក្នុង​ពេល​ចែក​អំណោយ ទៅដល់​លោកតា លោកយាយ​អាយុ​ ១០០ ​ឆ្នាំ​ឡើង ចំនួន​ ៥ ​នាក់ នៅ​ខេត្ត​កំពង់ធំ ដែល​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​កាលពី​រសៀល​ថ្ងៃទី​ ៦ ខែកញ្ញា​។

លោកស្រី លី អៃឡែន បាន​ថ្លែងថា​៖ «​ការសម្រេចចិត្ត​ឱ្យមាន​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ​គឺជា​ការសម្រេចចិត្ត​មួយ​ដ៏ល្អ​ខ្លាំង​មែនទែន ហើយ​ខ្ញុំ​សុំ​ឆ្លៀតឱកាស​នេះ សុំ​លើកយក​ហេតុផល​សំខាន់​ចំនួន​ ៣ ដើម្បី​បញ្ជាក់​ពីអ្វី​ដែល​គួរតែ​ចាប់ផ្តើម​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ជា​ដំណាក់កាលៗ​នេះ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ប្រជាជន​ស្ទើរតែ​ទាំងអស់ មិន​ថា​ជា​កូនសិស្ស សិស្សានុសិស្ស ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ​អ្នកគ្រូ ឬ​បុគ្គលិក​អង្គការ​ដៃគូ​ដូចជា​អង្គការ unicef unesco រួមទាំង​ខ្ញុំ​ផ្ទាល់​មាន​សេចក្តី​សោមនស្ស​រីករាយ​នៅពេល​ដែល​ទទួលដំណឹង​ថា​សាលា​នឹង​បើក​ដំណើរការ​ឡើងវិញ​នេះ​»​។

លោកស្រី​បាន​បង្ហាញ​នូវ​ហេតុ​សំខាន់​ចំនួន​ ៣ ​សម្រាប់​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ​ថា ហេតុផល​ទី​ ១ ​គឺ បានបញ្ជាក់​តាមរយៈ​ភ័ស្តុតាង​ច្បាស់លាស់​ជា​លក្ខណៈ​វិទ្យាសាស្ត្រ គឺថា​សិស្សានុសិស្ស ឬមួយ​សាលារៀន​ផ្ទាល់​មិនមែន​ជា​ចលករ​សំខាន់​ក្នុង​ការធ្វើឱ្យ​មាន​ការរីករាតត្បាត​នៃ​វីរុស​កូវីដ-១៩​ធំ​នៅក្នុង​សហគមន៍​ទេ​។

លោកស្រី​ថា​៖ «​ការផ្ទុះ​រាតត្បាត​ធំ​នៅក្នុង​សហគមន៍​គឺ​បណ្តាលមកពី​ទីតាំង​ទាំងឡាយ​ដែល​មាន​ហានិភ័យ​ខ្ពស់ ដែល​ហៅថា ទីតាំង​ ៣ ​ជ (​ជិត​) ដូចជា នៅតាម​កាស៊ីណូ រោងចក្រ ពន្ធនាគារ ឬ​ផ្សារ​ទំនើប​មួយចំនួន ហើយ​ថ្មីៗ​នេះ​ទៀត យើង​ឃើញ​ការផ្ទុះ​ការឆ្លង​ជំងឺ​នេះ​នៅក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​គ្រួសារ​តាមរយៈ​ការជួប​ជុំគ្នា ឬ​ការផ្ទុះ​នៅ​កន្លែង​ការងារ កន្លែង​ប្រកបមុខរបរ​អាជីវកម្ម​នានា​។ ដូចនេះហើយ​សាលារៀន ឬ​សិស្សានុសិស្ស មិនមែន​ជា​ចលករ​ដែល​បណ្តាល​ឱ្យ​មាន​ការផ្ទុះ​ការរីករាលដាល​នៅក្នុង​សហគមន៍​នោះឡើយ​»​។

លោកស្រី លី អៃឡែន បាន​បន្ថែមថា បើទោះបី​ជា​ពួកគាត់​ទទួល​ការចម្លង ប៉ុន្តែ​ការវិវឌ្ឍ​ជំងឺ​តាម​អ្នក​ដែលមាន​វ័យក្មេង​មាន​ភាគរយ​តិច​ក្នុង​ការវិវឌ្ឍ​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ​។ វា​មិនមែន​មានន័យថា ពួកគាត់​មិនមាន​ឱកាស​នឹង​ឈឺ​ធ្ងន់​នោះទេ ប៉ុន្តែ​ភាគរយ​ឱកាស​ដែល​ឈឺ​ធ្ងន់​នោះ​គឺមាន​តិច​មែនទែន​។ សម្រាប់​ហេតុផល​ទី​២ ការបិទ​សាលារៀន​រយៈពេល​យូរ​ពិតជា​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ជាពិសេស​ទាក់ទង​នឹង​ការវិវឌ្ឍ​រាងកាយ​របស់​ក្មេងៗ រួមទាំង​ការវិវឌ្ឍ​ផ្នែក​ផ្លូវចិត្ត​របស់គាត់​ផងដែរ​។

