ភ្នំពេញៈ សាលាបឋមសិក្សា​ និង​មធ្យមសិក្សា​ចំនួន​ ៦ ​ទទួល​ជយលាភី​សាលា​មេត្រី​បរិស្ថាន​ឆ្នាំ​ ២០២១ ក្រោយពី​បញ្ចប់​ការជ្រើសរើស​ចេញពី​ចលនា​ប្រឡង​ប្រណាំង​សាលា​មេត្រី​បរិស្ថាន​ឆ្នាំនេះ ក្នុងចំណោម​សាលា​បឋមសិក្សា និង​មធ្យមសិក្សា​សរុប​ចំនួន​ ៤៨ នៅ​ទូទាំង​ប្រទេស​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។

សាលា​ជយលាភី​ទាំង​ ៦ ​នោះ​រួមមាន​សម្រាប់​កម្រិត​បឋមសិក្សា ទី​ ១ ​សាលាបឋមសិក្សា​វត្ត​ចែង​ខេត្ត​បាត់ដំបង ជយលាភី​កម្រិតមាស ២ ​សាលាបឋមសិក្សា​ក្រវាន់​ខេត្តសៀមរាប ជយលាភី​កម្រិតប្រាក់ ៣ ​សាលាបឋមសិក្សា​ឈើខ្លឹម ខេត្ត​ត្បូងឃ្មុំ ជយលាភី​កម្រិត​សំរឹទ្ធ​។ ចំណែក​សាលា​ជយលាភី​កម្រិត​មធ្យមសិក្សា រួមមាន ទី​ ១ វិទ្យាល័យ​ ហ៊ុន សែន មិត្តភាព ខេត្ត​ព្រះសីហនុ ទទួល​បាន​ជយលាភី​កម្រិត​មាស ២ ​វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ​ទទួល​បាន​ជយលាភី​កម្រិត​ប្រាក់ ៣ ​វិទ្យាល័យ ចំណេះ​ទូទៅ និង​បច្ចេកទេស ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួល​បាន​ជយលាភី​កម្រិត​សំរិទ្ធ​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​ ៨ កញ្ញា បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ និង​វិញ្ញាបនបត្រ​ព្រមទាំង​ថវិកា​មួយចំនួន​ដល់​សាលារៀន​ជយលាភី​មេដាយមាស គឺ​សាលាបឋមសិក្សា វត្ត​ចែង ខេត្តបាត់ដំបង និង​ជយលាភី​មេដាយសំរិទ្ធ គឺ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង​។

លោក​ថ្លែងថា ក្រសួង​បរិស្ថាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ក្របខ័ណ្ឌ​ការងារ​អប់រំ ការងារ​បណ្តុះ​បណ្តាល​ការសិក្សា​ស្រាវជ្រាវ និង​ការងារ​ផ្តល់​សេវា​ពិគ្រោះ​យោបល់​លើ​វិស័យ​បរិស្ថាន​។ ជាពិសេស​គណៈកម្មការ​វាយតម្លៃ​សាលា​មេត្រី​បរិស្ថាន ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ និង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​គួរឱ្យ​កត់សម្គាល់​ក្នុង​ការរៀបចំ​ការប្រឡង​ប្រណាំង​សាលា​មេត្រី​បរិស្ថាន​ចំនួន​ ៣ ​លើក​មកនេះ​។

លោក​ក៏បាន​កោតសរសើរ​ចំពោះ​សាលាបឋមសិក្សា និង​មធ្យមសិក្សា​ចំនួន​ ៤៨ ​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​មេត្រី​បរិស្ថាន​នៅ​ឆ្នាំ​ ២០២១​នេះ​។ ការប្រកួតប្រជែង​សាលា​មេត្រី​បរិស្ថាន​បាន​ធ្វើឡើង​រៀងរាល់ ២ ​ឆ្នាំ​ម្តង ហើយ​ឆ្នាំនេះ គឺជា​លើក​ទី​ ៣​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់ថា​៖ «​ការប្រឡងប្រណាំង​សាលាមេត្រី​បរិស្ថាន គឺជា​គំនិត​ផ្តួចផ្តើម និង​ជា​យន្តការ​មួយ​ដ៏មាន​សារៈសំខាន់​ក្នុងចំណោម​យន្តការ និង​វិធានការ​ជាច្រើន​ទៀត ដែល​ក្រសួងបរិស្ថាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ខិតខំ​ជំរុញ​អនុវត្ត​ជា​បន្តបន្ទាប់​»​។

