The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​ភ្ញៀវទេសចរ​ចូល​ទស្សនា​តំបន់​អង្គរ យក​យានជំនិះ​ទៅ​ចត​កន្លែង​ផ្ញើ

អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​ភ្ញៀវទេសចរ​ចូល​ទស្សនា​តំបន់​អង្គរ យក​យានជំនិះ​ទៅ​ចត​កន្លែង​ផ្ញើ

Content image - Phnom Penh Post
រថយន្ត​ដែល​ភ្ញៀវ​ចត​នៅក្នុង​បរិវេណ​ប្រាសាទ​។ រូបថត អាជ្ញាធរ​ជាតិ​អប្សរា

អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​ភ្ញៀវទេសចរ​ចូល​ទស្សនា​តំបន់​អង្គរ យក​យានជំនិះ​ទៅ​ចត​កន្លែង​ផ្ញើ

ភ្នំពេញៈ អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​យ៉ាងទទូច​ដល់​សាធារណជន ដែល​ចូល​ទស្សនា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវយក​យានជំនិះ​របស់​ខ្លួន​ទៅ​ចត​នៅ​កន្លែង​ផ្ញើ ចៀសវាង​ការចត​យានយន្ត​នៅតាម​ដងផ្លូវ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សោភណភាព និង​តម្លៃ​នៃ​ប្រាង្គ​ប្រាសាទ​នានា​។

ការអំពាវនាវ​នេះ បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា សង្កេតឃើញ​មាន​សាធារណជន​មួយចំនួន​នៅ​បន្ត​ចត​យានជំនិះ​នៅតាម​ដងផ្លូវ​ចូល​តំបន់​រមណីយដ្ឋាន​អង្គរ បើទោះបីជា​ក្រុមការងារ បាន​ដាក់​ស្លាក​ហាម​ចត និង​បាន​ណែនាំ​ច្រើនលើក​ច្រើនសា​រួចមកហើយ​ក្តី​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក​ ឡុង កុសល ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ កញ្ញា​ថា ដើម្បី​លើកកម្ពស់​សោភណភាព​មួយកម្រិត​ទៀត​នៅ​បរិវេណ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ ក្រុមការងារ​នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​សហប្រតិបត្តិការ​នៃ​អាជ្ញាធរ​ជាតិអប្សរា​បាន​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ទីសាធារណៈ និង​បាន​ណែនាំ​ភ្ញៀវ​ហាម​ចត​យានយន្ត​នៅតាម​ដងផ្លូវ​ផងដែរ​។ ក្នុងនោះ​ក្រុមការងារ​បាន​ណែនាំ​អំពី​ការហាម​ការចត​យានយន្ត ការចត​កង់​ម៉ូតូ ការលក់ដូរ​តាម​ដងផ្លូវ និង​ហាម​ដើរ​ជាន់​ស្មៅ ឬ​អង្គុយ​ញ៉ាំ​អាហារ​ផ្សេងៗ​នៅតាម​ដងផ្លូវ​ជាដើម​។

លោក​ថ្លែងថា​៖ «​ដោយសារតែ​តំបន់​អង្គរ គឺជា​គោលដៅ​ទស្សនា ដែលមាន​ភ្ញៀវ​ជាតិ អន្តរជាតិ ធ្វើដំណើរ​មក​ដើម្បី​ទស្សនា អ៊ីចឹង​ក្នុងករណី​ដែល​យើង​ចត​ឡាន ចត​ម៉ូតូ ជាពិសេស​ការចត​ឡាន ធ្វើឱ្យ​ស្ទះផ្លូវ​មួយ​ចំហៀង​បាត់ទៅហើយ​។ បើ​អ៊ីចឹង​ទេ វា​បង្កបញ្ហា​ការកកស្ទះ​នៅតាម​ដងផ្លូវ​ចូល​ទស្សនា សម្រាប់​អ្នកដែល​គេ​ត្រូវការ​ធ្វើដំណើរ​»​។

លោក​បន្ថែមថា នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​រៀបចំ​ចំណត​ផ្ញើ​ឡាន កង់ ម៉ូតូ ផងដែរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក៏មាន​កន្លែង​ចំណត​សមរម្យ​ច្រើន ទៅតាម​ទីតាំង​ទស្សនា​នីមួយៗ​។ អ៊ីចឹង​ក្នុង​ការអញ្ជើញ​ទស្សនា​ប្រកប​ដោយ​សុវត្ថិភាព​ផង​នោះ​យើង​សំណូមពរ​សូមឱ្យ​បងប្អូន​មេត្តា​ប្រើប្រាស់​នូវ​ចំណតរថយន្ត​ដែលមាន​ស្រាប់​»​។

