ភ្នំពេញៈ អ្នកកាសែត​ចំនួន ​១០ នាក់ ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទ​កំហែងយក​បា្រក់​កំពុង​ត្រូវបាន​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹង​ត្រែង​សាកសួរ ​ក្រោយពី​ពួកគេ​បានឃាត់​រថយន្ត​ដឹកឈើ​ ១ គ្រឿង​ របស់​ប្រជាពលរដ្ឋ ​កាលពី​ថ្ងៃទី ៧​ កញ្ញា។ នេះ​បើតាម​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស ​លោក ​អេង ហ៊ី ​និយាយ​នៅ​ថ្ងៃពុធ​ថា ​មន្ត្រី​ជំនាញ​កង​រាជអាវុធហត្ថ​ខេត្ត​ស្ទឹង​ត្រែង ​កំពុង​ដំណើការ​នីតិវិធី​ស៊ើបសួរ ​ដើម្បី​យក​ចម្លើយ​ពី​អ្នកសារព័ត៌មាន​ចំនួន​ ១០ នាក់ ​ដែល​ត្រូវបាន​ឃាត់​ខ្លួន ​ក្នុង​បទ​ល្មើស​កំហែង​យក។

លោក​ថ្លែងថា ​កាលពី​ព្រឹក​ថ្ងៃទី​ ៧ ​កញ្ញា ​ឆ្នាំ ​២០២១ ​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ ​បានធ្វើ​សកម្មភាព​ល្មើសច្បាប់ ​ដោយ​បានឃាត់​រថយន្ត​ដឹកឈើ​១គ្រឿង​ឱ្យឈប់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៩ ​នៅ​ត្រង់​ចំណុច ​ផ្លូវ​ចូល​ភូមិ​ជាំ​ធំ​ ឃុំ​ស្រែ​ឫស្សី​ ស្រុក​ថា​ឡា​បរិវ៉ាត់ ​ខេត្ត​ស្ទឹងត្រែង​ ហើយ​បាន​កំហែង​យកប្រាក់​ចំនួន​ ៤ ០០០ ដុល្លារ ​ពី​អ្នក​ដឹក​ឈើ​នោះ។

លោក​បញ្ជាក់ថា​៖ «ក្រោយ​ទទួល​បណ្ដឹង​ពី​ម្ចាស់​រថយន្ត​ដឹកឈើ ​ក្រុម​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ បានចុះ​អន្តរា​គមន៍ ​បង្ក្រាប​ចាប់​ជនសង្ស័យ​ជាអ្នក​សារព័ត៌មាន​ចំនួន​ ៣ នាក់​បាន​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ»។

លោក​ អេង ហ៊ី ​បន្ថែមថា​៖ «ចំណែក​ ៧ នាក់​ទៀត ​បាន​ឡើង​ជិះ​រថយន្ត​បើក​រត់​គេច​ឆ្ពោះ​ទៅ​ខេត្ត​ព្រះវិហារ​ ហើយ​ក៏ត្រូវបាន​កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុកឆែប​ ខេត្ត​ព្រះវិហារ ​សហការ​ចាប់​បញ្ជូនម​កកាន់​ខេត្ត​ស្ទឹងត្រែង​វិញ ​ដើម្បី​ចំណាត់ការ​នីតិវិធី​ទៅ​តាម​ផ្លូវ​ច្បាប់។ នៅ​ពេល​នេះ ​ពួកគេ​កំពុង​ស្ថិត​ក្រោម​ការស៊ើបសួរ​ចម្លើយ​ពី​មន្ត្រី​ជំនាញ​កង​រាជអាវុធ​ហត្ថ​នៅ​ឡើយ»។