លោក​បន្តថា គំនិត​ផ្តួចផ្ដើម​នេះ​សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចគាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​តាមរយៈ​ការបញ្ជ្រាប​ចំណេះដឹង​ និង​ចំណេះធ្វើ​ក្នុងចំណោម​កុមារ សិស្សានុសិស្ស និង​យុវជន​នៅតាម​សាលារៀន និង​គ្រឹះស្ថាន​អប់រំ ដែល​ជា​កន្លែង​ប្រមូលផ្តុំ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការផ្លាស់ប្តូរ​ទម្លាប់ ផ្នត់គំនិត និង​ឥរិយាបថ​របស់​កុមារ និង​យុវជន​ចំពោះ​អនាម័យ និង​បរិស្ថាន​។

លោក​ ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន លើកឡើង​ថា ការរៀបចំ​ផ្តល់​តម្លៃ​សាលាមេត្រី​បរិស្ថាន បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សាលារៀន​ទាំងអស់​បន្ត​វប្បធម៌​ស្រឡាញ់ និង​ចូលរួម​ក្នុង​សកម្មភាព​មេត្រី​បរិស្ថាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

លោក​ថ្លែងថា​៖ «​ដូចនេះ សាលារៀន​ចាំបាច់​ត្រូវ​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ អ្នកពាក់ព័ន្ធ​ដទៃទៀត​ក្នុង​សហគមន៍ អាណាព្យាបាល​សិស្ស ដើម្បី​ធានា​ឱ្យបាន​នូវ​ការអប់រំ​បរិស្ថាន ដើម្បី​មូលដ្ឋាន​ស្អាត សុខភាព​ល្អ និង​មានការ​អភិវឌ្ឍ​រុងរឿង​»​។

បើតាម​ក្រសួងបរិស្ថាន ចលនាសាលា​មេត្រី​បរិស្ថាន​កម្ពុជា ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​នូវ​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ​លើ​ការបញ្ជ្រាប​ចំណេះដឹង ការផ្លាស់ប្ដូរ​ផ្នត់គំនិត​។ ការលើកកម្ពស់​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​ការជំរុញ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន សំដៅ​គាំទ្រ​ដល់​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យបាន​សមស្រប​ និង​មាន​និរន្តរភាព និង​ការរស់នៅ​ដោយ​ចីរភាព​។

ដើម្បី​ទទួលបាន​ជយលាភី​សាលា​មេត្រី​បរិស្ថាន សាលារៀន​ត្រូវមាន​លក្ខខណ្ឌ​វិនិច្ឆ័យ​ ៤ ​ចំណុច គឺ​ទី​១ មាន​គោលការណ៍ និង​រដ្ឋបាល​របស់​សាលា​លើ​ការងារ​បរិស្ថាន ទី​២ ​មាន​ការបង្រៀន​មេរៀន​បរិស្ថាន និង​សកម្មភាព​អប់រំ​បរិស្ថាន​ក្នុង​សាលា និង​សហគមន៍​ជុំវិញ​។ ទី​៣ ​ជា​កម្មវិធីសិក្សា​បន្ថែម ឬ​បញ្ជ្រាប​មាន​សម្ភារ​បរិក្ខារ​អប់រំ​បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ការប្រតិបត្តិ បរិស្ថាន ទី​៤ ​មាន​ភាព​ជា​ដៃគូ​ជាមួយ​អ្នកពាក់ព័ន្ធ និង​ការផ្សព្វផ្សាយ​តាម​សហគមន៍​៕