ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងអ្នកនាំពាក្យក្រសួងសុខាភិបាល នឹងធ្វើការប្រកាសបិទបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ លើគោលដៅខេត្តចំនួន ៣ នៅក្នុងសប្ដាហ៍នេះ និងកំពុងពិចារណាលើគោលដៅខេត្តប៉ៃលិន ក្រោយពីពលរដ្ឋអាយុ ១៨ ឡើង ចំនួន ៩ លាន ៦ សែននាក់ ក្នុងគោលដៅ ១០ លាននាក់បានទទួលការចាក់វ៉ាក់សាំងរួចរាល់។
យោងតាមគម្រោងរបស់រាជរដ្ឋាភិបាល យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងគោលដៅនៃប្រជាជន ១០ លាននាក់នឹងត្រូវបិទបញ្ចប់នៅក្នុងខែតុលា ឬដើមខែវិច្ឆិកា ឬអាចនឹងមុនផែនការនេះ។
លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី ៦ ខែកញ្ញា ក្នុងពេលចុះផ្តល់អំណោយទៅដល់លោកតាលោកយាយអាយុពី ១០០ ឆ្នាំឡើងក្នុងខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំង ថានៅពេលនេះមានខេត្តមួយចំនួនហើយដែលគ្រោងនឹងបិទបញ្ចប់ ហើយក៏ទទួលបាននូវការសម្រេចដ៏ខ្ពង់ខ្ពស់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបិទបញ្ចប់នៅខេត្ត កណ្តាល ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន ក៏បានកំពុងតែស្នើសុំបិទបញ្ចប់ផងដែរ។
លោកស្រី វណ្ណឌីន ថ្លែងថា៖ «ខ្ញុំនឹងចូលរួមក្នុងការប្រកាសបិទបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ក្រុមមនុស្សអាយុពី ១៨ ឆ្នាំឡើងទៅ ដែលខេត្តកណ្តាលនឹងធ្វើពិធីប្រកាសបិទនៅថ្ងៃទី ៨ ខែកញ្ញា ឯខេត្តព្រះសីហនុ និងខេត្តកែប ប្រកាសបិទនៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះផងដែរ»។
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានលើកឡើងពីបេសកកម្មទាក់ទងនឹងការផ្តល់អំណោយទៅដល់មនុស្សចាស់ដែលមានវ័យ ១០០ ឆ្នាំឡើងដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់តាំងពីដើមខែកក្កដា រហូតមកដល់ពេលនេះមានចំនួន ១០០ នាក់ហើយ ហើយសរុបចម្ងាយផ្លូវដែលលោកស្រី និងក្រុមការងារ រួមនឹងមន្ត្រីនៃអង្គការសុខភាពពិភពលោកបានធ្វើដំណើរ គឺចំនួនជាង ១ ម៉ឺនគីឡូម៉ែត្រឯណោះ។
លោកស្រី វណ្ណឌីន ថ្លែងថា៖ «នៅមានលោកតា លោកយាយ មួយចំនួនទៀតដែលបានចាក់វ៉ាក់សាំងហើយនឹងត្រូវបានទទួលអំណោយនេះ ហើយយើងសង្ឃឹមថា បេសកកម្មនេះនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះផងដែរ ដោយសារចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសក្រុមគោលដៅអាយុពី ១៨ ឆ្នាំឡើងចំនួន ១០ លាននាក់ ក៏នឹងជិតឈានគ្រប់ចំនួនផងដែរ»។
អ្នកនាំពាក្យរូបនេះបានបន្តថា ការបិទបញ្ចប់នៅតាមបណ្តាខេត្តផ្សេងៗទៀតនឹងធ្វើជាបន្តបន្ទាប់ទៅតាមស្ថានភាព និងលទ្ធផលនៃការចាក់វ៉ាក់សាំងជាក់ស្តែងនេះ មិនមែនមានន័យថាបិទបញ្ចប់ហើយ អ្នកដែលមិនទាន់បានចាក់មិនអាចចាក់នោះទេ គឺក្រសួងនឹងរក្សាទុកវ៉ាក់សាំងកូវីដ ១៩ នេះនៅតាមទីតាំងមួយចំនួននៃបណ្តាខេត្តនីមួយៗផងដែរ។
លោកស្រីបានប្រាប់ថា៖ «សុំប្រជាពលរដ្ឋដែលមិនទាន់បានចាក់សោះ កុំមានការបារម្ភ គឺពួកគាត់អាចស្វែងរកការចាក់បាននៅតាមទីតាំងដែលរដ្ឋបាលរាជធានី-ខេត្តនឹងធ្វើការប្រកាសនៅពេលការបិទបញ្ចប់យុទ្ធនាការនេះ»។
ទន្ទឹមនឹងនេះដែរ លោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាក៏បានលើកឡើងពីស្ថានភាពនៃការឆ្លងរាលដាលវីរុសកូវីដ ១៩ ក្នុងប្រទេសកម្ពុជា ដែលមកដល់ពេលនេះហាក់មានភាពល្អប្រសើរឡើងវិញផងដែរ។
លោកស្រីបានថ្លែងថា៖ «យើងឃើញថា ស្ថានភាពទូទៅគឺមានភាពល្អប្រសើរឡើងវិញហើយដោយសារមានការអនុវត្តបានល្អនូវវិធានការសុខាភិបាលដែលជាវិធានការមិនមែនឱសថ រួមគ្នាជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ ដែលមានដំណើរការល្អ ហើយនឹងការបង្កើននូវសមត្ថភាព ក្នុងការព្យាបាលអ្នកកើតជំងឺកូវីដ ១៩ នេះបានយ៉ាងល្អផងដែរ»។
លោកស្រីបានបន្តថា នេះជាដំណឹងមួយដែលស្ថានភាពបានវិលមកភាពប្រសើរឡើងវិញ ប៉ុន្តែអ្វីដែលគ្រប់គ្នាកំពុងប្រឈមគឺការបំប្លែងថ្មីនៃមេរោគកូវីដ ១៩ នេះ ជាពិសេសមេរោគប្រភេទដែលតានេះតែម្តង។ ដូចនេះហើយ អ្វីដែលសំខាន់ជាងគេទោះបីជាស្ថានភាពមានភាពប្រសើរយ៉ាងណាក៏ដោយ ក៏ទាំងអស់គ្នាមិនត្រូវបន្ធូរបន្ថយនូវវិធានការការពារដែលបានដាក់ចេញនាពេលកន្លងមកនោះទេ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី ៦ ខែកញ្ញា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងចំនួនជាង ៩,៦ លាននាក់ ឬស្មើនឹង ៩៦,០៩% បានចាក់វ៉ាក់សាំងកូវីដ ១៩ ចំណែកក្រុមមនុស្សអាយុចាប់ពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំចំនួនជាង ១,៦ លាននាក់ ឬស្មើនឹង ៨៥,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅជិត ២ លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយ៕
វីដេអូ៖