ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​ប្រាប់​ឱ្យ​អង្គការ អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ និង​គណបក្សនយោបាយ ដាក់ពាក្យ​ស្នើសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​របស់​ខ្លួន សម្រាប់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​ ២០២១ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១២ ខែតុលា ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

តាម​សេចក្តី​ជូនដំណឹង​របស់ គ.ជ.ប. កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា ប្រាប់​ឱ្យ​អង្គការ អ្នកសង្កេតការណ៍​ជាតិ​ដាក់ពាក្យ​ស្នើសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​របស់​ខ្លួន ចាប់ពី​ថ្ងៃទី​ ១២ ខែកញ្ញា ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ​ ២០២២​។ ប៉ុន្តែ សម្រាប់​អង្គការ អ្នកសង្កេតការណ៍​អន្តរជាតិ​អាចដាក់​ពាក្យស្នើសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​ ១២ ខែ កញ្ញា ឆ្នាំ​ ២០២១ ដល់​ថ្ងៃទី​ ៩ ខែ កុម្ភៈ ឆ្នាំ​ ២០២២​។

គ.ជ.ប.បញ្ជាក់ថា អង្គការ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ដែល​បាន​ទទួលស្គាល់ និង​អនុញ្ញាត​ជា​ផ្លូវការ ហើយ​ទទួល​បណ្ណ​សម្គាល់ ពី គ.ជ.ប. រួចហើយ​មាន​សិទ្ធិ​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ទាំងមូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

គ.ជ.ប. បន្តថា សម្រាប់​គណបក្ស​នយោបាយ​អាច​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី ៥ ខែ តុលា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ២ ខែ កុម្ភៈ ឆ្នាំ​ ២០២២​។ ពាក្យសុំ​ចុះឈ្មោះ​ជា​ភ្នាក់ងារ​គណបក្សនយោបាយ​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប្រធាន ឬ​តំណាង​នៃ​គណបក្សនយោបាយ ដែល​ទទួលបាន​ការផ្ទេរ​សិទ្ធិ​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រធាន​គណបក្សនយោបាយ​។ ការផ្ទេរសិទ្ធិ​នេះ​មិន​អនុញ្ញាត​ឱ្យ​ផ្ទេរសិទ្ធិ​បន្ត​ឡើយ លើកលែងតែ​ក្នុង​លិខិត​ផ្ទេរសិទ្ធិ​នោះ​មាន​ខ្លឹមសារ​អនុញ្ញាត​ឱ្យ​ផ្ទេរសិទ្ធិ​បន្ត​។

គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ចាត់តាំង​ភ្នាក់ងារ​របស់ខ្លួន​មួយចំនួន​តាម​ការចាំបាច់​របស់​គណបក្ស ដើម្បី​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​សាលាឃុំ សង្កាត់ និង​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ដែល​កំណត់ដោយ គ.ជ.ប.។

លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ខែកញ្ញាថា ក្នុង​ច្បាប់បោះឆ្នោត​បាន​ចែងថា គណបក្ស​នយោបាយ អង្គការ មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ តម្រូវ​ឱ្យ​ដាក់​ភ្នាក់ងារ​របស់ខ្លួន ដើម្បី​តាមដាន​អង្កេតការណ៍​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​ ២០២១ ​នេះ​។

លោក​បន្តថា សេចក្តី​ជូនដំណឹង​របស់ គ.ជ.ប. ​ឆ្លើយតប​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​គណបក្ស​នយោបាយ​មួយ​ចំនួន ដែលមាន​បំណង​ចូលរួម​ដាក់​ភ្នាក់ងារ​សង្កេតការណ៍រ​បស់​ខ្លួន​អាចដាក់​ពាក្យស្នើសុំ ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ពី គ.ជ.ប. ក្នុង​ការចុះ​អង្កេតការណ៍​នៅតាម​ការិយាល័យ​ពិនិត្យ បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ឃុំ សង្កាត់​របស់​ប្រទេស​កម្ពុជា​។

លោក​ថា អង្គការ សមាគមជាតិ និង​អន្តរជាតិ និង​គណបក្សនយោបាយ មាន​សិទ្ធិ​ក្នុង​ការកត់ត្រា និង​ឆ្លុះបញ្ចាំង​ពី​តម្លាភាព​នៃ​ដំណើរការ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​រួម​នឹង​ការបោះឆ្នោត​នៅ​ទូទាំងប្រទេស​។ ទោះជា​យ៉ាងណា លុះត្រា​អង្គការ សមាគមជាតិ និង​អន្តរជាតិ និង​ភ្នាក់ងារ​គណបក្សនយោបាយ​ដាក់​ពាក្យ​ស្នើសុំ​មក គ.ជ.ប. ទើប​មាន​សិទ្ធិ​ក្នុង​ការចុះ​សង្កេតការណ៍​បាន​។

លោក​ថា​៖ «​គ្រប់​កាលៈទេសៈ​ទាំងអស់ គ.ជ.ប. ចាត់ទុក​ភាគី​ពាក់ព័ន្ធ​ទាំងអស់​គឺជា ដៃគូ​ដ៏សំខាន់​ក្នុងការ​តាមដាន និង​ពិនិត្យ សង្កេតការណ៍​លើ​ដំណើរការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត រួម​ជាមួយ​នឹង​ការបោះឆ្នោត ដើម្បី​ចូលរួម​ក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការបោះឆ្នោត​នេះ​កាន់តែ​ល្អប្រសើរ​ថែមទៀត​»​។

លោក​ កង សាវាង្ស អ្នកសម្របសម្រួល ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ (Comfrel) ​ថ្លែង​នៅ​ថ្ងៃទី​ ៧ កញ្ញា ថា​ជា​រៀងរាល់ឆ្នាំ អង្គការ​របស់​លោក​តែងតែ​ដាក់ពាក្យ​ស្នើសុំ​ទៅ គជប ដើម្បី​ចុះឈ្មោះ​អ្នកសង្កេតការណ៍ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​ ២០២១ ប៉ុន្តែ​ចំនួន​នៃ​អ្នកសង្កេតការណ៍​តាមឃ្លាំមើល មិនត្រូវ​ដាក់​ចំនួន​ច្រើន​ទេ​។ ឆ្នាំនេះ​អង្គការ ក៏​នឹង​ត្រៀម​សុំ​ចុះឈ្មោះ​អ្នក​សង្កេតការណ៍​មួយចំនួន​ដែរ ព្រោះ​ឆ្នាំនេះ​ក៏​ជា​ឆ្នាំ​ត្រៀម​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​ដូច្នេះហើយ​បានជា​យើងខ្ញុំ​ខិតខំ​ប្រឹង​ពិនិត្យមើល និង​ធ្វើ​យ៉ាងម៉េច​ឱ្យ​បញ្ជី​ឈ្មោះ​ហ្នឹង វា​ល្អប្រសើរ និង​គុណតម្លៃ​សម្រាប់​កិច្ចការងារ ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​»​។

លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្ស​ខ្មែរ​ក្រោក​ថ្លែងថា គណបក្ស​របស់លោក​បាន​ទទួល​សេចក្តី​ជូនដំណឹង​របស់ គជប រួចហើយ​។ គណបក្ស​នឹងដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ភ្នាក់ងារ ដើម្បី​តាមដាន​សង្កេតការណ៍ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​ ២០២១ ​ខាងមុខនេះ​៕

វីដេអូ៖