ក្រចេះៈ ទារកអាយុ ៤៥ ថ្ងៃម្នាក់ ឈ្មោះ ហេង សំណាង រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល បានស្លាប់ដោយសារជំងឺកូវីដ ១៩ នាថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៥ និង ៣០ នាទីព្រឹក។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកស្នួល ដែលប្រកាសដោយរដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី ៨ កញ្ញានេះ។

សេចក្តីប្រកាសបានឱ្យដឹងថា ទារករូបនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល កាលពីថ្ងៃទី ៣០ ខែសីហា ហើយក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តរហ័ស រកឃើញមានផ្ទុកជំងឺកូវីដ ១៩។

ប្រភពដដែលបន្តថា៖ «ដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ ១៩ មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ទើបបណ្តាលឱ្យស្លាប់បាត់បង់ជីវិត»។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ១ ខែសីហា ទារិកាអាយុ ២ ខែម្នាក់ ក៏បានស្លាប់ដោយសារមានជំងឺកូវីដ ១៩ នេះដែរ នៅខេត្តព្រះវិហារ បន្ទាប់ពីបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរមួយរយៈខ្លី។ ប៉ុន្តែបើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យផ្នែកកុមារនៃមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យយោធាថា ទារិកាបានស្លាប់ដោយសារជំងឺ Cerabral beriberi (កង្វះវីតាមីន B ធ្ងន់ធ្ងរ ប៉ះពាល់ដល់ខួរក្បាល) ខណៈមានវីរុសកូវីដ ១៩ ដែរ៕