ជាមួយ​គ្នា​នេះដែរ ការបិទ​សាលារៀន​យូរ ក៏​អាចធ្វើឱ្យ​មាន​ការថមថយ​នូវ​ការរៀនសូត្រ និង​ចំណេះដឹង​របស់​ពួកគាត់​ផងដែរ​។ ​ហេតុផល​ទី​ ៣ វា​គ្មាន​ដំណើរការ​ណាមួយ​ដែល​គ្មាន​ហានិភ័យ​សោះ​នោះឡើយ ដូចនេះហើយ​អ្វីៗ​សុទ្ធតែ​មាន​ហានិភ័យ ប៉ុន្តែ​អ្វីដែល​គ្រប់គ្នា​អាចធ្វើ​ទៅ​បាន​គឺត្រូវ​ធ្វើការ​កាត់បន្ថយ​ហានិភ័យ​នោះ​ឱ្យមក​នៅ​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។

លោកស្រី​ថ្លែងថា​៖ «​ជាការពិត​ណាស់ ដើម្បីឱ្យ​ប្រទេសមួយ​មាន​ការរីកចម្រើន​ផែ្នក​សេដ្ឋកិច្ច ផ្នែក​សង្គម​នៅពេល​អនាគត​គឺ​តម្រូវ​ឱ្យ​មាន​ប្រជាជន​ដែលមាន​សុខភាព​ល្អ ដូចនេះ​វិស័យ​អប់រំ​និង​សុខាភិបាល​ត្រូវតែដើរ​ទន្ទឹមគ្នា​។ ការដែល​យើង​ផ្អាក​ដំណើរការ​រៀន​ ឬ​សាលារៀន​យូរ​នោះ វា​នឹង​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ទៅដល់​ផ្នែក​អប់រំ ហើយ​វា​ក៏​អាចធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច​ ឬ​សុខភាព​ផងដែរ​នៅពេល​អនាគត​»​។ «​ការបើក​សាលារៀន​បាន​វិញ​នេះ គឺ​វា​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​យើង​បាន​ដោយ​យើង​ដាក់បញ្ចូល​នូវ​វិធានការ​ទាំងឡាយ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៅពេល​បើក​ដំណើរការ​។ វិធានការ​ ៣កុំ​ ៣ការពារ​គឺ​នៅតែមាន​ប្រសិទ្ធភាព​នៅតាម​ទីតាំង​នានា ក៏ដូចជា​នៅ​សាលារៀន​ជាដើម​»​។

លោកស្រី​ថ្លែងថា ជាការ​ពិតណាស់ ការផ្ទុះ​រាតត្បាត​អាច​កើតមានឡើង​នៅពេល​ដំណើរការ​សាលារៀន​ឡើងវិញ ប៉ុន្តែ​ប្រសិនបើ​មាន​ប្រព័ន្ធ​តាមដាន​ដើម្បី​រុករក​ក្នុងករណី​ដែលមាន​ការសង្ស័យ​នៅក្នុង​សាលារៀន ហើយ​អាចឆ្លើយតប​ទាន់ពេលវេលា​តាមរយៈ​ការដាក់​វិធានការ​មុនពេល​បើក​សាលារៀន​នេះ​វា​នឹង​ធ្វើឱ្យ​ហានិភ័យ​ដែល​អាច​កើតមាន​គឺ​ទាប​បំផុត​។

កាលពី​ថ្ងៃទី​ ៣១ ខែសីហា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើការ​ពិភាក្សា​ជាមួយនឹង​អភិបាល និង​មន្ទីរអប់រំ យុវជន កីឡា រាជធានី​ខេត្ត​ទាំងអស់ ពិនិត្យ និង​វាយតម្លៃ​ក្នុង​ការបើក​សាលារៀន​ឡើងវិញ​នៅតាម​តំបន់​ដែលមាន​ហានិភ័យ​ទាប​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩​។ សាលារៀន​មួយចំនួន​នៅក្នុង​រាជធានី-ខេត្ត​ទូទាំងប្រទេស បាននិង​កំពុង​ត្រៀម​បើក​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ​ផងដែរ​ចាប់ពី​ដើម​សប្តាហ៍​ក្រោយនេះ ដែល​ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ ខេត្តព្រះវិហារ ខេត្តកំពង់ចាម និង​ខេត្ត​មួយចំនួនទៀត​។

យោងតាម​របាយការណ៍​របស់​អង្គការ​សង្គ្រោះ​កុមារ​អន្តរជាតិ​កាលពី​ថ្ងៃទី​ ១ ខែកញ្ញា បានឱ្យ​ដឹងថា កុមារ​ជាង​ ៣ ​លាន​នាក់​នៅ​ប្រទេស​កម្ពុជា​មិនបាន​ទៅ​សាលារៀន​ឡើយនា​ឆ្នាំ​កន្លងទៅ ដោយសារ​ការបិទ​សាលារៀន​ចំនួន​ ២ ​ដង ចាប់ពី​ខែមីនា ឆ្នាំ​ ២០២០ ​មក​។

នៅ​ទូទាំង​សកលលោក កុមារ​ជាង​ ១,៥ ​ពាន់​លាន​នាក់​មិន​បាន​ទៅ​សាលារៀន ដោយសារ​ការបិទ​សាលារៀន ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩ ចាប់តាំងពី​ដើមឆ្នាំ​ ២០២០ ​មក​។ នេះ​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​កុមារ​ទាំងអស់​ទទួលរង​ការរំខាន​ចំពោះ​ការអប់រំ​របស់​ពួកគេ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អង្គការ​ដដែល​នេះ​៕