កំពង់ធំៈ មន្ដ្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ និង​អង្គការ​ធ្វើការងារ​ផ្នែក​អភិរក្ស​សត្វ​ស្លាប បាន​កត់ត្រា​ប្រភេទ​សត្វស្លាប ពិសេស​សត្វស្លាប​ដែល​កំពុង​ឈានទៅរក​ការគំរាមកំហែង​នៅលើ​ពិភពលោក មាន​វត្ដមាន​ជាង ៦០ ប្រភេទ​នៅ​តំបន់​រ៉ាមសារ​ស្ទឹងសែន និង​បឹងឆ្មា​នៃ​ខេត្ដ​កំពង់ធំ​។

លោក តុប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៧ ខែកញ្ញា ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តាមរយៈ​ការអង្កេត និង​កត់ត្រា​ជាប្រចាំ​បាន​សង្កេតឃើញ​ប្រភេទ​សត្វស្លាប​ជាច្រើន​ប្រភេទ​មាន​វត្តមាន​នៅក្នុង​តំបន់​រ៉ាមសារ ស្ទឹងសែន និង​បឹងឆ្មា​នៃ​ខេត្ដ​កំពង់ធំ​។

លោក​ថ្លែងថា​៖ «​យើង​ឃើញ​មាន​វត្ដមាន​សត្វស្លាប​ជាង ៦០ ប្រភេទ ដែល​បាន​មករក​ចំណី​នៅ​តំបន់​រ៉ាមសារ​ស្ទឹងសែន និង​បឹងឆ្មា​។ លទ្ធផល​នេះ គឺ​ដោយសារ​ការអនុវត្ដ​ច្បាប់​ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួន និង​ការចុះ​ល្បាត​ជាប្រចាំ​របស់​មន្ដ្រី​ឧទ្យានុរក្ស​»​។

លោក កក្កដា បានឱ្យ​ដឹងថា កាលពីមុន​នៅពេល​រដូវវស្សា​មក​ដល់ ប្រជាពលរដ្ឋ​តែងតែ​ធ្វើ​សកម្មភាព​ដាក់​អន្ទាក់ និង​បំពុល​សត្វ​ស្លាប​។ ប៉ុន្ដែ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តាមរយៈ​ការរឹតបន្តឹង និង​អនុវត្ដ​ច្បាប់ លើ​សកម្មភាព​ល្មើសច្បាប់​របស់​ប្រជាពលរដ្ឋ គឺ​ចំនួន​វត្ដមាន​សត្វស្លាប​បាន​កើនឡើង​ច្រើន ជាពិសេស​ប្រភេទ​សត្វ​ដែល​មិន​ធ្លាប់មាន​វត្ដមាន​នៅក្នុង​តំបន់​នេះ​។

លោក​ ប៊ូ វរសក្ស នាយក​ស្តីទី​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង​ជា​នាយក​កម្មវិធី​អង្គការ​ BirdLife ថ្លែងថា នៅ​រៀងរាល់​ដើមរដូវវស្សា​សត្វស្លាប​ជាច្រើន​ប្រភេទ ដូចជា សត្វ​ទុងប្រផេះ ជាដើម តែងតែ​ផ្លាស់​ទី​មក​តំបន់​​រ៉ាមសារ​ស្ទឹងសែន​នេះ ដើម្បី​រក​ចំណី ដល់​ពេល​ទឹកស្រក វា​ក៏​ផ្លាស់ទី​ទៅរក​ចំណី​នៅ​កន្លែង​ផ្សេង​។ សត្វទុង​ប្រផេះ​បាន​កំពុង​បង្ហាញខ្លួន​នៅក្នុង​តំបន់​ដីសើម​នេះ​ប្រមាណ​ជា​ ៤០ ​ក្បាល​។ នេះ​បើ​យោងតាម​កំណត់ត្រា​ក្នុង​ខែសីហា​កន្លង​ទៅ​របស់​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​។

តំបន់​រ៉ាមសារ បឹងឆ្មា មាន​ផ្ទៃដី​ជាង​ ២៨ ០០០ ​ហិកតា និង​តំបន់​រ៉ាមសារ​ស្ទឹងសែន​ ១៨ ០០០ ​ហិកតា​៕