ភ្នំពេញៈ​ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​មន្ត្រី​​នគរបាល​អន្ត​រាគមន៍​នៃ​អធិ​កា​រដ្ឋាន​នគរ​បាល​ខណ្ឌ​៧ម​ករា​ម្នាក់​ បន្ទាប់​ពីមាន​បទ​បញ្ជា​ពី​លោក​ នេត​ សាវឿន​ អគ្គ​ស្នង​ការ​​នគរ​បាល​ជាតិ​ និង​លោក​ស្នង​ការនគរ​បាល​រាជធានី​ភ្នំពេញ ​ពាក់​ព័ន្ធនឹង​ការប្រើ​ហិង្សា​លើ​នារី​អ្នកជិះ​ម៉ូតូ​មិន​គោរព​ច្បាប់​ចរាចរណ៍ម្នាក់​បណ្ដាល​ឱ្យរងរ​បួស​កាល​ពី​យប់​ថ្ងៃទី ៨ ​ខែកញ្ញា​។

លោក​ សាន​ សុខ​សីហា អ្នកនាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ​ខែកញ្ញា​នេះ​ថា ការឃាត់​ខ្លួន និង​ចាត់វិធាន​ការ​ទៅតាម​ច្បាប់​ចំពោះមន្ត្រីន​គរបាល​ខណ្ឌ៧​មករា​ម្នាក់នេះ គឺ​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោកនាយឧ​ត្តមសេនីយ៍​ នេ​ត សាវឿន អ​គ្គស្នង​ការ​នគរ​បាល​ជាតិ ​និង​លោក​លោក ​ស ថេត អគ្គ​ស្នងកា​ររងនិង​ជា​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន មន្ត្រី​នគរ​បាល​ដែល​ប្រើ​ហិង្សា​នោះត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ ៧ម​ករា ភ្លាមៗ​បន្ទាប់ពី​បានកើត​ហេតុ​​។

លោក​ថ្លែង​ថា៖ «កម្លាំង​សមត្ថ​កិច្ច​នឹង​ឱ្យ​មន្ត្រី​បង្កហេតុជួប​ជាមួយ​ក្រុម​គ្រួសារ​ជនរ​ងគ្រោះ​ចរចា​គ្នា​រឿង​សំណង​ថ្លៃ​ព្យា​បាល។ បើ​ជនរង​គ្រោះ​មិន​សុខ​ចិត្ត​សមត្ថ​កិច្ច​នឹង​អនុវត្ត​បន្តដោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិ​វិធី​ច្បាប់»។

លោក​ សាន សុខ​សីហា បាន​បញ្ជាក់​ថា៖ «ប្រសិនបើ​ជនរងគ្រោះ​ចរាចរ​ណ៍​ត្រូវ​គ្នា​បញ្ចប់រឿង​ត្រឹម​សំណង​មន្ត្រី​នោះ​ក៏​នៅតែ​ត្រូវអនុវត្ត​វិន័យ​កង​កម្លាំង​ផងដែរ។ ចំពោះ​អ្នកបើកបរ​ល្មើស​ច្បាប់​ចរាចរណ៍​គេច​ពី​សមត្ថ​កិច្ច​ក៏​នឹងត្រូវ​អនុវត្ត​តាម​ច្បាប់​ផង​ដែរ​»។

នៅវេលា​ម៉ោង​ប្រមាណ ៨ និង​ ២០ នាទី​យប់ ​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២១ មាន​ករណីប្រើអំពើ​ហិង្សា​មួយ​ប្រព្រឹត្តដោយមន្ត្រី​​នគរបាល​ខណ្ឌ​៧ម​ករា ទៅលើ​នារីអ្នកជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាពម្នាក់នៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧​មករា​ រាជធានី​ភ្នំពេញ បណ្ដាល​ឱ្យរង​របួស​​។

បើតាម​របាយ​ការណ៍​រប​ស់ស្នងការ​ដ្ឋាននគរ​បាល​រាជ​ធានី​ភ្នំពេញ ​មុនពេល​កើតហេតុ​ ជនរងគ្រោះ​ ២​ នាក់​បងប្អូន បាន​ជិះ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិ​ភាព។ លុះ​ពេល​ជិះ​ដល់​គោលដៅ​ត្រួតពិ​និត្យ ក៏​ព្យា​យាម​ជិះ​បក​ក្រោយ​វិញ ហើយក៏​ត្រូវ​បាន​មន្ត្រីន​គរបាល​ម្នាក់​យក​អាយ​កូម​វាយ​បណ្តាល​ឱ្យ​ត្រូវ​នារី​អ្នក​ជិះ​ខាង​ក្រោយ​បែក​ក្បាល និង​ធ្លាក់​ពីលើ​ម៉ូតូ​ផងដែរ។

របា​យការណ៍​បាន​ឱ្យដឹង​ថា​ នារី​ជា​ជនរង​គ្រោះ​ក្នុង​អំពើ​ហិង្សា​នេះ មាន​ឈ្មោះ ង​ន ស្រី​និ​ច អាយុ ២២ ឆ្នាំ។ រីឯ​អ្នក​ឌុប​ជា​ប្អូន​ប្រុស​ឈ្មោះ ង​ន សិលា អាយុ ១៨ ឆ្នាំ។ ចំណែក ​មន្ត្រី​អន្តរាគ​មន៍​ដែល​ប្រើ​ហិង្សាត្រូវបាន​គេ​ស្គាល់​ថា ​មាន ឈ្មោះ ម៉ាត់ ពិសី​៕

វីដេអូ៖