The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋបាលខេត្ត​ទុកពេល​ឱ្យ​ពលរដ្ឋ​ ១៥ ​ថ្ងៃ រុះរើ​សំណង់​ពី​លើ​អូរ និង​ចំណី​អូរ​នៅ​ក្រុងព្រះសីហនុ




រដ្ឋបាលខេត្ត​ទុកពេល​ឱ្យ​ពលរដ្ឋ​ ១៥ ​ថ្ងៃ រុះរើ​សំណង់​ពី​លើ​អូរ និង​ចំណី​អូរ​នៅ​ក្រុងព្រះសីហនុ

Content image - Phnom Penh Post
សំណង់​នៅជាប់​ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ​ពី​ខែ​មុន​។ រូបថត រដ្ឋបាលខេត្ត

រដ្ឋបាលខេត្ត​ទុកពេល​ឱ្យ​ពលរដ្ឋ​ ១៥ ​ថ្ងៃ រុះរើ​សំណង់​ពី​លើ​អូរ និង​ចំណី​អូរ​នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​ទុកពេល​ឱ្យ​ពលរដ្ឋ​ ៣១ ​គ្រួសារ ស្មើនឹង​ ៣២ ​ខ្នង​ផ្ទះ រុះរើ​សំណង់​នានា​ដោយ​ខ្លួនឯង​​ចេញ​ពីលើ​អូរ និង​ដី​ចំណី​អូរ​ ២ ​ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​ ៦ ​កញ្ញា​តទៅ និង​បាន​ព្រមាន​ចាត់វិធានការ​រដ្ឋបាល ខណៈ​រហូត​មកទល់​ពេលនេះ​នៅ​មិនទាន់​មាន​ការអនុវត្ត​តាម​នៅឡើយ​។

តាម​សេចក្តី​ជូនដំណឹង​របស់​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ៦ កញ្ញា ឆ្នាំ​ ២០២១ ឱ្យដឹងថា កន្លងមក​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​​ចេញ​លិខិត​ជូនដំណឹង​ដល់​ពលរដ្ឋ​ឱ្យ​រុះរើ​ផ្ទះ របង និង​សំណង់​នានា ដោយ​ស្ម័គ្រចិត្ត​ចេញ​ពីលើ​អូរ និង​ដី​ចំណី​អូរ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៥ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ​ដើម្បី​ទុក​​លទ្ធភាព​ឱ្យ​ក្រុមការងារ​ចុះ​រៀបចំ​កាយ​ស្តារ​អូរប្រឡាយ​ស្របតាម​និយាម​ការដែល​បានកំណត់​។

សេចក្តី​ជូនដំណឹង​នេះ​បញ្ជាក់ថា ទន្ទឹមនេះ​រដ្ឋបាល​ក្រុង​ព្រះសីហនុ​ក៏បាន​ចុះ​ពិនិត្យ​ណែនាំ និង​ជូនដំណឹង​នេះ ជា​បន្តបន្ទាប់​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​​ឱ្យ​រុះរើ​សំណង់​នានា​ដែល​បាន​សង់​រំលោភ​លើ​អូរ និង​ដី​ចំណី​អូរ​ដោយ​ខ្លួនឯង​ផងដែរ​។ ប៉ុន្តែ​មកទល់​ពេល​នេះ រដ្ឋបាលខេត្ត​បាន​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៣១ ​គ្រួសារ ស្មើ​ ៣២ ​ខ្នង​ផ្ទះ នៅតែ​មិនទាន់​បាន​អនុវត្តតាម​ការណែនាំ និង​ការជូនដំណឹង​របស់​អាជ្ញាធរ​នៅឡើយ​ទេ​។

លោក គួច ចំរើន បានបញ្ជាក់​​ក្នុង​សេចក្តី​ជូនដំណឹង​នោះ​ថា​៖ «​រដ្ឋបាលខេត្ត​ព្រះសីហនុ​សូមបញ្ជាក់​ជាថ្មី​ម្ដងទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​ ដែល​កំពុងស្នាក់នៅ​ទីតាំង​ខាងលើនេះ​ត្រូវ​រុះរើ​សំណង់​នានា​ដោយ​ខ្លួនឯង​ចេញ​ពីលើ​អូរ និង​ដី​ចំណី​អូរ​២​ក្នុង​រយៈពេល​ ១៥ (​ដប់​ប្រាំ​) ​ថ្ងៃ​គិត​ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ​។ ​ក្នុងករណី​បងប្អូន​មិន​ព្រម​រុះរើ​ចេញ​ដោយ​ស្ម័គ្រចិត្ត ក្រុមការងារ​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​​ការខូចខាត ឬ​បាត់បង់​សម្ភារ​នានា​របស់​បងប្អូន​ឡើយ​»​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៧ ខែកញ្ញា ថា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណកា និង​ដឹកជញ្ជូន​បានផ្តល់​ថវិកា​ស្តារ​អូរប្រឡាយ​នៅក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ​មាន​ប្រវែង ២៥ ៩៦៧ ​ម៉ែត្រ ដែល​បាន​សម្ពោធ​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី​ ៩ ខែធ្នូ ឆ្នាំ​ ២០១៩​។

