ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ប្រាប់​ដល់​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ព័ត៌មាន ចាប់ផ្ដើម​តាមដាន​ និង​ត្រួតពិនិត្យ ទៅលើ​គេហទំព័រ ដែល​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ ហើយ​ផ្សព្វផ្សាយ​ព័ត៌មាន ក្លែងក្លាយ ដែលមាន​ខ្លឹមសារ​ញុះញង់​ និង​បំពុលសង្គម ដែល​ត្រូវ​រាយការណ៍ និង​ពិនិត្យ​ក្នុង​រយៈពេល​ ៣ ​ខែម្ដង​ ដើម្បី​មាន​វិធានការ​។

យោងតាម​ការឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន តាម​ប្រព័ន្ធ ZOOM នៅ​ថ្ងៃទី​ ៦ ខែ កញ្ញា ឆ្នាំ​ ២០២១ លោក ខៀវ កាញារីទ្ធ បាន​ថ្លែងថា គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ជា​ក្រុម​ពិនិត្យមើល​តែ​ពី​ដំណឹង​ដែល​បំពុល ព័ត៌មាន​ដែល​មិន​ពិត បំភ្លៃ​សង្គម គឺ​ខុសពី​គណ:កម្មការ​តាមដាន​វាយតម្លៃ​ និង​លើកសរសើរ​ក្រម​សីលធម៌ វិជ្ជាជីវ:​សារព័ត៌មាន ដើម្បី​ជា​ការលើក​នូវ​តម្លៃ សីលធម៌ និង​តម្លៃ​តួនាទី​សង្គម​របស់​អ្នកសារព័ត៌មាន​ឡើងវិញ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ក្រុមប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គួរ​ធ្វើការ​ពិនិត្យ បូកសរុប​មើល​តើ​មាន​គេហទំព័រ​ប៉ុន្មាន និង​ឈ្មោះ​អ្វីខ្លះ​? ដែល​បាន​និយាយ ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​អំពី​អ្វី និង​ប៉ុន្មាន​ដង​? ដោយ​កិច្ចការងារ​នេះ​ធ្វើការ​បូកសរុប​រយ:ពេល​ ៣ ​ខែម្តង​»​។

លោក ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​រដ្ឋមន្ត្រី បាន​ឱ្យ​គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ គិតគូរ​ត្រួតពិនិត្យ​លើ​បណ្តា​គេហទំព័រ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​វិញ ប៉ុន្តែ​កិច្ចការ​នេះ គណៈកម្មការ​បាន​ធ្វើ​រួចហើយ គ្រាន់តែ​កន្លងមក នេះ​បាន​តាមដាន និង​ពិនិត្យ​ទៅលើ​គណនី​គេហទំព័រ​ទាំងអស់​។

លោក​ថ្លែងបន្តថា ចាប់ផ្តើម​ពី​ពេលនេះ​តទៅ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ឱ្យ​ពិនិត្យ​ទៅលើ​កិច្ចការ​នេះ​បន្ថែមទៀត និង​រាយការណ៍​ជូន​លោក​ក្នុង​រយៈពេល ៣ ខែម្តង ដើម្បីឱ្យ​លោក​មាន​មូលដ្ឋាន​ក្នុង​ការសម្រេចចិត្តថា ត្រូវមាន​វិធានការ​បែប​ណាមួយ​សមស្រប​។

លោក​ថ្លែងថា​៖ «​កន្លងមកនេះ យើង​មើលឃើញ​ហើយ ថា មានការ​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ក្នុងចំណោម​នោះ យើង​ក៏បាន​ពិនិត្យ​ទៅលើ​ផេច​ដែល​ចុះ​បញ្ជិកា​ត្រឹមត្រូវ​ឬ​អត់​ដែរ​»​។

បើតាម​លោក ផុស សុវណ្ណ នៅពេល​ដែលមាន​គេហទំព័រ​បាន​ចុះ​បញ្ជិកា​ហើយ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ក្លែងក្លាយ ក្រសួង​នឹងមាន​វិធានការ ដោយ​កោះហៅ​មក​អប់រំ​ណែនាំ ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ​ខ្លាំង គឺអាច​ព្រមាន ឬ ដក​អាជ្ញាប័ណ្ណ​ឈប់​ឱ្យ​ផ្សព្វផ្សាយ​បន្តទៀត​។ មួយវិញទៀត​សម្រាប់​ផេក​ដែល​មិនបាន​ចុះបញ្ជិកា​ត្រឹមត្រូវ​តាមច្បាប់​ក្រសួង​មាន​តួនាទី​រៀបចំ​ទៅឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​បន្តទៀត​។

លោក ប៉ែន បូណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ថ្លែងថា គេហទំព័រ​ព័ត៌មាន​ដែល​ចុះ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួង​ព័ត៌មាន មិនគួរណា ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ក្លែងក្លាយ​ឱ្យ​ពលរដ្ឋ​យល់ច្រឡំ និង​បង្ក​ភាពវឹកវរ​ដល់​សង្គម​នោះទេ​។

លោក​ថ្លែងថា​៖ «​អ្នក​សារព័ត៌មាន​ដែលមាន​គេហទំព័រ ត្រូវ​ចូលរួម​ផ្សាព្វផ្សាយ​ព័ត៌មាន​ណា​ដែលមាន​ប្រយោជន៍​ដល់​សង្គម និង​ឈរលើ​មូលដ្ឋាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ប៉ុន្តែ​បើ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​មិន​ពិត វា​អាច​បង្កឱ្យ​មាន​ហានិភ័យ​ដល់​សង្គមជាតិ​»​។ គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បានឱ្យ​ដឹងថា នៅក្នុង​ខែសីហា​បាន​ស្រង់​ប្រភព​ដែល​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ដំណឹង ក្លែងក្លាយ ព័ត៌មាន​មិន​ពិត​ញុះញង់ បំពុលសង្គម និង​ប្រមាថ​ថ្នាក់ដឹកនាំ​មាន​ចំនួន​ ១៦០ ​ករណី​ក្នុង​ចំណោម​ប្រភព​ចំនួន​ ៧៨៕