ភ្នំពេញៈ ខេត្តកណ្តាល​បានប្រកាស​បិទបញ្ចប់​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ទូទាំង​ខេត្ត​ជុំ​ទី​ ១ ​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​នា​ព្រឹក​ថ្ងៃទី​ ៨ ខែកញ្ញា នា​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ ដោយ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទីមោទនៈ​រហូត​ដល់​ជិត​សម្រេចបាន​ ១០០% ដោយមាន​អ្នក​មិនទាន់​បាន​ចាក់​សោះតែ​ជាង​ ១% ​ប៉ុណ្ណោះ​។

លោក​ គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​បិទ​ការចាក់​វ៉ាក់សាំង​ជុំ​ទី១ ​នេះ​ថា គិត​ត្រឹម​ថ្ងៃទី​ ៧ ខែ កញ្ញា ឆ្នាំ​ ២០២១ ការចាក់​វ៉ាក់សាំង​ដូស​ទី​១ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​បាន​ចំនួន ៨៥២ ៦៣៣ នាក់​ស្មើនឹង ៩៨,៤៧% ​នៃ​ផែន​ការសរុប​ចំនួន ៨៦ ៥៩១៥ នាក់​។ ចំណែក​អ្នក​ដែល​ពុំទាន់​បាន​ចាក់​សោះ​មាន​ចំនួន ១៣ ២៨២ ​នាក់ ស្មើនឹង​ ១,៥៣%​។

លោក​បន្តថា ចំណែក​ក្រុម​មនុស្ស​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ ដល់​ក្រោម​ ១៨ ​ឆ្នាំ ការចាក់​វ៉ាក់សាំង​បាន​ទៅដល់​មនុស្ស​ចំនួន ១៤៣ ៣៨០ ​នាក់​ស្មើនឹង ៩៩,៦៧% នៃ​ផែនការ​សរុប​ចំនួន​ ១៤៣ ៨៥៩ ​នាក់​។ អ្នក​មិនទាន់បាន​ចាក់​មាន​ចំនួន​ ៤៧៩ ​នាក់​ស្មើនឹង ០,៣៣%​។

លោក គង់ សោភ័ណ្ឌ បាន​មានប្រសាសន៍​ថា៖ «​ជារួម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើង បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១ រួច មាន​ចំនួន​ ៩៩៦ ០១៣ ​នាក់​ស្មើនឹង ៩៨,៦៤% ​នៃ​ផែនការ​ចំនួន ១ ០០៩ ៧៧៤ ​នាក់​។ ក្នុងនោះ​អ្នក​ពុំទាន់​បាន​ចាក់​មាន​ចំនួន​ ១៣ ៧៦១ ​នាក់ ស្មើនឹង​ ១,៤%»​។

ជាមួយ​គ្នា​នោះដែរ លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់ដែរថា ទោះបីជា​រដ្ឋបាលខេត្ត​ និង​ក្រសួង​សុខាភិបាល​បានធ្វើ​ពិធី​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ជុំ​ទី​១ ​នាពេលនេះ​ក៏ពិតមែន ប៉ុន្តែ​រដ្ឋបាលខេត្ត នៅតែ​បន្ត​ចាក់​វ៉ាក់សាំង​លើ​គោលដៅ​ដែល​នៅ​សេសសល់​មួយចំនួន​ដូចជា ស្ត្រី​មាន​ផ្ទៃពោះ​ពលករ​ចំណាក​ស្រុក ប្រជាពលរដ្ឋ​ដែលមាន​ធុរៈ​ផ្សេងៗ​នៅ​តាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​ទាំង​ ១១ ​ក្នុង​ខេត្តកណ្តាល​នេះ​។

ពលរដ្ឋ​នៅ​ខេត្តកណ្តាល​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ កាលពីពេល​កន្លងមក​។ រូបថត រដ្ឋបាល​ខេត្តកណ្តាល

លោក គង់ សោភ័ណ្ឌ បាន​ថ្លែងថា៖ «​ជារួម​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​គួរ​ជាទីមោទនៈ​នេះ យើង​ក៏​មិនត្រូវ​ភ្លេច​នូវ​វិធានការ​សុខាភិបាល​នានា ព្រោះថា ចាក់​វ៉ាក់សាំង​អាចជួយ​កាត់បន្ថយ​ភាពធ្ងន់ធ្ងរ​នៃ​ជំងឺ​ការចូល​សម្រាក​មន្ទីរពេទ្យ និង​កាត់បន្ថយ​អត្រា​មរណភាព​។ ប៉ុន្តែ​មេរោគ​កូវីដ​ ១៩ នៅតែមាន​ឱកាស​ឆ្លង​ចូលក្នុង​ខ្លួន​របស់​យើង ហើយ​យើង​ក៏​អាចជា​ភ្នាក់ងារ​ចម្លង​ទៅ​មនុស្ស​ជុំវិញខ្លួន និង​អ្នកដទៃ​»​។