បើ​តាម​លោក ​សេង សំអាន ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ថាឡាបរិវ៉ាត់ ​ខេត្ត​ស្ទឹងត្រែង ​នៅ​ព្រឹក​ថ្ងៃ​ទី ៧ ​កញ្ញា​ គេ​បានឃើញ​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ​មាន​គ្នា​ ១១ នាក់ ​បានធ្វើ​ដំណើរ​តាម​រថយន្ត​ចំនួន​៣គ្រឿង​ប្រដេញ​តាម​រថយន្ត​យីឌុក​១គ្រឿង ​ដែល​ផ្ទុក​ពេញទៅ​ដោយ​ឈើ​គ្រឿង​ផ្ទះ​ចាស់ៗ។

លុះ​មកដល់​ចំណុច​កើតហេតុ​ ពួកគេ​ក៏បាន​កាក់​រថយន្ត​យី​ឌុក​នោះ​ជាប់ ​ហើយបាន​សំឡុត​ទារប្រាក់​ចំនួន ​៤ ០០០ ដុល្លារ​ ពី​អ្នកបើកបរ​រថយន្ត​ដឹកឈើ​នោះ។ ប៉ុន្តែ​ម្ចាស់ឈើ​និង​ជាអ្នក​បើក​រថយន្ត​ដឹកឈើ​គ្រឿង​ផ្ទះ​ចាស់ៗ​នោះ​មិនព្រម​ ព្រោះ​គាត់​សំអាង​លើ​លិខិត​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិវ៉ាត់ ​ដើម្បី​ដឹកឈើ​នោះ​ទៅ​ប្រើប្រាស់​សង់​ផ្ទះ​នៅ​ខេត្ត​តាកែវ។

លោក​បញ្ជាក់ថា​៖ «តាម​ការអះអាង​របស់​បុរស​ជាម្ចាស់​ឈើ ​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ​ នៅតែ​ទាមទារ​ឱ្យគាត់​បង់​ប្រាក់​ឱ្យ​ពួកគេ​ ៤ ០០០ ដុល្លារ ​បើទោះជា​គាត់​បានបង្ហាញ​លិខិត​អនុញ្ញាត​នោះ​ឱ្យ​ពួកគេ​ពិនិត្យ​ក៏ដោយ។ ដោយទ្រាំពុំ​បានគាត់​ក៏​សម្រេច​ចិត្ត​ទូរស័ព្ទ​ប្ដឹង​មកកាន់​សមត្ថកិច្ច​យើង​ឱ្យ​ជួយ​អន្តរាគមន៍ ​ដោយ​ចោទ​ប្រកាន់​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ ​ពីបទ​កំហែង​យក»។

​លោក​បន្តថា ​ក្រោយពី​មាន​ពាក្យបណ្ដឹង ​ពី​អ្នក​ដឹកឈើ ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ​ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ថាឡាបរិវ៉ាត់ ​ក៏បាន​ឃាត់​រថយន្ត​ ១ គ្រឿង ​និង​មនុស្ស​៣នាក់។ ចំណែក​រថយន្ត​ ២ គ្រឿង ​និង​មនុស្ស ​៧ នាក់​ទៀត ​ត្រូវ​បាន​កងរាជ​អាវុធហត្ថ ​ស្រុក​ឆែប ​ខេត្ត​ព្រះវិហារ ​ឃាត់​បញ្ជូនមក​ខេត្ត​ស្ទឹងត្រែង​។ រីឯ​ម្នាក់​ទៀត ​កំពុង​ត្រូវបាន​តាម​ស្វែង​រក​ចាប់​ខ្លួន។

លោក​បន្ថែមថា​ ជន​សង្ស័យ​ទាំង ​១០ នាក់​ ត្រូវបាន​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ​ដើម្បី​មាន​ចំណាត់ការ​តាម​នីតិវិធី។ ចំណែក​វត្ថុតាង​រថយន្ត​៣គ្រឿង​របស់​ជនសង្ស័យ ​និង​រថយន្ត​ដឹកឈើ ​ដែល​ជា​ភាគី​ម្ចាស់​បណ្ដឹង​ត្រូវបាន​ឃាត់ទុក​ ជាបណ្ដោះ​អាសន្ន​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ផង​ដែរ៕

វីដេអូ៖