លោក​បន្តថា មួយវិញទៀត អាជ្ញាធរ​ជាតិអប្សរា ចង់​លើកទឹកចិត្ត​ដល់​ភ្ញៀវទេសចរ​បាន​ដើរ​មើល​ប្រាសាទ​នានា ជា​ជាង​ចត​ឡាន​ម៉ូតូ​តាម​ដងផ្លូវ ហើយ​អង្គុយ​ហូប​អាហារ​ជុំគ្នា​។ អាជ្ញាធរ​អប្សរា​មាន​ប្លង់ សម្រាប់​ដំណើរ​ទស្សនា​នៅតាម​ទីតាំង​នីមួយៗ និង​ចង់​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ភ្ញៀវទេសចរ​ដើរ​ទស្សនា​តាម​ប្លង់​ទីតាំង​កំណត់​នៃ​ការដើរ​ទស្សនា​។ អ៊ីចឹង​ធ្វើឱ្យ​គាត់​ស្វែងយល់​ទាំង​តម្លៃ​ប្រវត្តិសាស្ត្រ​ទាំង​តម្លៃ​ស្ថាបត្យកម្ម និង​តម្លៃ​សិល្បៈ​នៃ​ប្រាង្គ​ប្រាសាទ​។ ប្រសិនបើ​គាត់​ចត​ឡាន ម៉ូតូ និង​លក់ដូរ​តាម​ដងផ្លូវ​ធ្វើឱ្យប៉ះពាល់​សោភណភាព​។

ទោះយ៉ាងណា លោក​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ដែល​មាន​បំណង​ចូល​ទស្សនា​នៅ​តំបន់​អង្គរ មេត្តា​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា ដោយ​យក​យានជំនិះ​របស់ខ្លួន​ទៅ​ចត​នៅ​កន្លែង​ដែល​ក្រុម​ការងារ​បានរៀបចំ​ដើម្បី​ជា​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេសជាតិ​។

លោក​ថា​៖ «​យើង​បាន​ណែនាំ​រហូត អ្វីដែល​អាជ្ញាធរ​ចង់​សំណូមពរ គឺ​ឱ្យ​បងប្អូន​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា អ្វីដែល​ហៅថា​ជាការ​ចូលរួម​គឺ​ការចូលរួម​ដោយ​ខ្លួនឯង ដើម្បី​ផលប្រយោជន៍​សណ្តាប់ធ្នាប់​សាធារណៈ​ទាំងមូល​។ បើសិនជា​យើង​ចៀសវាង​បាន​នូវ​បញ្ហា​ទាំងអស់នេះ គឺ​បងប្អូន​ដែលជា​ភ្ញៀវទេសចរ​ពេល​គាត់​ចូលមក​មាន​អារម្មណ៍​សប្បាយរីករាយ​»​។

សូមជម្រាបថា ទោះបី​ក្នុង​អំឡុងពេល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​បន្តការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ដូចជា ការជួសជុល​ផ្លូវ ដាំ​ស្មៅ ដាំ​ដើមឈើ និង​ជួសជុល​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​ដែល​រង​ការបែកបាក់​ជាដើម​។

លោក​ ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ប៉ុន្តែ​លោក​ជំរុញ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវតែ​អនុវត្ត​ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ជា​ប្រយោជន៍​រួម​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​ជាតិ​អប្សរា យើង​ឃើញ​ហើយ​ថា គាត់​ខិតខំ​ប្រឹងប្រែង​ណាស់ ព្រោះ​ការស្នើសុំ​របស់គាត់ គឺ​ទី​១ ជា​ប្រយោជន៍​រួម​របស់​ជាតិ ទី​២ ​កិត្តិយស​របស់​កម្ពុជា​ទាំងមូល ទី​៣ យើង​ដឹង​ហើយ​តំបន់​ប្រាសាទ គឺជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដោយបាន​ទទួល​ស្គាល់​ពី​អង្គការ​យូណេស្កូ​។ អ៊ីចឹង​មិនគួរណា​មាន​ភាពអនាធិបតេយ្យ​នៅតាម​ដងផ្លូវ​ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​នោះទេ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