បន្ទាយមានជ័យៈ ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​ខេត្ដ​បន្ទាយមានជ័យ​បាន​ចាប់ផ្ដើម​ស្រាវជ្រាវ ភាពមិនប្រក្រតី​នៃ​ការគ្រប់គ្រង​សេវា​សុខាភិបាល​របស់​លោក ច័ន្ទ វុឌ្ឍីណាវុឌ្ឍ ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន​មង្គលបូរី ក្រោយពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ រិះគន់​ដោយបាន​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។

លោក ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ថ្លែងប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ៧ ខែកញ្ញា​នេះ​​ថា​៖ «​មក​ពេល​ពេលនេះ យើង​មិនទាន់​មាន​សេចក្ដីសម្រេច​ណាមួយ​ថា ដកតំណែង​លោក ច័ន្ទ វុឌ្ឍីណាវុឌ្ឍ ចេញពី​ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន​មង្គលបូរី​នៅឡើយ​ទេ ដោយ​ក្រុមការងារ​បច្ចេកទេស​កំពុង​ស្រាវជ្រាវ ប្រមូល​ព័ត៌មាន​លម្អិត​លើ​ការអនុវត្ដ​ការងារ​របស់​ប្រធាន​មន្ទីរពេទ្យ​រូបនេះ ដើម្បី​ដាក់​របាយការណ៍​ទៅ​លោក អ៊ុំ រាត្រី ពិនិត្យ​សម្រេច​តាម​លក្ខន្តិកៈ​មន្ដ្រីរាជការ​»​។

លោក ច័ន្ទសង្វាត​បានឱ្យ​ដឹងថា ជាទូទៅ​ទាក់ទង​នឹង​ការងារ​របស់​មន្ដ្រី​សុខាភិបាល​ខេត្ដ​គឺមាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ស្ដីពី​លក្ខន្តិកៈ​មន្ដ្រីរាជការ​។ ​ដូច្នេះ​ទាមទារ​ឱ្យមាន​ការស្រាវជ្រាវ​មើល​លើ​បាតុភាព​ដែល​បាន​កើតឡើង​ថា​តើ​មាន​កំហុស​មែន​ឬទេ​? ​កំហុស​នោះ​មាន​ទំហំ​ប៉ុនណា​? ជាដើម ដើម្បី​មាន​វិធានការ​សម្រេច​។

លោក​ថ្លែងថា​៖ «​បើសិនជា​គាត់​មាន​កំហុស​យើង​នឹងដាក់​របាយការណ៍​ទៅ​អភិបាលខេត្ដ​ ដើម្បី​លោក​ពិនិត្យ​សម្រេច​លើ​ការដាក់ទណ្ឌកម្ម​វិន័យ​បែបៗ​ណា​ទៅតាម​លក្ខន្តិកៈ​មន្ដ្រី​រាជការ​។ មកដល់​ម៉ោង​នេះ​ខ្ញុំ​អត់​បាន​និយាយ​អំពី​ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​ទេ​។ ខ្ញុំ​អត់​មាន​ផ្ដល់ព័ត៌មាន​ទៅ​សារព័ត៌មាន​ណាមួយ អំពី​ការផ្លាស់ប្ដូរ ការតែងតាំង​ណាមួយ​ឡើយ​»​។

លោក ច័ន្ទសង្វាត បានឱ្យដឹងថា បច្ចុប្បន្ន​មន្ទីរ​សុខាភិបាល​ខេត្ដ​បាន​ផ្ទេរ​មុខងារ​ទាំងអស់​ឱ្យ​ស្ថិត​នៅក្នុង​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ដ​ក្រោម​ការគ្រប់គ្រង​របស់​អភិបាលខេត្ដ​ជា​អ្នកសម្រេច​។

លោក​ថា​៖ «​លោក​ ច័ន្ទ វុឌ្ឍីណាវុឌ្ឍ កន្លងមក​មិនទាន់​បាន​មាន​កំហុស​ដែល​មន្ទីរ​សុខាភិបាល​បានដាក់​ទណ្ឌកម្ម​ ឬ​ព្រមាន​ដោយ​ប្រការ​ណាមួយ​ទេ​។ លោក វុឌ្ឍីណាវុឌ្ឍ ​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​បានល្អ​ប្រសើរ ប៉ុន្ដែ​ពេលខ្លះ​វា​អាចជា​ការងារ​ច្រើន​ក្នុងនាម​ជា​អ្នកដឹកនាំ គឺ​យើង​មិន​ចង់ឱ្យមាន​បញ្ហា​កើតឡើង​ទេ​»​។

លោក ច័ន្ទសង្វាត បាន​ឱ្យ​ដឹងថា បញ្ហា​ខ្លះ​អាច​មិនមែន​ផ្ដើមចេញ​អំពី​លោក​ច័ន្ទ វុឌ្ឍីណាវុឌ្ឍ​ទេ ប៉ុន្ដែ​អាច​ផ្ដើមចេញពី​កូនចៅ​ក្រោម​ឱវាទ​ដែល​អាចមាន​ការធ្វេសប្រហែស​លើ​ការងារ​មួយចំនួន ដូច្នេះ​ត្រូវការ​ពិនិត្យ​លើ​លទ្ធភាព​ការងារ​នោះដែរ ហើយ​ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ​លោក​ ច័ន្ទ វុឌ្ឍីណាវុឌ្ឍ គឺ​ត្រូវតែ​ទទួលខុស​ជំនួស​កូនចៅ​។

