បាត់​ដំបងៈ ​នគ​របាល​ខេត្ត​បាត់​ដំប​ងនៅ​រសៀល​ថ្ងៃទី ៨​ ខែកញ្ញា​នេះ​ បាន​បញ្ជូន​សំណុំ​រឿង​មេខ្យល់ ​២ ​នាក់​ទៅ​តុលា​ការ​ ​បន្ទាប់ពី​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​ភ្នំព្រឹក​ចាប់​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​កាល​ពី​ថ្ងៃទី ៦ ​ខែកញ្ញា​ ពាក់​ព័ន្ធ​ករណី​នាំ​​ពលរដ្ឋ​ខ្មែរ​ចំនួន ​១១ ​នាក់ ​បម្រុងឆ្លង​ដែន​ទៅ​ថៃ​ដោយ​ខុស​ច្បាប់​ ក៏ប៉ុន្តែ​មិន​ទាន់​បញ្ជូន​ជន​សង្ស័យ​ទេ ដោយ​សារ​មាន​ករណី​ឆ្លង​កូវីដ ​១៩​។

លោក​ស្រី​ រស់​ ជីវី​ ស្នង​ការរង​ទទួល​ផែន​ការងារ​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិ​ជន​ខេត្តថ្លែង​នៅ​ថ្ងៃទី ៨ ​ខែកញ្ញា​ថា ​បុរស​ជា​មេ​ខ្យល់​ ២ នាក់​ ពាក់​ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់​ដំបង​ បញ្ជូន​សំណុំ​រឿង​ពួកគេ​ទៅ​កាន់​តុលា​ការ​ហើយ​នៅ​រសៀល​ថ្ងៃទី​ ៨​ ខែកញ្ញា​នេះ​។

លោក​ស្រី​បន្ត​ថា ​កា​របញ្ជូន​សំណុំរឿង​ដោយ​មិន​បញ្ជូន​ខ្លួន​ជ​នសង្ស័យ​ទៅនេះ​ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ហានិ​ភ័យ​ជំងឺ​កូ​វីដ ១៩ កើតឡើង​នៅ​ក្នុង​ស្ថាប័ន​តុលា​ការ​ព្រោះ​មេខ្យល់​ទាំង ២ ​នាក់​នោះ​មាន​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ ១៩ និង​បាន​យក​ទៅ​ព្យា​បាល​កាលពី​ល្ងាច​ថ្ងៃទី ៧ ខែកញ្ញា។ រីឯ​ម្នាក់​ទៀត កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង​។

លោ​ស្រី​បញ្ជាក់ថា៖​ «យើង​យក​សំណុំរឿង​ហ្នឹង​ទៅ​ឆ្លង​តុលា​ការ​សិន​ ពេល​បាន​ដីកា​ឃុំ​បាន​អី​ហើយ​ ទើប​យើង​យក​គាត់​ទៅ​ឃុំ ព្រោះ​គាត់​មាន​បញ្ហា​ប្រឈម​យើង​អត់​អាច​យក​គា​ត់ទៅ​ដាក់​នៅ​តុលា​ការ​ដូច​អ្នក​ដទៃ​បាន​ទេ»​ ។

លោក​ ហេង បារាំង អធិការនគរបាល​ស្រុក​ភ្នំព្រឹកបានថ្លែង​នៅ​ថ្ងៃទី ៨ ខែកញ្ញា​ថា ​សមត្ថកិច្ច​លោក​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​ទាំង២នាក់ នៅ​ចំណុច​រង្វង់​មូល​ផ្លូវបែក​ជា ​៤ ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ៦ ខែកញ្ញា បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​បាន​ពលរដ្ឋ​ ១១​ នាក់ ​យក​មក​សួរ​នាំ​កាល​ពី​ថ្ងៃទី​ ៥​ ខែកញ្ញា ​នៅ​ចំណុច ច្រកទ្វា​រព្រំដែន​អូរ​រំ​ដួល ក្នុងភូមិ អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់​ដំបង ​។

លោក​ថ្លែង​ថា៖​ «ក្រោយ​ពី​កម្លាំង​យើង​បាន​សួរនាំ​ប្រជា​ពលរដ្ឋ​ដែល​យើង​បាន​ឃាត់​ហ្នឹងក៏​ឈាន​ដល់​ការកំណត់​អត្ត​សញ្ញាណ ហើយ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​មេខ្យល់​ទាំង​ ២ ​នាក់​បាន​តែ​ម្តង»​ ។

លោក​ បារាំង​ បាន​បញ្ជាក់​ថា​ ពលរដ្ឋ​ទាំង​ចំនួន​ ១១​ នាក់​ នោះ​មាន​ស្រី​ ៧​ នាក់​ក្នុង​នោះមា​ន​ក្មេង​តូច​ ៣ នាក់ ​(ស្រី ២ នាក់)។ ក្រោយ​សាក​សួរ​រួច​សមត្ថ​កិច្ច​បាន​អប់រំ​ណែនាំ​កុំ​ឲ្យ​ចាញ់​បោក​មេខ្យល​ទៀត​នៅពេល​ក្រោយ ​និង​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន​។

បើ​តាម​លោក បារាំង ​ជន​សង្ស័យ​ជា​មេខ្យល់ ទាំង​ ២​ នាក់ មាន ​ឈ្មោះ ឈួ​ម រ៉ា (ហៅ ឆេះ) ភេទ​ប្រុស ​អាយុ ​៤០ ​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​ អូរ​ថ្មី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ពេជ្រ​ចិន្តា​ខេត្ត​បាត់​ដំបង និង​ម្នាក់​ទៀត ឈ្មោះ ​យ៉ង អ៊ីម​ហៅ មូល​ ភេទ​ប្រុស ​អាយុ​ ៣៥​ ឆ្នាំ មាន​លំនៅ​ក្នុងភូមិ អូរ​អន្លក់​ឃុំតា​សែន​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង៕