ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ​សម្រេច​ទុកពេល ​១៥ ថ្ងៃ ​ឱ្យ​ប្រជាពលរដ្ឋ​ ម្ចាស់​អាជីវកម្មដ្ឋាន​ អង្គភាព​រដ្ឋ​ នៅ​វិថី​ព្រះអង្គ​យុគន្ធ ​និង​វិថី​ឧកញ៉ា​សន្ធរម៉ុក​ ប្រញាប់​រួសរាន់​រៀបចំ​រុះរើ​ខ្សែកាប្លិ៍​អាកាស​ចេញ ​ដើម្បី​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ ​ឱ្យកាន់តែ​ល្អ​ស្រស់​បំព្រង។

តាម​សេចក្តី​ជូនដំណឹង​ដែល​ចុះហត្ថលេខា ​ដោយ​លោក​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី ៦​ ខែកញ្ញា ​បញ្ជាក់ថា ​ដើម្បី​លើក​ កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ ​ឱ្យកាន់តែ​ល្អស្រស់​បំព្រង ​សក្តិសម​ជាបេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ ​បណ្តាញ​ខ្សែកាបិ៍្ល​អាកាស​តាម​ដងផ្លូវ​ចំនួន២ ​គឺ ​វិថី​ព្រះអង្គ​យុគន្ធរ​ (ផ្លូវ​លេខ ១៩) ​ចាប់ពី​ផ្លូវ​លេខ​ ១០៨ ​ដល់​ផ្លូវ​លេខ ​៩៨ ​និង​វិថី​ឧកញ៉ា​សន្ធរម៉ុក ​(ផ្លូវ​លេខ ៩៨) ​ចាប់ពី​ផ្លូវ​លេខ​ ១៩ ​ដល់​តិរៈវិថី​ព្រះស៊ីសុវត្ថិ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ​សង្ឃឹម​ជឿជាក់​ថា ​បងប្អូន​ប្រជាពលរដ្ឋ ​អង្គភាព​រដ្ឋ ​បណ្តា​ក្រុមហ៊ុន​ឯកជន ​ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ផ្តល់​ការ​អធ្យា​ស្រ័យ ​និង​ចូលរួម​សហការ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​តាម​ខ្លឹមសារ​ខាងលើ​នេះ ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង។

លោក​ម៉េត មាសភក្តី ​អ្នកនាំ​ពាំក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៨ ​ខែកញ្ញា ​ថា ​កិច្ចការ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​អនុវត្ត​នៅតាម​ផ្លូវ​ជាច្រើន​ខ្សែ​រួចមក​ហើយ ​ដោយ​ផ្តើមចេញ​ពី​ផ្លូវ​ធំៗ​ រួមមាន​ផ្លូវ​នរោត្តម ផ្លូវ​សហព័ន្ធរុស្សី ​ផ្លូវ​ម៉ៅសេទុង ​និង​ផ្លូវ​កម្ពុជា​ក្រោម​ជាដើម​ វា​មិនមែន​ជាការងារ​ថ្មី​នោះ​ទេ។

លោក​ថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ផែនការ ​ជាបន្តបន្ទាប់ ​ដើម្បី​ឱ្យ​ម្ចាស់​អាជីវកម្មដ្ឋាន ​អង្គភាព​រដ្ឋ​ រុះរើ​ខ្សែកាប្លិ៍​អាកាស​ចេញ​នៅតាម​កំណាត់​ផ្លូវ​ផ្សេងៗ​ទៀត​ ដើម្បី​ធ្វើយ៉ាង​ណា​ទម្លាក់​ខ្សែកាប្លិ៍​នេះ​ចូលទៅ​ក្នុង​ក្រោម​ដី ​សម្រាប់​សោភណភាព ​និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ និង​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​ថ្លែងថា​៖ «កំណាត់​ខ្សែ​មុន ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ​និង​ក្រុមហ៊ុន ​និង​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ។ ប៉ុន្តែ​គ្រាន់តែ​ការទម្លាក់​ខ្សែ​កាប្លិ៍​នេះ ​វា​មិនអាច​ចប់​បាន​ទេ ​គឺ​ត្រូវ​មាន​កម្មវិធី​ការងារ​របស់​យើង ​គឺ​ត្រូវធ្វើ​ខ្សែ​ណា​មុន​ជាដើម ​ហើយ​កិច្ចការងារ​ថ្មី​នេះ ​យើង​បន្ត​ពី​ការងារ​ចាស់​របស់​យើង»។

ប្រជាពលដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​លោក ​ឡុង ហាន ​គាំទ្រ​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដែល​តម្រូវឱ្យ​រុះរើ​ខ្សែ​កាប្ល៍​លើ​អា​កាស​នេះ​ដែលធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​មាន​សោភណភាព។ ព្រោះ​កន្លែង​ខ្លះ ​គេ​បង្កប់​នៅក្នុង​ដី ​ដែល​មិន​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក​និយាយថា​ នៅ​ពេល​បង្កប់​ខ្សែកាប្លិ៍​នេះ​នៅក្នុង​ដី ​វា​មិនបង្ក​ហានិភ័យ​ដល់​ការដាច់​ខ្សែភ្លើង​ នៅពេល​បាក់​ដើមឈើ ​ឬ​រលំ​អគារ​ផ្សេងៗ។ ប៉ុន្តែ​ការរៀបចំ​ខ្សែកាប្លិ៍​នៅ​ក្រោម​ដី​នេះ ​និង​ការរុះរើ ​ក៏​វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ ដែល​រស់នៅ​ និង​ប្រកប​អាជីវកម្ម​នៅតាម​ផ្លូវ​ផង​ដែរ ​ព្រោះ​ត្រូវការ​ពេល​ក្នុង​ការរុះរើ​និង​ការរៀប​ចំ ។

លោក​ថ្លែងថា​៖ «ទោះជា​យ៉ាងណា ​ខ្ញុំ​គិតថា ​វា​ល្អ​នៅពេល​ដែល​រើ​ខ្សែកាប្លិ៍​លើ​អាកាស​នេះ​ចេញ។ ព្រោះ​កន្លែង​ខ្លះ​ ខ្ញុំ​ឃើញ​វា​មាន​ភាពរញ៉េរញ៉ៃ​ ហើយ​នៅពេល​ដែល​ត្រូវ​រើរុះ​ចេញ ​វា​មាន​សោភណភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ»៕

វីដេអូ៖