ភ្នំពេញៈ តំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​កែសម្រួល​វិធីសាស្ត្រ និង​វិធានការ​ឆ្លើយតប​ជាមួយនឹង​យុទ្ធសាស្ត្រ​ផ្អែកលើ​ភ័ស្តុតាង និង​ផ្តោតលើ​គោលដៅ​ជាក់លាក់​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​​កូវីដ​ ១៩ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សង្គម និង​ការពារ​ប្រជាពលរដ្ឋ​របស់ខ្លួន​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៧ ខែកញ្ញា ស្តីពី «​កម្ពុជា​កែសម្រួល​យុទ្ធសាស្ត្រ និង​វិធានការ​ឆ្លើយតប​ចំពោះ​ការផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ ​របស់ខ្លួន​ជាថ្មី​» ដោយបាន​បង្ហាញថា ប្រទេស​កម្ពុជា ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ថ្មី​មួយ​នៃ​ការផ្ទុះ​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ចំនួន​ករណី​មាន​ការថយចុះ ការគ្របដណ្តប់​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់ និង​ចរាចរណ៍​នៃ​មេរោគ​បំប្លែង​ថ្មី​ដែល​ងាយ​ឆ្លង​ជាង​មុន​។

តួលេខ​ប្រចាំថ្ងៃ​ដែល​បាន​រាយការណ៍​ទាំង​ករណី​ឆ្លង​ថ្មី និង​ករណី​ស្លាប់​បាន​ថយចុះ​ជាច្រើន​សប្តាហ៍​មកហើយ ដែល​ចំនួន​ករណី​បាន​ធ្លាក់ចុះ អត្រា​ចាក់​វ៉ាក់សាំង​បាន​កើនឡើង​។ គិត​ត្រឹម​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២១ ជាង​ ៩៥ ​ភាគរយ​នៃ​ប្រជាជន​គោលដៅ ១០ ​លាន​នាក់​នៅ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​យ៉ាងហោចណាស់ ១ ​ដូស​។ ចំនួន​ ៩៨ ​ភាគរយ​នៃ​បុគ្គលិក​សុខាភិបាល បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ គ្រប់ ២ ​ដូស​។ ៩៥ ​ភាគរយ​នៃ​មនុស្ស​ដែលមាន​វ័យ​ចំណាស់​បាន​ចាក់​វ៉ាក់សាំង​បាន​ ១ ​ដូស ហើយ​ ៧៧ ​ភាគរយ​នៃ​មនុស្ស​ដែលមាន​វ័យ​ចំណាស់​បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ ២ ​ដូស​រួចហើយ​។ ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នៅតាម​តំបន់​ដាច់ស្រយាល និង​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​ប្រចាំកាយ​ក៏​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ផងដែរ​។

តំណាង​ WHO ថ្លែងថា​៖ «​ទោះជា​ទិន្នន័យ​បង្ហាញ​ពី​ស្ថានភាព​ប្រសើរឡើង​ក៏ដោយ ក៏​ហានិភ័យ​នៃ​ការកើនឡើង​ជា​គំហុក​នៃ​ករណី​ជំងឺ​កូវីដ​ ១៩ នៅមានកម្រិត​ខ្ពស់​។ នៅក្នុង​ឆ្នាំ​ ២០២១ នេះ​កម្ពុជា​ក៏ដូចជា​ប្រទេស​ជាច្រើន​ទៀត​ដែរ បាននិង​កំពុង​ប្រណាំងប្រជែង​ជាមួយ​នឹង​មេរោគ​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ដែល​ងាយ​ឆ្លង​ជាង​មុន​»​។

ទោះជា​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​បន្ថែមទៀត​នៃ​វិធានការ​សុខភាព សាធារណៈ និង​វិធានការ​សង្គម និង​ដំណើរការ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​លឿន​បាន​កាត់បន្ថយ​ការចម្លង​ក៏ដោយ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​ភាពនឿយណាយ ក្រោយពី​ឆ្លងកាត់​ការផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ រយៈពេល​ជិត​ ២០ ​ខែ​មក​។