លោក​បញ្ជាក់ថា ក្រុមការងារ​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ ដើម្បី​វិភាគ​នឹងដាក់​ស្នើ​ទៅ​លោក​អភិបាលខេត្ដ​ពិនិត្យ​ពិចារណា​។

លោក​បន្តថា​៖ «​ប៉ុន្ដែ​ជាទូទៅ​ខ្ញុំ​គិតថា​កំហុសឆ្គង​នេះ​វា​មិនជា​បញ្ហា​អ្វី​ធំដុំ​ណាស់ណា​ទេ​ ប៉ុន្ដែ​ជាធម្មតា​ក្នុងនាម​ជា​អ្នកទទួល​ខុសត្រូវ​ជា​អ្នកដឹកនាំ​ប្រធាន​មន្ទីរពេទ្យ​ត្រូវតែ​ទទួល​ខុសត្រូវ​ហើយ​ក្នុង​ការងារ​នេះ​»​។

លោក អ៊ុំ រាត្រី អភិបាលខេត្ដ​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ៧ ខែកញ្ញា មិនទាន់​ឆ្លើយតប​ចំពោះ​ករណីនេះ​ទេ​ ក្រោយពី​ឃើញ​សំណួរ​ភ្នំពេញ​ប៉ុស្ដិ៍​តាម​បណ្ដាញ​សារតេឡេក្រាម​។

កាលពី​ថ្ងៃទី​ ៤ ខែកញ្ញា លោក​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​ថា​៖ «​ថ្ងៃនេះ​ [​ទី​ ៤ ខែកញ្ញា​] ម៉ោង​ ១០ និង ៥ ​នាទី​យប់​ខ្ញុំ​បាន​បរិច្ចាគ​ឈាម​ ដើម្បី​ជួយសង្គ្រោះ លោក​ អិន លីអាន មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ​ជា​ក្រុមការងារ​អង្គរក្ស​សម្តេច​តេជោ​ដែល​បានមក​បំពេញបេសកកម្ម​នៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​ត្រូវធ្វើ​ការវះកាត់​នៅ​មន្ទីរពេទ្យ​ខេត្ត​មង្គលបូរី​ហើយ​ដែល​លោក​ប្រធាន​មន្ទីរពេទ្យ​ប្រាប់ថា ជា​គោលការណ៍​ត្រូវ​រក​អ្នក​ឱ្យ​ឈាម​ជំនួស និង​បង់ថ្លៃ​សេវា​មុន​ធ្វើការ​វះកាត់​ទោះ​អ្នកជំងឺ​ធ្ងន់​​ក៏ដោយ​»​។

លោក​បន្តថា​៖ «​តើ​ការគ្រប់គ្រង​របៀបនេះ​គួរ​ត្រូវ​សម្រេច​យ៉ាងម៉េច​ចំពោះ​អ្នកគ្រប់គ្រង​ដែល​មិន​គិតពី​ក្រមសីលធម៌ និង​មិនចេះ​ចាត់ចែង​ការងារ​ហើយ​​មិនមែន​លើក​ទី​ ១ ​ទេ គឺ​ច្រើនលើក​ហើយ​ដែល​ប្រជាពលរដ្ឋ​តែងតែ​រអ៊ូរទាំ​លើ​ការផ្តល់សេវា​របស់​មន្ទីរពេទ្យ​ដែល​លោក​ ច័ន្ទវុឌ្ឍីណាវុឌ្ឍ ជា​ប្រធាន​»​។

លោក ស៊ុម ចាន់គា មន្ដ្រី​សម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស (​អាដហុក​) ប្រចាំ​ខេត្ដ​បន្ទាយមានជ័យ​បាន​ថ្លែងថា លោក​អភិបាលខេត្ដ មិនគួរ​យក​រឿងរ៉ាវ​កំហុស​កូនចៅ​មក​បង្ហោះ​ជា​សាធារណៈ​បែបនេះ​ទេ គួរតែ​ហៅ​ទៅ​ប្រជុំ ឬ​ធ្វើការ​ណែនាំ ទើប​ជា​ការត្រឹមត្រូវ​។

លោក​បន្តថា​៖ «​នៅពេល​ខ្លះ​យើង​ឃើញ​ការលើកឡើង ការបង្ហោះ​នោះ វា​ជា​អារម្មណ៍​មនុស្ស​ម្នាក់ វា​មិនអាច​ជា​ការទូទៅ​ទេ​។ ការបង្ហោះ​សាធារណៈ​បែបនេះ គឺ​បង្ហាញ​ឱ្យគេ​ឃើញ​ពី​កំហឹង​របស់គាត់​។ ជា​គោលការណ៍ ការអនុវត្ដ​ការងារ ខុស ឬ​ត្រូវ គួរតែ​មាន​ការប្រឹក្សា​លើ​ក្រមសីលធម៌ វិជ្ជាជីវៈ​ការងារ​របស់​មន្ដ្រីរាជការ​»៕