ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​គ្រោង​នឹង​បញ្ជូន​លោក រ៉ុង ឈុន ដែល​កំពុង​ជាប់ពន្ធនាគារ ដែល​កំពុងមាន​ជំងឺ​ស្រវាំងភ្នែក​ខាងស្ដាំ ហើយ​គ្រូពេទ្យ​តម្រូវឱ្យ​វះកាត់ នៅពេល​ដែល​ក្រុមគ្រូពេទ្យ​កោះហៅ​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សវនា ​បាន​ថ្លែងប្រាប់ ​ភ្នំពេញ​​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ៧ ខែកញ្ញា​នេះ​ថា​៖ «​គាត់​អត់​មាន​ឈឺ​បញ្ហា​សុខភាព​អ្វី​ដទៃ​ទេ​គ្រាន់តែ​ភ្នែក​ហ្នឹង​ទាល់តែ​ពេទ្យ​ខាងក្រៅ [​ពន្ធនាគារ​] បាន​គេ​មានលទ្ធភាព​មើល​គាត់​កើត​។ ពេទ្យ​ថា ទាល់តែ​វះកាត់ ភ្នែក​ហ្នឹង​។ ពេទ្យ​ថា រើស​ថ្ងៃ​ដើម្បី​យក​គាត់​មក​វះកាត់​។ ​យើង​ក៏​រង់ចាំ​មើលថា ពេទ្យ​ទំនេរ​ពេលណា យើង​បញ្ជូន​គាត់​ទៅ​ពេល​ហ្នឹង​»​។

លោក​ នុត សវនា បានឱ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​បញ្ជូន លោក រ៉ុង ឈុន ទៅពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាលពី​ថ្ងៃ​ទី​ ៤ ខែកញ្ញា​។ ក្រោយ​គ្រូពេទ្យ​ពិនិត្យ នៅ​ថ្ងៃ​ដដែល គ្រូពេទ្យ​ថា គ្មាន​បញ្ហា​អ្វី​ទេ អាច​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ [​មណ្ឌល​អប់រំ​កែប្រែ​ទី​ ១] វិញ​បាន​។ ដូច្នេះ​ទើប​អគ្គនាយកដ្ឋាន​ពន្ធនាគារ​សម្រេចយក​គាត់​មក​ពន្ធនាគារ​វិញ​មក​។

លោក​ថ្លែងថា​៖ «​យើង​ទុក​គាត់​នៅ​សិន ពេទ្យ​ហៅ​ពេលណា យើង​នឹង​បញ្ជូន​គាត់​ទៅ​ពេល​ហ្នឹង​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ ដែលជា​មនុស្ស​ជិតស្និទ្ធ​លោក រ៉ុង ឈុន ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ៧ ខែកញ្ញា​ថា កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា លោក រ៉ុង ឈុន បាន​ទូរស័ព្ទ ឱ្យដឹងថា គាត់​បាន​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ពេទ្យ​ឱ្យ​ថ្នាំ​គាត់​សម្រាប់​លេប ហើយ​ក៏បាន​បញ្ជូនមក​ពន្ធនាគារ​វិញ មិន​បានឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ទេ​។

លោកស្រី​ថ្លែងថា​៖ «​ពេទ្យ​ផ្ដាំផ្ញើ​ថាឱ្យ​គាត់​ត្រូវតែទៅ​ពិនិត្យ​សុខភាព​ជាប្រចាំ ព្រោះ​អី​ភ្នែក​របស់គាត់​មាន​បញ្ហា​ធ្ងន់ធ្ងរ​។ នេះ​ជា​អ្វីដែល​លោក រ៉ុង ឈុន គាត់​បាន​ប្រាប់​ខ្ញុំ​បែបនេះ​»​។

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៨ ខែសីហា បានប្រកាស​សាលក្រម ផ្តន្ទាទោស លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំ​ក្រោម​ការចោទប្រកាន់ ពីបទ​ញុះញង់​បង្កើតឱ្យមាន ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សង្គម​តាម មាត្រា​ ៤៩៤ និង មាត្រា​ ៤៩៥ ​នៃ​ក្រមព្រហ្មទណ្ឌ​។

លោក រ៉ុង ឈុន គឺជា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ធ្លាប់ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពី​កូតា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​ ២០១៣​។ លោក​ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​ ៣១ ​កក្កដា ពាក់ព័ន្ធ​បង្ហោះ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​៕