ភ្នំពេញៈ ​ក្រសួង​អប់រំ​យុវជន និង​កីឡា តាមរយៈ​ការចុះ​អនុស្សរណៈ​ជាមួយ​​ក្រុមហ៊ុន Prince Holding Group លើ​កម្មវិធី​ «​អាហារូបករណ៍​ចេនហ្ស៊ី​សម្រាប់​និស្សិត​កម្ពុជា​» ​នឹង​ផ្ដល់​អាហារូបករណ៍​រួមមាន ថ្លៃ​សិក្សា​ប្រចាំឆ្នាំ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ដល់​និស្សិត​កម្ពុជា​ ៤០០ ​នាក់ រយៈពេល​ ៧ ​ឆ្នាំ​ (​ឆ្នាំ​២០២២-២៨) សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​ ៨ កញ្ញា​ឱ្យដឹង​​ថា ការចុះ​អនុស្សរណៈ​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក​ ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ចេន ហ្ស៊ី អគ្គនាយក​ក្រុមហ៊ុន Prince Holding Group កាលពី​​ថ្ងៃទី​ ៧ កញ្ញា នៅ​ទីស្ដីការក្រសួង​អប់រំ​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន និស្សិត​ដែល​អាច​ទទួល​អាហារូបករណ៍​នេះ​នឹងមាន​ឱកាស​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​រដ្ឋ​ចំនួន​ ៣ រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (​ជំនាញ​​ព័ត៌មានវិទ្យា វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន និង​ពាណិជ្ជកម្ម​អន្តរជាតិ​) សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង (​ជំនាញ​សេដ្ឋកិច្ច​ឌីជីថល និង​បដិសណ្ឋារកិច្ច​) និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​ជំនាញ​​សំណង់​ស៊ីវិល​)​។ សរុបមក សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប នឹង​ផ្តល់​ថវិកា​ជាង​ ២ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៧ ​ឆ្នាំ​។

ក្រៅពីនេះ ក្រុមហ៊ុន​នឹង​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​និស្សិត​ជយលាភី​ដែល​ទទួល​អាហារូបករណ៍​នេះ​ឱ្យ​​ចូល​ហ្វឹកហាត់​ការងារ​នៅក្នុង​បណ្តាញ​ធុរកិច្ច​នៃ​ក្រុមហ៊ុន​បន្ថែមទៀត​។

ចំណែក​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​​ស្វាគមន៍​គំនិត​ផ្តួចផ្តើម និង​ការរៀបចំ​កម្មវិធី​អាហារូបករណ៍​នេះ ហើយ​ថា​ក្រសួង​នឹង​ផ្តល់​ការសម្របសម្រួល​ដល់​ការជ្រើសរើស​និស្សិត​ជយលាភី​។ ​នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​។

លោក​រដ្ឋមន្ដ្រី​បាន​លើកឡើង​ថា​៖ «​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការងើប​ឡើងវិញ​របស់​ប្រទេស​កម្ពុជា​នឹង​ទាមទារ​ឱ្យមាន​គំនិត​​ថ្មីៗ​មកពី​គ្រប់​តំបន់​នៃ​ប្រទេស និង​ក្រសួង​អប់រំ​រួមជាមួយ​ដៃគូ​នានា គឺ​នឹង​អាច​យកឈ្នះ​រាល់​ឧបសគ្គ​ទាំងឡាយ​។ តាមរយៈ​ការផ្តល់​ការណែនាំ តម្រង់ទិស ការធានា​នូវ​លទ្ធភាព​ទទួលបាន​ការអប់រំ​ប្រកបដោយ​សមធម៌ និង​ឱកាស​ការងារ ដើម្បី​ធានាបាន​ថា និស្សិត​ដែលមាន​ទេពកោសល្យ​ផ្តោតទៅលើ​ការរៀនសូត្រ​នឹង​ទទួលបាន​នូវ​ជំនាញ​ដែលមាន​សារៈសំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​»​។

លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ Prince Holding Group បាន​ថ្លែងថា ក្រុមហ៊ុន​​មាន​សេចក្តី​រីករាយ​ដែល​បាន​បើក​ដំណើរការ​កម្មវិធី​អាហារូបករណ៍​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ដែល​ទទួលបាន​ការឧបត្ថម្ភ​ដោយ​សហគ្រាស​ឯកជន​។

លោក​ថ្លែងថា​៖ «​អង្គភាព​ផ្សេងៗ​​របស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប មាន​ក្តីរំភើប​រីករាយ​ក្នុង​ការទទួល​ស្វាគមន៍​និស្សិត​កម្ពុជា​ឱ្យ​ចូលមក​ចូលរួម​ជាមួយ​គ្រួសារ​របស់​យើង ដែល​យើង​​នឹង​បង្កើត​នូវ​កម្មវិធី​កម្មសិក្សា​ដ៏រឹងមាំ​ និង​ការបណ្តុះបណ្តាល​សិក្ខាកាម​ក្នុង​​ការគ្រប់គ្រង ដើម្បី​អប់រំ​អ្នកដឹកនាំ​សម្រាប់​ថ្ងៃស្អែក​»​។

លោក​បាន​បន្តថា អាហារូបករណ៍ ចេន ហ្ស៊ី បាននិងកំពុង​ស្វែងរក​ការផ្តល់​​ជូន​ទាំង​ទៅលើ​បទពិសោធ​សិក្សា និង​​បទពិសោធ​ការងារ​ជាក់ស្តែង​ដល់​សិស្ស​និស្សិត​តាមរយៈ​ការ​ផ្តល់នូវ​ការអប់រំ​កម្រិត​ដំបូង​ហើយ​ទទួលបាន​នូវ​បទពិសោធ​ការងារ​លំដាប់​អន្តរជាតិ​។

តាម​សេចក្ដីប្រកាស​ព័ត៌មាន សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រុប នឹង​ធ្វើការ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​ធានាបាន​ថា​​និស្សិត​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំ​បង្ហាត់បង្ហាញ និង​ឱកាស​ការងារ ដើម្បី​ជំរុញ​ដល់​ការសិក្សា​ក្នុង​វិស័យ​ចំនួន​ ៣ រួមមាន ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​វិស័យ​អចលនទ្រព្យ ការជំរុញ​​នៃ​ការរួមបញ្ចូល​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ព្រមទាំង​ការលើកកម្ពស់​ស្តង់ដា​បដិសណ្ឋារកិច្ច​លំដាប់​ពិភពលោក ដើម្បី​បំពេញតម្រូវការ​មូលធន​នៃ​ធនធានមនុស្ស​នាពេល​អនាគត​សម្រាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​៕