ភ្នំពេញៈ មន្ត្រី​រាជរដ្ឋាភិបាល​បាន​ឱ្យដឹងថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​នឹង​មក​បំពេញ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ទស្សនកិច្ច​របស់លោក រយៈពេល ៦ ​ថ្ងៃ​ ទៅកាន់​ប្រទេស​វៀតណាម សិង្ហបុរី និង​កូរ៉េខាងត្បូង​ចាប់ពី​ថ្ងៃទី​ ១០-១៥ ខែកញ្ញា​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែ កញ្ញា ឆ្នាំ​ ២០២១ ថា ភាគី​កម្ពុជា និង​ចិន​បាន​ឯកភាព និង​កំណត់​យក​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក វ៉ាង យី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ធ្វើជា​ឱកាស​នៃ​ការរៀបចំ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ ពហុកីឡដ្ឋាន​ជាតិ មរតកតេជោ ក្រោម​អធិបតីភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​បាន​ថ្លែងថា​៖ «​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន​នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ប្រទេស​ ៣ ​ផ្សេងទៀត រួមមាន​ប្រទេស វៀតណាម សិង្ហបុរី និង​កូរ៉េខាងត្បូង រយៈពេល​ ៦ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ១០-១៥ កញ្ញា ឆ្នាំ​ ២០២១»​។

លោក វ៉ាត់ ចំរើន បន្តថា​៖ «​ចំពោះ​ការរៀបចំ​លក្ខណៈ​បែបណា និង​កំណត់​ថ្ងៃ​ណា​ឱ្យបាន​ពិតប្រាកដ​មិនទាន់​​ដឹង​នៅឡើយ​ទេ ព្រោះ​ភាគី​ទាំង​ ២ ​កំពុង​ពិភាក្សា​ឱ្យបាន​លម្អិត​ដើម្បី​រៀបចំ​ពិធី​នេះ​»​។

យោងតាម​ការចុះផ្សាយ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៦ ខែសីហា ឱ្យដឹងថា ពហុកីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ជោគជ័យ​។ ពហុកីឡដ្ឋាន​នេះ​បានបង្ហាញ​ពី​អត្ថន័យ​សំខាន់​នៃ “​នាវា​មិត្តភាព​” រវាង​ចិន និង​កម្ពុជា និង​ការផ្សារភ្ជាប់​រវាង​បេះដូង​នៃ​ប្រជាជន​ទាំង​ ២​។ ស្ថានទូត​ចិន​បន្តថា គម្រោង​ពហុកីឡដ្ឋាន​នេះ​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ ១៦,២២ ​ហិកតា ទំហំ​សំណង់​ប្រហែល​ ៨,២៤ ​ម៉ឺន​ម៉ែត្រការ៉េ គឺជា​ពហុកីឡដ្ឋាន​ខ្នាត​ធំ​ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូតដល់​ ៦ ​ម៉ឺន​នាក់​។

ពហុកីឡដ្ឋាន​នេះ​អាច​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អន្តរជាតិ និង​ការប្រកួត​កីឡាបាល់ទាត់​អន្តរជាតិ​ខ្នាត​ធំ និង​អាច​រៀបចំ​ពិធី​ថ្នាក់ជាតិ​ក៏ដូចជា​ព្រឹត្តិការណ៍​ធំៗ​ផ្សេងទៀត​បាន​។ ស្ថានទូត​ចិន​បញ្ជាក់ទៀតថា ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​នឹង​ក្លាយជា​ពហុកីឡដ្ឋាន​ដ៏សំខាន់​សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ​ ២០២៣ ​ខាងមុខនេះ​ផងដែរ​។

នេះ​គឺជា​ពហុកីឡដ្ឋាន​ទំហំ​ធំ​បំផុត និង​កម្រិត​ខ្ពស់បំផុត​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នាបច្ចុប្បន្ន​នេះ និង​ជា​សមិទ្ធផល​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​ការកសាង​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់ និង​ផ្លូវ​”​រវាង​ចិន និង​កម្ពុជា​។

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ ដំណាក់កាល​ទី​១ កាលពី​ថ្ងៃទី​ ១២ ខែ មេសា ឆ្នាំ​ ២០១៣ ដែល​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ក្នុង​ចន្លោះ​ពី​ ១០០ ​ទៅ​ ២០០ ​លាន​ដុល្លារ​ជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ដែល​ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​៕