លោក​បន្តថា ក្នុង​ការស្តារ​នេះ​តម្រូវឱ្យ​ក្រុមការងារ​ចុះ​ចុច​រក​និយាមការ​អូរប្រឡាយ​តាម​ប្លង់​ប្រព័ន្ធ និង​បានធ្វើ​អត្តសញ្ញាណ​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​នៅលើ​អូរប្រឡាយ និង​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដល់​គម្រោង​ស្តារ​អូរប្រឡាយ ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ​។

លោក​បាន​បន្តថា ជា​លទ្ធផល ក្រុមការងារ​ធ្វើ​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​សរុប​ចំនួន ៧៣៤ គ្រួសារ​ក្នុង​នោះ​ពលរដ្ឋ​មាន​សំណង់​ប៉ះពាល់​ទាំងស្រុង​ចំនួន​ ២២៤ ​គ្រួសារ និង​ប៉ះពាល់​សំណង់​​ដោយ​ផ្នែក​ ៥១០ ​គ្រួសារ​។

លោក​បាន​ថ្លែងថា​៖ «​ក្រុម​ការងារ​រដ្ឋបាល​ក្រុងព្រះសីហនុ​​បាន​ចុះ​រុះរើ​ផ្ទះ​ដែល​រង​ផលប៉ះពាល់​ដល់​គម្រោង​ស្តារ​អូរប្រឡាយ ក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ​សរុប​ចំនួន​ ៤៦៤ ​ផ្ទះ​នៃ​ចំនួន​ផ្ទះ​ដែល​ប៉ះពាល់​ដល់​គម្រោង​ស្តារ​អូរឡាយ​សរុប ៥៤៧ ​ផ្ទះ​។ ​ប៉ុន្តែ​ពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​មិនទាន់​រុះរើ​ទើប​ខេត្ត​ចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​រើ​ដោយ​ទុក​រយៈពេល​ ១៥ ​ថ្ងៃ​»​។

លោកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (ADHOC) ​ប្រចាំខេត្ត​​ព្រះសីហនុ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ខែកញ្ញា​ថា នេះ​​មិនមែន​ជា​លើក​ទី​ ១ ​ទេ ដែល​អាជ្ញាធរខេត្ត​បានចេញ​សេចក្តី​ជូនដំណឹង​ដល់​ពលរដ្ឋ​ឱ្យ​រុះរើ​សំណង់​នានា​ដោយ​ខ្លួនឯង​ចេញ​ពី​លើ​អូរ និង​ដី​ចំណី​អូរ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត-ក្រុង​ព្រះសីហនុ និង​ចាំបាច់​ជាទីបំផុត​ដែល​ពលរដ្ឋ​ត្រូវតែ​រុះ​រើចេញ​ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ​។ បើ​មិន​ដូច្នោះ​វា​នឹង​លិចលង់​ ដោយសារ​ទឹកភ្លៀង​បន្តទៀត​។

ទោះជា​យ៉ាងណា លោកស្រី​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរខេត្ត​គួរតែ​គិតគូរ​ដោះស្រាយ​ជា​គោលនយោបាយ​សមស្រប​ណាមួយ​ជូន​ដល់​ពួកគាត់​ ដើម្បី​​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​ក្នុង​​ការបំផ្លាស់ទី​ទៅ​រស់នៅ​ទីតាំង​ផ្សេង ព្រោះ​បើ​ធ្វើបែបនេះ​ក៏​ជា​ការទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​ខេត្ត​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​ពលរដ្ឋ​ទាំងនេះ​បាន​ទៅ​បោះទីតាំង​នៅលើ​ដី​ចំណី​ប្រឡាយ​អូរ និង​នៅលើ​អូរ​នេះ​តាំងពី​យូរយារ​​ណាស់​មកហើយ ។ រីឯ​សំណង់​របស់​ពួកគាត់​មិនមែន​ជា​ខ្ទម​ទេ គឺជា​ផ្ទះ​រឹងមាំ ដូច្នេះ​អាជ្ញាធរ​គួរតែ​គិតគូរ​ដែរ​»​។

លោក ស្រី ថ្លែង​ថា​លោកស្រី​នឹង​ចុះទៅ​ពិនិត្យមើល និង​តាមដាន​រាល់​ការអនុវត្ត​របស់​អាជ្ញាធរ​ទៅលើ​ពលរដ្ឋ​ទាំងនេះ រហូត​ដល់​ថ្ងៃ​ឱសានវាទ និង​ជួយ​រំលែក​ការលំបាក​របស់​ពលរដ្ឋ​ក្នុង​ការរុះរើ​សំណង់​ចេញ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