លោកស្រី លី អៃឡែន តំណាង​ WHO ​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា ផ្នែក​ដ៏គួរឱ្យ​ចាប់អារម្មណ៍​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល គឺថា​ការសម្រេចចិត្ត​ផ្អែកលើ​ហានិភ័យ​កំពុង​ត្រូវបាន​អនុវត្ត​រួមគ្នា​ជាមួយ​នឹង​ការផ្តោត​លើ​បរិបទ​ប្រទេស​កម្ពុជា រួមទាំង​បរិបទ​សង្គម និង​បរិបទ​វប្បធម៌​។

លោកស្រី​ថ្លែងថា​៖ «​ជា​ឧទាហរណ៍ ការស្ទង់មតិ​របស់​ប្រជាពលរដ្ឋ​នាពេល​ថ្មីៗ​នេះបង្ហាញថា ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា បារម្ភ​អំពី​សុខភាព​របស់​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​ច្រើនជាង​សុខភាព​ផ្ទាល់ខ្លួន​។ នេះ​គឺជា​កត្តា​ជំរុញ​ទឹកចិត្ត​ដ៏មាន​ឥទ្ធិពល​មួយ​ជួយ​ឱ្យ​បុគ្គល​ម្នាក់ៗ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ក្នុង​ការចាត់វិធានការ ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ដើម្បី​ការពារ​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​»​។

កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០២១ ​នេះ​ដោយ​មាន​ជំនួយ​គាំទ្រ​ពី​អង្គការ​សុខភាព ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​សុខាភិបាល​បាន​ផ្តួចផ្តើម​រិះរក​មធ្យោបាយ​ធ្វើការ​ឆ្លុះបញ្ចាំង​ទៅលើ​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​នៅក្នុង​ការទប់ស្កាត់​នូវ​ការកើនឡើង​ជាថ្មី​នៃ​ករណី​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​ដដែល​នេះ​បាន​បញ្ជាក់ថា បេសកកម្ម​រួមគ្នា​រវាង​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​គ្រប់​ ២៥ ​រាជធានី​ខេត្ត ដើម្បី​ស្វែងយល់​ពី​ជោគជ័យ និង​បញ្ហា​ប្រឈម​នានា​នៅក្នុង​ការឆ្លើយតប​ចំពោះ​ជំងឺ​កូវីដ ១៩ ​របស់​រាជធានី​ខេត្ត​ទាំងនោះ និង​បង្កើត​ដំណោះស្រាយ​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទប់ស្កាត់​ការចម្លង ក៏ដូចជា​លើកកម្ពស់​សុខភាព ស្តារ​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​ស្ថានភាព​ប្រក្រតី​បែប​ថ្មី​ឡើងវិញ​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បានលើកឡើង​ថា យុទ្ធសាស្ត្រ និង​វិធានការ​កែសម្រួល​ឡើងវិញ​នេះ រួមជាមួយ​នឹង​សកម្មភាព​បុគ្គល​ម្នាក់ៗ និង​សកម្មភាព​រួមគ្នា​នឹង​ជួយ​ផ្តល់ឱ្យ​កម្ពុជា​នូវ​ក្តីសង្ឃឹម​ថ្មី និង​ឱកាស​ខ្ពស់បំផុត​ក្នុង​ការប្រយុទ្ធ​យកឈ្នះ​លើ​ជំងឺ​កូវីដ​ ១៩​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែកក្កដា​កន្លងមកនេះ ក្រសួងសុខាភិបាល​តាម​រយៈ​អនុគណៈកម្មការ​អប់រំ​បណ្តុះបណ្តាល និង​ទំនាក់ទំនង​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​បើក​ដំណើរការ​យុទ្ធនាការ​ជាតិ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ​ក្រោម​ប្រធានបទ «​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩»​។ ទិដ្ឋភាព​សំខាន់​នៃ​យុទ្ធនាការ​ជាតិ​នេះ គឺ​ការចូលរួម​របស់​សហគមន៍ និង​ការទទួល​ខុសត្រូវ​បុគ្គល​ម្នាក់ៗ​ក៏ដូចជា​ការជ្រើសរើស​បាន​ត្រឹមត្រូវ​នៅក្នុង​ការការពារ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩ នៅក្នុង​គ្រួសារ និង​សហគមន៍​៕

វីដេអូ៖