ភ្នំពេញៈ​ វីរុស​កូវីដ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​(Delta) ​បាន​ឆ្លង​​ទៅដល់​ ២៤ ​រាជ​ធានី-​ខេត្ត​ និង​មនុស្ស​សរុប​ចំនួន​ជាង ​៣ ០០០ នាក់​ បាន​​ឆ្លង​នូវ​វីរុស​នេះ​ ហើយ​រាជ​ធានី​ភ្នំពេញ​នៅ​តែជា​ភូមិសាស្រ្ត​មួយ​ដែល​មាន​ករណី​នេះ ​ច្រើន​ជាង​គេ​​ចំនួន ១ ០០០​ ករណី​ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​។

រហូត​មកដល់​ពេលនេះ ​នៅសល់​ខេត្ត​កែប តែមួយ​គត់​ដែល​មិនមាន​ករណី​វីរុស​ប្រភេទ​ដែលតា​នេះ​។

យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​ ​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ចេញ​ផ្សាយ​នាយប់​ថ្ងៃទី​ ០៨​ ខែកញ្ញា​ បាន​ឱ្យដឹង​ថា គិត​ចាប់​ពី​ចុង​ខែមីនា រហូត​មកដល់​ថ្ងៃទី​ ០៧ ​ខែកញ្ញា ​ក្រសួង​សុខាភិបាល​ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុសកូវីដ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា សរុប​ចំនួន​ ៣ ៣២៣ នាក់ ​ក្នុង ​២៤ ​រាជ​ធានី​-ខេត្ត​ លើកលែង​តែខេត្ត​កែប ​១ ប៉ុណ្ណោះ ​ដែល​មិនទាន់​មាន​ករណី​វីរុស​ប្រភេទ​ដែល​តានេះ។ ​

រាជ​ធានី​ភ្នំពេញ​មាន​ករណី​ឆ្លង​វីរុស​ប្រភេទ​ដែលតា​នេះ​ចំនួន ១ ១១៣ ​នាក់ ខេត្ត​បន្ទាយ​មានជ័យ​ចំនួន ​៧៣៨​ នាក់ ​ខេត្ត​ឧត្តរមាន​ជ័យចំនួន​ ២៧៦​ នាក់ ​ហើយ​ខេត្តដែល​មាន​ករណីនេះ​តិចជាង​គេ​គឺ​ខេត្ត​ក្រចេះ​ដែល​ទើប​តែ​រក​ឃើញ ​មាន​ចំនួន ​០១ ​ករណី​៕​