ប្រជាពលរដ្ឋ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​សោះ​អាច​ទៅ​ចាក់​បាន មាន​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​, មន្ទីរពេទ្យបង្អែក​កណ្តាល​ស្ទឹង​,​មន្ទីរពេទ្យបង្អែក​កៀនស្វាយ​,​មន្ទីរពេទ្យបង្អែក​កណ្តាល​,​មន្ទីរពេទ្យបង្អែក​កោះធំ​,​មន្ទីរពេទ្យបង្អែក​លើក​ដែក​,​មន្ទីរពេទ្យបង្អែក​ល្វាឯម​,​មន្ទីរពេទ្យ​បង្អែក​ប៊ុនរ៉ានី​រកាកោង​,​មន្ទីរពេទ្យបង្អែក​អង្គស្នួល​,​មន្ទីរពេទ្យ​បង្អែក​ពញាឮ និង​មន្ទីរពេទ្យ​បង្អែក​ស្អាង​។

នៅក្នុង​ពិធី​ប្រកាស​បិទ​បញ្ចប់​នេះ​ផងដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង​ឱ្យដឹង​ផងដែរ​ថា ការចាក់​ក្រុមមនុស្ស​អាយុ​ ១៨ ​ឆ្នាំ​ឡើង បាន​បិទបញ្ចប់​ហើយ ប៉ុន្តែ​ការចាក់​ក្រុមមនុស្ស​អាយុ​ពី​ ១២ ​ឆ្នាំ​ដល់​ក្រោម​ ១៨ ​ឆ្នាំ​នៅតែ​បន្ត ដែល​រដ្ឋបាលខេត្ត​ និង​មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវខិតខំ​រុញច្រាន​យុទ្ធនាការ​ចាក់​ក្រុម​នេះ​ឱ្យបាន​លឿន​។

លោកស្រី​មានប្រសាសន៍​​ថា៖ «​ក្រុម​អ្នក​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង មាន​ការធូរស្បើយ​ហើយ​ដូចនេះ​សម្រាប់​អ្នក​ដែលមាន​អាយុ​ពី​ ១២ ​ឆ្នាំ​ដល់​ក្រោម​ ១៨ ​ឆ្នាំនេះ យើង​ធ្វើ​ម៉េច​ត្រូវតែ​បង្ហើយ​ឱ្យបាន​លឿន​ដើម្បីឱ្យ​ក្មួយៗ​ទាំងនោះ​អាច​នឹង​បាន​វិលត្រឡប់​ទៅកាន់​ការរៀនសូត្រ​វិញ​ដោយ​មិន​មាន​ការព្រួយបារម្ភ​»​។

លោកស្រី​បានលើកឡើង​ផងដែរ​ថា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​កំពុង​បំបៅកូន​ដោយ​ទឹកដោះ ដែល​មាន​សុខភាព​ល្អ ក៏​អាច​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​បានដែរ​។

លោកស្រី ឱ វណ្ណឌីន នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​បិទ​ការបញ្ចប់​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ​ ១៩ ដូចគ្នានេះដែរ​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​នៅ​ថ្ងៃទី​ ១០ កញ្ញា​។

គួរបញ្ជាក់​ផងដែរ​ថា ខេត្តកណ្តាល​ជា​ភូមិសាស្ត្រ​ទី​ ២ ដែល​បានបញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​សម្រាប់​មនុស្ស​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង បន្ទាប់ពី​រាជធានី​ភ្នំពេញ ដែល​បាន​​ប្រកាស​បិទ​កាលពី​ដើម​ខែកក្កដា​កន្លងមក​។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៧ ខែកញ្ញា ឆ្នាំ​ ២០២១ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ទៅដល់​មនុស្ស​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​បាន​ចំនួន​ជាង ៩,៦ ​លាន​នាក់​ស្មើនឹង​ ៩៦,៣៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ដែល​ត្រូវ​ចាក់ ១០ ​លាន​នាក់​។

សម្រាប់​អ្នក​ដែលមាន​អាយុ​ពី​ ១២ ​ឆ្នាំ​ទៅ​ក្រោម ១៨ ​ឆ្នាំ​មាន​ចំនួន​ជាង​ ១,៦ ​លាន​នាក់ ស្មើនឹង​ ៨៥,៩៧% ធៀប​ជាមួយ​នឹង​មនុស្ស​គោលដៅ​ជិត​ ២ ​លាន​នាក់​។ ចំណែក​អ្នកដែល​បាន​ចាក់​ដូស​ទី​ ៣ មាន​ចំនួន​ជិត​ ៧០ ​ម៉ឺន​នាក់​៕