ភ្នំពេញ៖ គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹក​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ២៨៣​ នាក់ ឃាត់​យានយន្ត ៣៨ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល កាល​ពី​ថ្ងៃ​ម្សិលមិញ។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ៩ ខែ​កញ្ញា​នេះ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី ៨ ខែ​កញ្ញា មាន​យានយន្ត​ល្មើស​ចំនួន ៣៨ គ្រឿង ក្នុង​នោះ​មាន​រថយន្ត ៧ គ្រឿង។ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ២៨៣ នាក់ ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ផង​ដែរ។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ៩៦ ករណី និង​ផ្សព្វផ្សាយ​ច្បាប់​ទៅ​លើ​ទីតាំង​សរុប​ចំនួន ៦៧៦ និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ២ ៤០០ ០០០ រៀល៕